គ.ជ.ប៖ រយៈពេល៤២ថ្ងៃ មានពលរដ្ឋជាង៤៣ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
18-11-2026 14:41
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៣៨ ៥៨៩នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។
គ.ជ.ប បានឱ្យដឹងថា សម្រាប់លទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៦ នៅទូទាំងប្រទេស មានដូចខាងក្រោម៖
*ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤ ៦៩១នាក់
*អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣ ៤១២នាក់
*អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១៧ ៧០៥នាក់
* អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១៧ ៣០៥នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥ ៤៩៦នាក់។
លទ្ធផលសរុបរយៈពេល ៤២ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖
*ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៣៨ ៥៨៩នាក់
*អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៨៣ ៣១៣នាក់
*អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១ ៣៣០ ៥៤១នាក់
*អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១ ៣៤២ ៣៦៧នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៨០ ១៧១នាក់។
សូមប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែទិន្នន័យរបស់ខ្លួនដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតកត់ត្រាមិនត្រឹមត្រូវ ឬទើបបានទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព អ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ (អ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ អញ្ជើញទៅស្នើសុំកែតម្រូវ ធ្វើបច្ចុប្បន្នភាព ឬចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០ នាទី។
ក្នុងអំឡុងពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៤ លើក គឺនៅថ្ងៃទី១១ និងថ្ងៃទី២៩ ខែតុលា ថ្ងៃទី៩ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានបិទផ្សាយនៅសាលាឃុំ សង្កាត់ និងបង្ហោះនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH៕






