វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
18-11-2026 00:06
(សេអ៊ូល)៖ ក្រុមអ្នកវិភាគបាននិយាយថាលទ្ធភាពដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាឱកាសនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ក្នុងទីក្រុង Shenzhen ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានកើនឡើង បន្ទាប់ពីវិមានក្រឹមឡាំងបាននិយាយថាជំនួបរវាងលោក គីម និងប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន អាចធ្វើទៅរួច។ លោក ត្រាំបានបង្ហាញពីចំណាប់អារម្មណ៍ម្ដងហើយម្ដងទៀតដើម្បីជួបលោក គីម សាជាថ្មី ហើយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះលោកផ្ទាល់បានបញ្ជាក់ថាជំនួបនេះអាចនឹងកើតឡើងក្នុងប្រទេសចិននៅសប្ដាហ៍នេះ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax បានដកស្រង់សម្ដីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន អាចនឹងជួបលោក គីម ប្រសិនបើមេដឹកនាំកូរ៉េខាងជើងចូលរួមក្នុងកិច្ចប្រជុំកំពូល APEC ដែរនោះ។ សេចក្ដីរាយការណ៍នេះបានបង្កើនលទ្ធភាពនៃជំនួបរវាងលោក ត្រាំ និងលោក គីម។ លោក Kurt Campbell ជាអតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថាការទាមទារណាមួយរបស់កូរ៉េខាងជើងឱ្យទទួលស្គាល់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរអាចនឹងបង្កភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់លោក ត្រាំក្នុងការរៀបចំជំនួបកំពូលសាជាថ្មីជាមួយលោក គីម។
ដូចគ្នាដែរ លោក Cha Du-hyeogn ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន Asan Institute for Policy Studies មើលឃើញពីលទ្ធភាពតិចតួចដែលកិច្ចប្រជុំកំពូលត្រាំ-គីមអាចនឹងកើតឡើង។ ព្រោះលោកយល់ថាកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាងនៅពេលនេះមានសារៈសំខាន់ទាបជាងសង្រ្គាមជាមួយអ៉ីរ៉ង់ និងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនដែលស្ថិតក្នុងបញ្ជីអាទិភាពរបស់លោក ត្រាំ។ អ្នកវិភាគរូបនេះបន្តថាបើទោះ ជាលោក ត្រាំ តែងតែលើកសរសើរពីទំនាក់ទំនងជាមួយលោក គីម ក៏លោកនៅតែត្រូវគិតគូរថាតើអ្វីទៅអាចជាលទ្ធផលជាក់ស្ដែងកើតចេញពីកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-កូរ៉េខាងជើង។
ម្យ៉ាងកូរ៉េខាងជើងក្នុងពេលនេះមិនមែនជាកូរ៉េខាងជើងកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ជាពេលដែលលោក ត្រាំ និងលោក គីម ជុងអ៊ុនបានជួបគ្នាដល់ទៅ ៣លើកនោះទេ។ និយាយជារួមលោក ត្រាំ លែងអាចអួតថាការជួបលោក គីម ជុងអ៊ុនជាជោគជ័យខាងទូតទៀតបានឡើយ ហើយព្យុងយ៉ាងអាចនឹងទាមទារសម្បទានច្រើនជាងមុនដើម្បីជាថ្នូរត្រឡប់ទៅរកតុចរចាឡើងវិញ។
