* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត ឥន សុផល បង្ហាញពីផលប្រយោជន៍ ដែលថៃទទួលបានពីការផ្ដល់ជំរំជនភៀសខ្លួនខ្មែរស្នាក់នៅក្នុងទសវត្សរ៍១៩៨០

18-11-2026 17:04

(ភ្នំពេញ)៖ លោកបណ្ឌិត ឥន សុផល អ្នកជំនាញវិទ្យសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានបង្ហាញមកកាន់បណ្ដាញព័ត៌មាន Fresh News អំពីផលប្រយោជន៍ ដែលថៃទទួលបាន ពីការផ្ដល់ជំរំជនភៀសខ្លួនខ្មែរ ស្នាក់នៅនាទសវត្សរ៍ ១៩៨០។

ដែលនៅក្នុងនោះមានដូចជាផលប្រយោជន៍នយោបាយ និងសព្វាវុធ។ ដោយមានប្រទេសមហាណាចមួយធានាលុបបំបាត់ថៃកុម្មុយនីស្ត (Thai Deng) ឱ្យតែថៃព្រមទទួលយកក្រុមខ្មែរក្រហម និងបានធ្វើឱ្យថៃ រួចពីសម្ពាធអន្តរជាតិ ដែលថ្កោលទោសថៃពីការមិនអនុញ្ញាតឱ្យអង្គការអន្តរជាតិចូលទៅជួយជនភៀសខ្លួនខ្មែរ។ ជាងនេះទៅទៀតជំនួយសព្វាវុធ និងហិរញ្ញវត្ថុ ដែលបរទេសជួយកងទ័ពខ្មែរក្រហម និងចលនាតស៊ូ ត្រូវចូលទៅក្នុងឃ្លាំងកងទ័ពថៃ ជាអ្នកចាត់ចែងបន្ត។ ថៃ បានយកខ្មែរក្រហម និងចលនាតស៊ូខ្មែរ ធ្វើជាខែលការពារប្រទេសរបស់ខ្លួនពីវៀតណាម។

ពិតណាស់ ថៃទទួលផលប្រយោជន៍ពីជំនួយអន្តរជាតិ ដើម្បីជនភៀសខ្លួនខ្មែរ ពីសហរដ្ឋអាមេរិក ដែលផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ៣៥០លានដុល្លារ ដែលបានចំណាយនៅក្នុងប្រទេសថៃ។ ចំណែកអង្គការ UNBRO ចំណាយប្រាក់ ៣៦លានដុល្លារក្នុងមួយឆ្នាំៗហើយក្នុងនោះប្រមាណ៩០% បានចំណាយនៅក្នុងប្រទេសថៃ ដោយសារថៃមិនឱ្យអង្គការអន្តរជាតិនាំស្បៀងអាហារ ឬសម្ភារប្រើប្រាស់ពីបរទេសទៅចែកឱ្យជនភៀសខ្លួនទេ គឺតម្រូវឱ្យអង្គការទាំងនោះទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់របស់ថៃ។ ខណៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិ បានចំណាយប្រហែល៥០០លានដុល្លារនៅចុងឆ្នាំ១៩៨០ ហើយប្រហែល២០០លានដុល្លារ បានចំណាយដោយផ្ទាល់នៅក្នុងប្រទេសថៃ។

មិនតែប៉ុណ្ណោះ ថៃបានទទួលផលប្រយោជន៍ពីធនធានធម្មជាតិខ្មែរថែមទៀត។ បើយោងតាមអង្គការ Global Witness នៅឆ្នាំ១៩៧៩ កិច្ចព្រមព្រៀងរវាងមេដឹកនាំខ្មែរក្រហម និងយោធាថៃ អនុញ្ញាតឱ្យក្រុមហ៊ុនឈើថៃចំនួន១៥ ចូលកាប់ឈើនៅកម្ពុជា មានទំហំពី២០០ទៅ៣០០គីឡូម៉ែត្រការ៉េ ហើយថៃនាំឈើពីកម្ពុជាពី២ ទៅ ៣លានម៉ែត្រគូបក្នុងមួយឆ្នាំៗ ដែលខ្មែរក្រហមផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនថៃចូលមកកាប់ឈើចំនួន១៥លានម៉ែត្រគូបក្នុងរយៈពេលពី៣ទៅ៥ឆ្នាំ។ ទាហានខ្មែរក្រហមរកប្រាក់បាន ៦.៥លានដុល្លារក្នុងមួយខែ ដោយសារការជួញដូរឈើខុសច្បាប់។ ចំណែកប្រាក់ចំណូលសរុបរបស់ខ្មែរក្រហម បានមកពីការជួញដូរឈើជាមួយប្រទេសថៃមានប្រមាណពី១០ទៅ២០ លានដុល្លារក្នុងមួយខែ។

