អភិបាលខេត្តពោធិ៍សាត់ បើកការដ្ឋានស្ថាបនា ផ្លូវកៅស៊ូ DBST លើកំណាត់ផ្លូវលេខ ១៥២H ប្រវែង៤,៤៥០ម៉ែត្រ ដើម្បីការពារទឹកជំនន់ លើកកម្ពស់សោភណភាពក្រុង និងជីវភាពសេដ្ឋកិច្ចមូលដ្ឋាន (Video inside)
17-11-2026 14:45
(ពោធិ៍សាត់)៖ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ជាមួយប្រជាពលរដ្ឋដែលប៉ះពាល់គម្រោង ព្រមទាំងចុះពិនិត្យទីតាំងដោយផ្ទាល់ និងអញ្ជើញបើកការដ្ឋានស្ថាបនាលើកកម្រិតបច្ចេកទេសផ្លូវកៅស៊ូ DBSTថ្មី និងជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥២H ត្រើយខាងកើតស្ទឹង ស្ថិតក្នុងសង្កាត់ព្រៃញី សង្កាត់បន្ទាយដី និងឃុំអន្លង់វិល នៃខេត្តពោធិ៍សាត់។
បើតាម លោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គម្រោងស្ថាបនា និងជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥២Hនេះ មានប្រវែងសរុប ៤,៤៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃញី និងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ព្រមទាំងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយត្រូវបានបែងចែកជាជំហានៗច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាពការងារ៖
*ជំហានទីមួយ៖ ស្ថាបនា ចាប់ពីចំណុចស្ពានថ្ម ផ្លូវជាតិលេខ៥ចាស់ ដល់ក្បាលហុង (ប្រវែង១,៥២៥ម៉ែត្រ)។
*ជំហានបន្ទាប់៖ ស្ថាបនាបន្ត ពីក្បាលហុង ដល់ស្ពានវត្តពោធិ៍។
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមអំពីលក្ខណៈបច្ចេកទេសស្ថាបនាថា ផ្លូវនេះនឹងត្រូវក្រាលដោយកៅស៊ូប្រភេទ DBST ដែលមានភាពធន់នឹងការប្រើប្រាស់ខ្ពស់ ព្រមទាំងមានការបំពាក់បរិក្ខារផ្លូវថ្នល់ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពរលូន ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ។
ក្នុងកិច្ចសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលរស់នៅអមសងខាងផ្លូវ លោក ខូយ រីដា អភិបាលខេត្ត បានស្នើសុំការយោគយល់ និងការចូលរួមបរិច្ចាគការខាតបង់ ឬរុះរើសំណង់ប៉ះពាល់នានា ដូចជា៖ សំយាបផ្ទះ តូបលក់ដូរ របង និងសម្ភារៈផ្សេងៗ ដើម្បីបើកផ្លូវឱ្យក្រុមការងារបច្ចេកទេស អាចអនុវត្តការដ្ឋានបានដោយរលូន និងលើកកម្ពស់សោភណភាពខេត្តរួមគ្នា។
ជាការឆ្លើយតប និងដើម្បីសម្រាលបន្ទុកក៏ដូចជាការលំបាករបស់បងប្អូន ក្នុងនាមរដ្ឋបាលខេត្ត លោកបានចាត់ឱ្យរដ្ឋបាលក្រុង ត្រូវរកកម្លាំងក្រុមជាងជំនាញ ដើម្បីចុះជួយសម្របសម្រួល និងកាត់តម្រឹមរុះរើសំណង់ប៉ះពាល់ ជូនដល់បងប្អូន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការយ៉ាងជិតស្និទ្ធ។
លោកសង្ឃឹមយ៉ាងមុតមាំថា ស្មារតីម្ចាស់ការ ការយោគយល់ និងការចូលរួមបរិច្ចាគ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការធ្វើឱ្យខេត្តរបស់យើងប្រែមុខប្រែមាត់ កាន់តែមានសោភណភាព បរិស្ថានស្អាត និងមានភាពរីកចម្រើនថ្មីថែមទៀត ដើម្បីផលប្រយោជន៍ និងសុខុមាលភាពសាធារណៈទាំងអស់គ្នា។
គួរជម្រាបជូនថា ទន្ទឹមនឹងការអភិវឌ្ឍទាំងនេះ គម្រោងរៀបចំសួនច្បារ និងច្រាំងស្ទឹងបេតុង ក្នុងក្រុងពោធិ៍សាត់ ប្រវែងប្រមាណ៤គីឡូម៉ែត្រ ក៏ត្រូវបាន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ស្នើសុំគោលការណ៍សម្រេច ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ។ នេះជាចក្ខុវិស័យបន្ថែមថ្មីមួយ ដែលលោករដ្ឋមន្ត្រី ចង់កែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុំឱ្យគ្រាន់តែធ្វើដំណើរទៅហួសមកហួស ពោលគឺឱ្យមានកន្លែងលម្ហែកាយ កម្សាន្ត និងហាត់ប្រាណប្រកបដោយផាសុកភាព។ ព្រមជាមួយគ្នានេះ គម្រោងនេះនឹងផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ អាចប្រកបអាជីវកម្មលក់ដូរ ចាប់ពីពេលថ្ងៃរហូតដល់កណ្តាលអធ្រាត្រ ក្រោមបរិយាកាសសុវត្ថិភាព គ្មានការភ័យខ្លាច ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលបន្ថែម ព្រមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមសមិទ្ធផលធំៗជាច្រើនទៀត ដែលខេត្តសម្រេចបាន និងកំពុងបន្តអនុវត្តយ៉ាងផុសផុល៕




















































