លោកសាស្រ្តាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុន ដែលរួមចំណែកជួយជុសជុលប្រាសាទខ្មែរ បានទទួលមរណភាព, ពលរដ្ឋខ្មែរសូមសម្តែងការសោកស្តាយ និងរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ
17-11-2026 19:27
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស និងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា បានទទួលមរណភាពកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៩ឆ្នាំ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញសេចក្តីសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់លោកសាស្រ្តាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសាររបស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា ក្នុងពេលវេលាដ៏សោកសៅនេះ។
យោងតាមស្ថានទូតជប៉ុន បានបញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំមកនេះ លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា បានដឹកនាំបេសកកម្មសូហ្វីយ៉ា ដោយបានរួមចំណែកយ៉ាងធំធេងក្នុងការអភិរក្ស និងជួសជុលប្រាសាទបុរាណនៅតំបន់អង្គរ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក។ ជាពិសេសក្រោមទស្សនវិជ្ជាដឹកនាំរបស់លោកគឺ «ដោយប្រជាជនកម្ពុជា ដើម្បីប្រជាជនកម្ពុជា» លោកបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលអ្នកជំនាញកម្ពុជា។
លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា (Yoshiaki Ishizawa) បានលះបង់ពេលវេលាជាង៥០ឆ្នាំ ដើម្បីស្រាវជ្រាវ ជួសជុល និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកអភិរក្សប្រាសាទបុរាណនៅកម្ពុជា ចាប់តាំងពីក្រោយសម័យសង្គ្រាមស៊ីវិលមកម្ល៉េះ។ លោកបានដឹកនាំបេសកកម្មអន្តរជាតិរបស់សាកលវិទ្យាល័យសូហ្វីយ៉ា (Sophia Mission) ក្រោមទស្សនៈស្នូលថា «ការការពារ និងជួសជុលប្រាសាទនៅកម្ពុជា ត្រូវធ្វើឡើងដោយប្រជាជនកម្ពុជា ដើម្បីប្រជាជនកម្ពុជា»។
មរតកស្នាដៃរបស់លោក មានដូចជាការជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត, ការអភិរក្ស និងកំណាយនៅប្រាសាទបន្ទាយក្តី និងការជួយចុះបញ្ជីអង្គរជាបេតិកភណ្ឌពិភពលោក។
លោកសាស្ត្រាចារ្យ ក៏បានរួមចំណែកការស្តារធនធានអ្នកអភិរក្សប្រាសាទឡើងវិញ។ ពេលលោកចុះមកកម្ពុជានៅឆ្នាំ១៩៨០ អ្នកជំនាញអភិរក្សអង្គរជនជាតិខ្មែរមាននៅរស់រានមានជីវិតតែ ៣នាក់ប៉ុណ្ណោះ ក្នុងចំណោម៤០នាក់មុនសម័យខ្មែរក្រហម។ លោកបានផ្តួចផ្តើមកម្មវិធីបណ្តុះបណ្តាលនិស្សិត និងមន្ត្រីជំនាញខ្មែរតាំងពីឆ្នាំ១៩៩១ ទាំងការរៀនទ្រឹស្តី និងការចុះអនុវត្តផ្ទាល់នៅការដ្ឋានប្រាសាទបន្ទាយក្តី និងអង្គរវត្ត។
ដើម្បីគាំទ្រដល់ការអភិរក្សាប្រាសាទ នៅឆ្នាំ១៩៩៦ លោកសាស្ត្រាចារ្យ បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានមនុស្សសូហ្វីយ៉ាអាស៊ី (Sophia Asia Center for Research and Human Development) នៅខេត្តសៀមរាប ដើម្បីធ្វើជាមូលដ្ឋានបណ្តុះបណ្តាលអ្នកជំនាញអភិរក្សក្នុងស្រុក។
ចាប់ពីឆ្នាំ១៩៩៧ មក លោកបាននាំនិស្សិតកម្ពុជាទៅបន្តការសិក្សានៅសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ សិស្សរបស់លោកជាច្រើនរូបបានបញ្ចប់ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ហើយបច្ចុប្បន្នបានក្លាយជាថ្នាក់ដឹកនាំ និងអ្នកជំនាញស្នូលនៅអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ពាក់ព័ន្ធការសិក្សាសិលាចារឹកខ្មែរបុរាណវិញ ក្នុងនាមជាប្រវត្តិវិទូ និងអ្នកជំនាញសិលាចារឹក លោកសាស្ត្រាចារ្យ បានចងក្រង និងបោះពុម្ពសៀវភៅស្រាវជ្រាវសំខាន់ៗជាច្រើនអំពីប្រវត្តិសាស្ត្រសម័យអង្គរ សិលាចារឹកខ្មែរ និងវប្បធម៌ប្រពៃណីកម្ពុជា ដើម្បីទុកជាឯកសារសម្រាប់មនុស្សជំនាន់ក្រោយ។
ដោយមានស្នាដៃដ៏វិសេសវិសាលទាំងនេះ លោកទទួលបានពានរង្វាន់ Ramon Magsaysay Award ក្នុងឆ្នាំ២០១៧ និងត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «មុនីសារាភ័ណ្ឌ» ក្នុងឆ្នាំ២០១៨។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះការរួមចំណែកដ៏ឧត្តុង្គឧត្តមរបស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា ក្នុងការពង្រឹងចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។
ស្ថានទូតជប៉ុន បានបង្ហាញជំហរបស់ខ្លួនដែរថា ឈរលើគោលការណ៍របស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា ចំពោះប្រទេសកម្ពុជា ស្ថានទូតនឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាមួយនឹងដំណឹងដ៏ក្រៀមក្រំនេះ ប្រជាពលរដ្ឋកម្ពុជា ក៏បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសាររបស់លោកសាស្ត្រាចារ្យ។ ពលរដ្ឋកម្ពុជា នឹងចងចាំជានិច្ចចំពោះស្នាដៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់លោក ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិរក្សប្រាសាទខ្មែរ៕




