វេទិកាសាធារណៈនៅស្រុកពញាឮ ខេត្តកណ្ដាល៖ ពលរដ្ឋស្នើសុំច្រើនចំណុច ពិសេសចោទក្រុមហ៊ុនទឹកស្អាតមួយថា គ្មានទឹកប្រើប្រាស់ បើកមកចេញតែខ្យល់ តែក្រុមហ៊ុនចេញវិក្កយបត្រឲ្យពលរដ្ឋបង់លុយរាល់ខែ
18-11-2026 16:03
(កណ្ដាល)៖ ស្ថិតនៅក្នុងវេទិកាសាធារណៈមួយដែលធ្វើឡើងដោយក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកពញាឮ ដើម្បីចង់ដឹងពីទុក្ខលំបាក ការស្នើសុំផ្សេងៗពីពលរដ្ឋ អ្នកស្រុកពញាឮ បានលើកឡើងស្នើសុំឲ្យដោះស្រាយច្រើនចំណុច ក្នុងនោះមានទាំងក្រុមហ៊ុនទឹកស្អាត គ្មានទឹកផ្ដល់ឲ្យពលរដ្ឋ តែចេញវិក្កយបត្រថ្លៃទឹកជារៀងរាល់ខែ។
ពិធីនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឈឹម កន សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក លី វុទ្ធី អភិបាលរងខេត្តកណ្ដាល។
លោក ឈឹម កន បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះបង្កើតឡើងក្នុងគោលបំណងបើកឱកាសឲ្យប្រជាពលរដ្ឋបានសម្ដែងមតិ កង្វល់ ព្រមទាំងសំណូមពរផ្សេងៗដោយផ្ទាល់ ទៅកាន់អាជ្ញាធរមាន សមត្ថកិច្ច។
តាមរយៈយន្តការនេះ រដ្ឋបាលថ្នាក់ក្រោមជាតិអាចទទួលបានព័ត៌មានត្រឡប់ និងស្វែងយល់កាន់តែច្បាស់អំពីបញ្ហាប្រឈមនៅតាមមូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាបានទាន់ពេលវេលា និងចំគោលដៅ។
ជាមួយគ្នានេះលោក លី វុទ្ធី បានសង្កត់ធ្ងន់ថា គណៈអភិបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ។ រាល់បញ្ហាប្រឈមដែលបានលើកឡើង ករណីអាចដោះស្រាយបានភ្លាមៗ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធនឹងបកស្រាយ និងដោះស្រាយជូននៅកន្លែងតែម្ដង។ ដោយឡែក សំណើដែលទាមទារពេលវេលា ឬថវិកា នឹងត្រូវកត់ត្រាបញ្ចូលទៅក្នុងផែនការសកម្មភាព ដើម្បីចាត់វិធានការដោះស្រាយ ជាជំហានៗតាមនីតិវិធី។
លោក អ៊ូច សៅវឿន អភិបាលស្រុកពញាឮ និយាយដាក់មេក្រូលាន់កងរំពងថា «បើក្រុមហ៊ុនទឹកស្អាតអត់មានទឹកឲ្យពលរដ្ឋទេ ចេញតែខ្យល់ អ៊ីចឹងពលរដ្ឋយើងមិនបាច់បង់លុយទេ»។
រីឯសំណើសំណូមពររបស់ពលរដ្ឋជាង២៥០គ្រួសារ គ្មានទឹកស្អាតប្រើប្រាស់នោះ ក្នុងនាមអភិបាលស្រុកឡើងមកធ្វើមែនទែន មិនមែនមកដើរលេងទេ ដូច្នេះនឹងខិតខំដោះស្រាយឲ្យបានលឿនរហ័សជូនពលរដ្ឋឆាប់ៗនេះ។ រីឯសំណូមពរសុំឡានសង្គ្រោះបន្ទាន់សម្រាប់មណ្ឌលសុខភាពនីមួយៗវិញ លោកអភិបាលស្រុក សូមទុកករណីនេះជូនដល់មន្ទីរសុខាភិបាល ជួយដោះស្រាយផង ព្រោះបើគ្មានឡានសង្គ្រោះទេ ពិតជាលំបាកខ្លាំងណាស់។ និងសំណើសំណូមពរនានាផ្សេងទៀត ក៏លោកអភិបាលស្រុករូបនេះ ទទួលយកទៅដោះស្រាយតាមលំដាប់លំដោយផងដែរ។
សូមជម្រាបថា នៅក្នុងដំណើរការនៃវេទិកានេះ ប្រជាពលរដ្ឋដែលបានចូលរួម បានលើកឡើងនូវសំណួរ និងសំណូមពរ សរុបចំនួន ២៤ សំណើ/បញ្ហា។ ជាលាយលក្ខណ៍អក្សរ បានទទួលក្រដាស/លិខិតចំនួន ៧ ស្មើនឹង ១១ សំណើ/បញ្ហា និងផ្ទាល់មាត់ចំនួន ៩ ស្មើនឹង ១៣ សំណើ/បញ្ហា។ សំណើទាំងនោះផ្ដោតសំខាន់លើពាក់ព័ន្ធនឹងផ្លូវ ស្ពាន ចំនួន ២ ពាក់ព័ន្ធនឹងទឹក ចំនួន ២ ពាក់ព័ន្ធនឹងអគ្គិសនី ៤ និងសំណើផ្សេងៗចំនួន ១៦៕






















