យ៉ាងណាក៏ដោយ លោក Victor Cha ប្រធានកម្មវិធីកូរ៉េមកពី Center for Strategic and International Studies (CSIS) យល់ថាឱកាសដែលកិច្ចប្រជុំរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន បានកើនឡើងតាំងតែពីក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិក។ លោកបានពន្យល់ថាទីក្រុងព្យុងយ៉ាងទំនងជាបានរង់ចាំអ៊ុតមើល រហូតទាល់ដល់ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ មុននឹងពិចារណាលើលទ្ធភាពនៃជំនួបជាមួយលោក ត្រាំ ជាពិសេសក្នុងគ្រាលោក ត្រាំស្ថិតនៅក្នុងគោលជំហរទន់ខ្សោយជាងមុន ក្រោយបរាជ័យរបស់គណបក្សសាធារណរដ្ឋ។ «ពួកគេសម្លឹងឃើញលោក ត្រាំទន់ខ្សោយជាងមុន ហើយងាយស្រួលនិយាយគ្នាជាងមុន»។ នេះជាការគូសបញ្ជាក់របស់លោក Victor Cha។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថាបំណងប្រាថ្នារបស់លោក ត្រាំក្នុងការកសាង និងបន្សល់ទុកមរតកនយោបាយការទូត អាចជាកត្តាមួយផ្សេងទៀតដែលបង្កើនលទ្ធភាពនៃការទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង។
លោក Victor Cha យល់ថាលោក ត្រាំនឹងត្រូវផ្តោតលើរឿងជាច្រើន ប៉ុន្តែរឿងមួយក្នុងចំណោមរឿងទាំងនោះ គឺការកសាងមរតកនយោបាយ ហើយម្យ៉ាងកូរ៉េខាងជើងក៏មានប្រហែលជាបំណងរក្សាទំនាក់ទំនងជាមួយលោក ត្រាំ ផងដែរដើម្បីបញ្ចៀសសកម្មភាពមិនអាចព្យាកររបស់ទីក្រុងវ៉ាស៊ីនតោន ដូចជាវិធីសាស្ត្ររបស់លោក ត្រាំចំពោះអ៉ីរ៉ង់ និងវ៉េណេស៊ុយអេឡា។
គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃចន្ទ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន ក្នុងពេលចាកចេញពីសេតវិមានឆ្ពោះមកកាន់ហ្វីលីពីន និងចិនថាជំនួបណាមួយអាចនឹងកើតឡើងក្នុងប្រទេសចិន ហើយថាវត្តមានរបស់លោក គីម ជុងអ៊ុន គឺអាស្រ័យលោកប្រធានាធិបតីចិន ស៊ី ជីនពីង។ «លោកប្រធានាធិបតី ស៊ី មានវត្តមាននៅទីនោះ...យើងក៏នឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន ហើយយើងក៏អាចនឹងជួបលោក គីម ជុងអ៊ុនផងដែរ»។ នេះជាការលើកឡើងរបស់លោក ត្រាំ ដោយបន្ថែមថាលោក គីម ជុងអ៊ុននឹងមានវត្តមានឬក៏អត់ គឺអាស្រ័យលើលោក ស៊ី ជីនពីង។
ចំពោះលោក Victor Cha ការកត់សម្គាល់របស់លោក ត្រាំ ហាក់បញ្ជាក់ថារូបលោកបានស្នើទៅកាន់លោក ស៊ី ជីនពីង នាំលោក គីម ជុងអ៊ុន មកជួបរូបលោក។ អ្នកជំនាញរូបនេះបន្ថែមទៀតថា «វាអាចនឹងក្លាយជាជ័យជម្នះដ៏ធំខាងការទូតសម្រាប់លោក គីម ប្រសិនបើលោកបានឈរនៅលើឆាករួមគ្នាជាមួយមេដឹកនាំអាមេរិក ចិន និងរុស្ស៉ីដែលសុទ្ធសឹងជាមហាអំណាចនុយក្លេអ៊ែរ ហើយបូកបន្ថែមជំនួបទ្វេភាគីជាមួយលោក ត្រាំ»។
តាមអ្នកវិភាគរូបនេះ ចិនប្រហែលជាមិនចង់ឱ្យមានព្រឹត្តិការណ៍ណាផ្សេងបង្វែរការចាប់អារម្មណ៍ចេញពីកិច្ចប្រជុំ APEC ខ្លូនជាម្ចាស់ផ្ទះនោះទេ។ ប៉ុន្តែលោក ស៊ី ជីនពីង ប្រហែលជាកំពុងគិតក្នុងចិត្តថាប្រសិនបើលោកអាចនាំមេដឹកនាំអាមេរិក រុស្ស៉ី និងកូរ៉េខាងជើង មកជួបជុំគ្នាលើ ទឹកដីចិន នោះចិននឹងកាន់តែមានមុខមាត់នៅលើឆាកអន្តរជាតិ៕









