មន្ត្រីជាន់ខ្ពស់ ណែនាំដល់សមាគមសល្យសាស្ត្រកម្ពុជា គ្រឹះស្ថានសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធទាំងអស់ សហការគ្នាពង្រឹងសេវាកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពជូនពលរដ្ឋ
16-11-2026 18:46
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសល្យសាស្ត្រ សម្ភព និងសណ្ដំ បានជំរុញណែនាំដល់សមាគមសល្យសាស្ត្រកម្ពុជា គណៈកម្មការសល្យសាស្ត្រ សម្ភព និងសណ្ដំជាតិ ព្រមទាំងគ្រឹះស្ថានសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការគ្នា លើកកម្ពស់ការបណ្ដុះបណ្ដាល ការស្រាវជ្រាវ និងការអនុវត្តស្តង់ដារបច្ចេកទេស ដើម្បីឱ្យសេវាសល្យសាស្ត្រ សម្ភព និងសណ្ដំរបស់កម្ពុជាកាន់តែមានគុណភាព សុវត្ថិភាព និងមានប្រសិទ្ធភាព។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឱកាសតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសន្និសីទសល្យសាស្ត្រកម្ពុជា ប្រចាំឆ្នាំ លើកទី៣១ ក្រោមប្រធានបទ «នវានុវត្តន៍ការវះកាត់ ដើម្បីសុវត្ថិភាពអ្នកជំងឺ» ដែលមានអ្នកជំនាញជាតិ និងអន្តរជាតិមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងសិង្ហបុរី និងមានការចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតកម្ពុជាច្រើនរូបទៀត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា «គ្រូពេទ្យត្រូវចាត់ទុកអាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺជាគោលការណ៍អាទិភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនបង្កគ្រោះថ្នាក់ ផ្ដល់ប្រយោជន៍ គោរពសិទ្ធិអ្នកជំងឺ និងការប្រាស្រ័យទាក់ទងដោយការគោរព និងមេត្តាធម៌។ ដើម្បីសម្រេចបាននូវគោលនេះ សូមលើកទឹកចិត្តសមាគមសល្យសាស្ត្រកម្ពុជា គណៈកម្មការសល្យសាស្ត្រ សម្ភព និងសណ្ដំជាតិ ព្រមទាំងគ្រឹះស្ថានសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធទាំងអស់ បន្តពង្រឹងសេវាកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ»។
ក្នុងទិសដៅនេះលោកសាស្ត្រាចារ្យក៏បានផ្ដល់អនុសាសន៍ណែនាំជាអាទិភាពមួយចំនួនដល់អង្គសន្និសីទផងដែរ។ ពិសេសបានគូសរំលឹកថា «សុវត្ថិភាពអ្នកជំងឺពិតប្រាកដ គឺអាស្រ័យលើគ្រូពេទ្យដែលមានគុណវុឌ្ឍិត្រឹមត្រូវ មានសមត្ថភាពវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ គោរពក្រមសីលធម៌ និងមានការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ»។ ដូច្នេះការអភិវឌ្ឍសេវាសល្យសាស្ត្រ សម្ភព និងសណ្ដំ មិនមែនគ្រាន់តែជាការបង្កើនចំនួននៃការវះកាត់ ឬការបំពាក់បច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែត្រូវជាការកែលម្អប្រកបដោយប្រព័ន្ធនូវគុណភាពសេវា សមត្ថភាពធនធានមនុស្ស ស្តង់ដារបច្ចេកទេស និងសុវត្ថិភាពអ្នកជំងឺ។
មុននឹងបញ្ចប់លោកសាស្ត្រាចារ្យ ឡឹម តារា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នូវការនឹករលឹក ការសួរសុខទុក្ខ និងការកោតសរសើរចំពោះបងប្អូនគ្រូពេទ្យវះកាត់ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍ ដើម្បីបម្រើការថែទាំសុខភាពប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់គុណភាពវិស័យសុខាភិបាលកម្ពុជា៕























