* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ

16-11-2026 17:00

(សៀមរាប)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលសម្តែងនូវព្រះរាជហឫទ័យដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រុមអ្នកជំនាញជាតិ និងអន្តរជាតិទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចអស់រយៈពេល ១៤ឆ្នាំ រហូតធ្វើឱ្យទីសក្ការៈបូជាដ៏ចំណាស់មួយនេះ វិលត្រឡប់មករកភាពថ្លៃថ្នូរដើម និងមានភាពអស្ចារ្យឡើងវិញ។

ព្រះរាជបន្ទូលថ្លែងអំណរគុណរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលព្រះអង្គយាងរួមជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវ ប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) ធ្វើជាព្រះរាជាធិបតី និងអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនៃគម្រោងស្តារប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប នារសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

មានព្រះរាជបន្ទូលទៅកាន់អង្គពិធី ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់ពីការដឹងគុណចំពោះភាគីបារាំងយ៉ាងដូច្នេះថា៖ «ព្រះរាជាណាចក្រកម្ពុជាមានអារម្មណ៍ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសបារាំង ហើយជាពិសេសចំពោះស្ថាប័នវិទ្យាសាស្ត្រដែលមានអាយុកាលជាងមួយសតវត្សរ៍គឺសាលាបារាំងចុងបូព៌ា ដែលត្រូវបានគាំទ្រក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយក្រសួងអឺរ៉ុប និងកិច្ចការបរទេស» ។

ទន្ទឹមនឹងនេះ ព្រះអង្គក៏បានសម្តែងនូវព្រះរាជហឫទ័យដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាផងដែរ ដោយព្រះអង្គមានព្រះរាជបន្ទូលថា៖ «សូមអនុញ្ញាតឱ្យខ្ញុំបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ក៏ដូចជាស្ត្រី និងបុរសទាំងអស់ដែលបានចូលរួមក្នុងគម្រោងនេះ» ។

ព្រះករុណា ព្រះមហាក្សត្រ បានរំលេចថា គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា ស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ និងសាលាបារាំងចុងបូព៌ា បានប្រើប្រាស់រយៈពេល ១៤ឆ្នាំ នៃការងារ ការស្រាវជ្រាវ និងការអត់ធ្មត់ ដើម្បីធ្វើឱ្យសំណង់ស្ថាបត្យកម្មសតវត្សរ៍ទី១១ នៅចំកណ្តាលបារាយណ៍ខាងលិចមួយនេះ រស់ឡើងវិញម្តងមួយដុំៗ ព្រមទាំងជាស្នាដៃនៃការផ្ទេរចំណេះដឹងបុរាណវិទ្យាដល់ជាងចម្លាក់ថ្មខ្មែរផងដែរ។

ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បានប្រសិទ្ធពរជ័យដល់ប្រធានាធិបតីបារាំង និងភរិយា ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា សាលាបារាំងចុងបូព៌ា អង្គការយូណេស្កូ (UNESCO) និងសហប្រធាននៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលអង្គរ/សម្បូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) គឺប្រទេសបារាំង និងជប៉ុន ដែលបានរួមចំណែកថែរក្សាបេតិកភណ្ឌដ៏ថ្លៃថ្លារបស់មនុស្សជាតិ។

ប្រាសាទមេបុណ្យខាងលិច គឺជាទីសក្ការៈបូជាដ៏ចំណាស់មួយដែលត្រូវបានកសាងឡើងនៅ សតវត្សរ៍ទី១១ នៅចំកណ្តាលបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ដែលជាសំណង់ស្ថាបត្យកម្មសាសនា និងប្រព័ន្ធធារាសាស្ត្រដ៏មហិមា ឆ្លុះបញ្ចាំងពីទេពកោសល្យរបស់បុព្វបុរសខ្មែរក្នុងការរៀបចំធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ នៅក្នុងឆ្នាំ១៩៣៦ អ្នកបុរាណវិទូបានរកឃើញរូបចម្លាក់ខ្មែរដ៏ធំបំផុតមួយនៅក្នុងប្រាសាទនេះ គឺ រូបសំណាកសំរឹទ្ធិរបស់ព្រះវិស្ណុផ្ទំ ដែលត្រូវបានយកទៅជួសជុលនៅប្រទេសបារាំង និងដាក់តាំងបង្ហាញនៅសារមន្ទីរ Guimet ទីក្រុងប៉ារីស ដើម្បីត្រៀមដាក់តាំងនៅសារមន្ទីរធំៗបំផុតរបស់ពិភពលោក ឱ្យមហាជនទូទាំងពិភពលោកបានស្វែងយល់ពីអរិយធម៌ខ្មែរ។ ដោយឡែក សម្រាប់គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ដែលបានបញ្ចប់ជាស្ថាពរនៅខែតុលា ឆ្នាំ២០២៦ នេះ បានចំណាយថវិកាសរុបអស់ចំនួន ១២លានដុល្លារអាម៉េរិក (ក្នុងនោះបារាំង ៧លានដុល្លារ និងអាជ្ញាធរជាតិអប្សរា ៥លានដុល្លារ) និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាជាផ្លូវការចាប់ពីខែវិច្ឆិកានេះតទៅ៕