សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីកាណាដា អញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈចំនួន២ និងប្រកាសចាប់ផ្តើមពិភាក្សាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន២ទៀត
16-11-2026 19:01
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី នាល្ងាចថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ម៉ាក ជូសេហ្វ ខានី (Mark Joseph Carney) នាយករដ្ឋមន្ត្រីកាណាដា បានអញ្ជើញចូលរួមជាអធិបតីរួមគ្នានៅក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាចំនួន ២ រវាងប្រទេសទាំងពីរ ព្រមទាំងប្រកាសអំពីការចាប់ផ្តើមពិភាក្សាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងវិនិយោគដ៏មានសារៈសំខាន់ចំនួន ២ បន្ថែមទៀត។
អនុស្សរណៈនៃការយោគយល់គ្នាទាំង ២ ដែលត្រូវបានផ្លាស់ប្តូរក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ រួមមាន៖
* ១- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាង កម្ពុជា-កាណាដា។
* ២- អនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ រវាងមជ្ឈមណ្ឌលវិភាគប្រតិបត្តិការ និងរបាយការណ៍ហិរញ្ញវត្ថុនៃប្រទេសកាណាដា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
ទន្ទឹមនឹងពិធីផ្លាស់ប្តូរអនុស្សរណៈខាងលើ កម្ពុជា និងកាណាដា ក៏បានប្រកាសជាផ្លូវការអំពីការចាប់ផ្តើមពិភាក្សាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រចំនួន ២ទៀត រួមមាន៖
* ១- កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគបរទេសរវាងកម្ពុជា និងកាណាដា។
* ២- កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា និងកាណាដា។
សមិទ្ធផលនៃការផ្លាស់ប្តូរអនុស្សរណៈ និងការបើកផ្លូវឆ្ពោះទៅរកការចរចាកិច្ចព្រមព្រៀងទាំងពីរនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសក្នុងការបង្កើតបរិយាកាសអំណោយផលដល់ធុរកិច្ច ការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការលើកកម្ពស់តម្លាភាព និងសុវត្ថិភាពក្នុងវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។
សូមជម្រាបជូនថា លោក ម៉ាក ជូសេហ្វ ខានី នាយករដ្ឋមន្ត្រីកាណាដា បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបពិភាក្សាទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាអំពីមធ្យោបាយពង្រឹងចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ជាពិសេសការជំរុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសកម្ពុជា និងកាណាដា ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកាណាដា និងសមិទ្ធផលនៃការផ្លាស់ប្តូរអនុស្សរណៈ រួមទាំងការបើកផ្លូវឆ្ពោះទៅរកការចរចាកិច្ចព្រមព្រៀងទាំងពីរនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងការទូតកម្ពុជា-កាណាដា ដោយបានគូសបញ្ជាក់ពីចំណងមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាផ្តល់កម្លាំងរុញច្រានថ្មីមួយបន្ថែមទៀត ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ធុរកិច្ច ការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការលើកកម្ពស់តម្លាភាព និងសុវត្ថិភាពក្នុងវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ៕




