លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន ជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន
16-11-2026 21:26
(ភ្នំពេញ)៖ សេចក្តីប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន ជំនួបប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន ជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ប្រមុខដឹកនាំអាស៊ានបានពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន ក្រោមមូលបទនៃភាពជាប្រធានអាស៊ានរបស់ហ្វីលីពីន «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ព្រមទាំងពីទំនាក់ទំនងដៃគូខាងក្រៅ និងទិសដៅអនាគតរបស់អាស៊ាន ស្របពេលដែលបរិបទតំបន់ និងសកលលោកកាន់តែមានភាពស្មុគស្មាញ។
ប្រមុខដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាបរិយាកាសក្នុងតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព បរិយាបន្ន និងភាពអាចព្យាករណ៍បាន ដោយគោរពអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ប្រមុខដឹកនាំក៏បានសម្រេចថា ទីម័រឡេស្តេនឹងទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២៩ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់អាស៊ានចំពោះការត្រៀមលក្ខណៈរបស់ទីម័រឡេស្តេ សម្រាប់ការទទួលខុសត្រូវដ៏សំខាន់នេះ។
ប្រមុខដឹកនាំបានស្វាគមន៍ការចុះហត្ថលេខាថ្មីៗនេះលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលនឹងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលឆ្លងកាត់ព្រំដែន ការចូលទៅកាន់ទីផ្សារថ្មីៗ និងទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជាបញ្ញាសិប្បនិម្មិត ទន្ទឹមនឹងការទាញយកសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល និងការពង្រឹងសមត្ថភាពប្រកួតប្រជែងតំបន់។
ប្រមុខដឹកនាំក៏បានពិភាក្សាអំពីការពង្រឹងសន្តិសុខថាមពលតាមរយៈកិច្ចព្រមព្រៀងសន្តិសុខប្រេងកាតអាស៊ាន និងបណ្តាញថាមពលអាស៊ាន និងការពង្រីកបណ្តាញភាពជាដៃគូរបស់អាស៊ាន ដើម្បីថែរក្សាតំបន់ឱ្យបើកចំហ និងតភ្ជាប់។
ក្នុងឱកាសនេះ ប្រមុខដឹកនាំក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីបង្ហាញជាផ្លូវការនូវទង់ និងនិមិត្តសញ្ញាថ្មីរបស់អាស៊ានផងដែរ ដែលឥឡូវនេះមានរូបកួរស្រូវចំនួន១១ដើម តំណាងឱ្យប្រទេសទីម័រឡេស្តេផងដែរ។
ក្នុងបទអន្តរាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ច ជាពិសេសលើវិស័យពាណិជ្ជកម្មឌីជីថល ការវិនិយោគ និងនវានុវត្តន៍ ព្រមទាំងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការកែលម្អការទូទាត់ឌីជីថលឆ្លងដែន និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ពាក់ព័ន្ធនឹងការតភ្ជាប់អាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អប្រព័ន្ធឡូជីស្ទីក ការជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងប្រកបដោយចីរភាព ការពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមានការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកុម្ភៈ ឆ្នាំ២០២៥ ការអនុម័តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្ក្រាបប្រតិបត្តិការឆបោកនៅទូទាំងប្រទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាបានលុបបំបាត់ប្រតិបត្តិការឆបោកធំៗទាំងអស់ និងចាត់វិធានការផ្លូវច្បាប់លើជនល្មើសរាប់រយនាក់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះភាគីសហការរៀបចំ និងអ្នកចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានរៀបចំនៅរាជធានីភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ២០២៦ ដែលបានឈានទៅដល់ការអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញ។
លើកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាស៊ានគួរបន្តធ្វើការដោយបើកចំហ និងប្រកបដោយស្មារតីស្ថាបនាជាមួយដៃគូទាំងអស់ ដោយផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
ខណៈដែលអាស៊ាន និងសហរដ្ឋអាម៉េរិកនឹងប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក និងខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៧ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក និងសិង្ហបុរី ក្នុងនាមជាប្រធានអាស៊ានបន្ទាប់ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗទាំងនេះ។
ប្រមុខដឹកនាំអាស៊ានក៏បានធ្វើការពិនិត្យឡើងវិញលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់អាស៊ានស្តីពីមីយ៉ាន់ម៉ា ព្រមទាំងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម រួមមានសន្តិសុខ និងភាពធន់ផ្នែកថាមពល។
នៅក្នុងជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) លើកទី១៥ កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអាស៊ាន និងអន្តរសភាអាស៊ាន (អាយប៉ា) ក្នុងការដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងធានាថា អាយប៉ាអាចចូលរួមចំណែកប្រកបដោយអត្ថន័យសម្រាប់តំបន់។
នៅក្នុងបទអន្តរាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលេចឡើងនូវអាទិភាពចំនួនបី៖
១. ការរក្សាសន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ តាមរយៈការទូត កិច្ចសន្ទនា និងការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ការលើកកម្ពស់សមភាពយេនឌ័រ ការការពារពលករទេសន្តរប្រវេសន៍ និងការគាំពារប្រជាជនវ័យចំណាស់។
២. ការពង្រឹងភាពធន់នៃតំបន់ តាមរយៈការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើសន្តិសុខស្បៀង និងថាមពល សុខភាពសាធារណៈ និងបរិយាបន្នឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ពលរដ្ឋខ្មែរដែលភៀសសឹកប្រមាណ ២០,០០០ នាក់ ត្រូវតែទទួលបានការអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញ ដោយគ្មានការរារាំង ព្រមទាំងមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងមិនមានការពន្យារពេលតទៅទៀត។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញឱ្យបានឆាប់នូវការងារវាស់វែង និងបោះខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សម្រាប់តួនាទីដ៏សំខាន់មិនអាចខ្វះបាន និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងការផ្តល់អនុសាសន៍ជាក់ស្តែង ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗមួយចំនួន រួមមានការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ការធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចអាស៊ានកាន់តែផ្តល់ផលប្រយោជន៍ប្រសើរជាងមុនដល់ធុរកិច្ច ការពន្លឿនបរិវត្តកម្មឌីជីថល និងការទទួលយកបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ ការពង្រឹងសន្តិសុខស្បៀង និងថាមពលតាមរយៈការវិនិយោគពីវិស័យឯកជន ព្រមទាំងការធ្វើពិពិធកម្មប្រភពកំណើនសេដ្ឋកិច្ចផ្សេងៗ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ាន។
នៅក្នុងជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះតំណាងយុវជនអាស៊ាន ដែលបានចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន និងបានគូសបញ្ជាក់ថា យុវជនគឺជាដៃគូដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពបច្ចុប្បន្នរបស់អាស៊ាន និងការកសាងអនាគតរបស់អាស៊ាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីអាទិភាពចំនួនបី៖ ការពង្រឹងការចូលរួមរបស់យុវជនក្នុងការកសាងសន្តិភាព ក្រោមរបៀបវារៈយុវជន សន្តិភាព និងសន្តិសុខ ការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចដែលផ្តល់ជំនាញ ការណែនាំ ឱកាសការងារសមរម្យ និងការបង្កើតអាជីវកម្មថ្មីដឹកនាំដោយយុវជន និងការធានាថា គ្មានយុវជនណាម្នាក់ត្រូវបានទុកចោលក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល រួមទាំងតាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ៕












