សមត្ថកិច្ចចុះអប់រំណែនាំក្រុមហ៊ុន អិល ប៊ី អូតូ ឯ.ក (LB Auto) និងក្រុមហ៊ុន ក្រោន រ៉ូដ អូតូ ឯ.ក (CR Auto Cambodia) ពាក់ព័ន្ធនឹងសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក លើម៉ាក «CHANGAN» និងម៉ាក «DEEPAL»
17-11-2026 17:51
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះធ្វើការអប់រំ និងណែនាំទីតាំងលក់រថយន្តមួយចំនួន ដែលបានកំពុងផ្សព្វផ្សាយ ប្រកាសលក់នាំចូលផលិតផលរថយន្តម៉ាក «CHANGAN» និងម៉ាក «DEEPAL» ថ្មី រួមនឹងម៉ាកដទៃទៀតដែលសង្ស័យថាបានកំពុងតែរំលោភសិទ្ធិ និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA CAMBODIA PLC)។
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះទៅត្រួតពិនិត្យហាងលក់រថយន្តចំនួន ២កន្លែងរួមមាន៖
ទី១៖ ក្រុមហ៊ុនលក់រថយន្តយីហោ អិល ប៊ី អូតូ ឯ.ក (LB Auto) ស្ថិតនៅផ្លូវលេខ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទី២៖ ក្រុមហ៊ុនលក់រថយន្តយីហោ ក្រោន រ៉ូដ អូតូ ឯ.ក. (CR Auto Cambodia) ស្ថិតនៅផ្លូវ ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានធ្វើការអប់រំ និងណែនាំយ៉ាងច្បាស់លាស់ដល់ម្ចាស់ទីតាំងឱ្យបានយល់ដឹងពីផ្លូវច្បាប់លើសិទ្ធិដែលក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA CAMBODIA PLC) បានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក CHANGAN និងម៉ាក DEEPAL ថ្មី រួមនឹងម៉ាកដទៃទៀត យកមកលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា ដូចនេះចាប់ពីពេលនេះតទៅ ម្ចាស់ទីតាំងទាំងពីរកន្លែងដាច់ខាតមិនត្រូវបន្តធ្វើការនាំចូលរថយន្តម៉ាក CHANGAN និងម៉ាក DEEPAL ថ្មី រួមនឹងម៉ាកដទៃទៀត ដែលក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA CAMBODIA PLC) មានសិទ្ធិផ្តាច់មុខនោះទេ បើពុំនោះទេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ រួមទាំងសងសំណងខូចខាតយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA CAMBODIA PLC)។
នេះជាសាររំលឹកដល់ម្ចាស់ទីតាំងលក់រថយន្តដទៃផ្សេងទៀត មិនត្រូវធ្វើការនាំចូល ផ្សព្វផ្សាយ ដាក់តាំងលក់ ឬប្រកាសលក់នូវរថយន្តដែលរំលោភបំពានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខឡើយ ហើយទន្ទឹមគ្នានេះសមត្ថកិច្ចនឹងបន្តចុះត្រួតពិនិត្យលើទីតាំងផ្សេងៗបន្ថែមទៀត ប្រសិនបើមានករណីសង្ស័យណាមួយលើទីតាំងផ្សេងៗ ដែលនាំចូលរថយន្តម៉ាក CHANGAN និងម៉ាក DEEPAL ថ្មី រួមទាំងម៉ាកដទៃទៀត ដូចជាម៉ាក Ford ម៉ាក Jeep ម៉ាក RAM ម៉ាក Peugeot និងម៉ាក Mercedez-Benz ដែលកំពុងតែរំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA CAMBODIA PLC)៕