អ្នកស្រាវជ្រាវរូបនេះ បានបើកបង្ហាញទៀតថា យោងតាមអភិបាលខេត្តត្រាត បញ្ជាក់ថាមានជនជាតិថៃប្រហែល២.០០០នាក់ កំពុងជីក កកាយរកត្បូង នៅតំបន់ខ្មែរក្រហមទល់មុខខេត្តត្រាត។ អ្នកជីករ៉ែត្បូងជនជាតិថៃប្រមាណ៩.០០០នាក់ ដើរឆ្លងកាត់ព្រំដែនចូលកម្ពុជាជារៀងរាល់ថ្ងៃ ហើយក៏មានមនុស្សជាង៦០.០០០នាក់ ស្នាក់នៅតំបន់រ៉ែប៉ៃលិនរហូតដល់ពីរបីខែ។

បើយោងតាមលោក Chan Kantikajornsarn ទីប្រឹក្សាសមាគមអ្នករុករកត្បូងប្រទេសថៃ នៅខេត្តត្រាត បានបញ្ជាក់ថា មានក្រុមហ៊ុនថៃប្រហែល ៣០ មានកិច្ចព្រមព្រៀងរុករកត្បូងសំខាន់ៗជាមួយខ្មែរក្រហម និងមានក្រុមហ៊ុនតូចៗចំនួន ៣០០បានជួលកម្មកររ៉ែជាង ៣ម៉ឺននាក់ជីកត្បូងនៅកម្ពុជា។ ខណៈតាមមន្ត្រីធនាគារថៃមួយរូបបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មត្បូងជាមួយខ្មែរក្រហម មានលុយចរាចរក្នុងខេត្តចាន់ថាបុរីរហូតដល់ពី ៨ ដល់ ១២ លានដុល្លារក្នុងមួយសប្តាហ៍។

ជាការកត់សម្គាល់ក្រៅពីខ្មែរក្រហម ក្រុមហ៊ុនកាប់ឈើរបស់ថៃ ក៏មានចុះកិច្ចព្រមព្រៀងកាប់ឈើជាមួយ FUNCINPEC នៅចុងឆ្នាំ១៩៨២ មានតម្លៃ១០០លានដុល្លារ ដែលមានប្រភេទឈើធម្មតាចំនួន ៦៥០.០០០ម៉ែត្រគូប និងឈើប្រណីតចំនួន៣៥០.០០០ម៉ែត្រគូប អាចផ្គត់ផ្គង់រោងចក្រអារឈើក្នុងស្រុកថៃរហូតដល់៦ឆ្នាំ ។

មិនតែប៉ុណ្ណោះ បើយោងតាមការលើកឡើងរបស់ Dr Phuangthong Rungswasdisap អ្នកស្រាវជ្រាវកម្មវិធីប្រល័យពូជសាសន៍នៅកម្ពុជានៅសាកលវិទ្យាល័យយ៉ែលថា ប្រទេសថៃតែងតែសង្កត់ធ្ងន់លើជនភៀសខ្លួនខ្មែរជាបន្ទុកសេដ្ឋកិច្ច តែពួកគេមិនដែលទទួលស្គាល់អត្ថប្រយោជន៍សេដ្ឋកិច្ចដែលប្រទេសថៃទទួលបានពីវត្តមានរបស់ជនភៀសខ្លួនទេ។

សូមបញ្ជាក់ថា នៅពេលជនភៀសខ្លួនខ្មែរ កំពុងជាប់ឃុំក្នុងរបងលួសបន្លារយ៉ាងវេទនា មិនអាចដើរចេញក្រៅរបងមួយជំហាន គឺត្រូវកងអនុរក្សថៃបាញ់សម្លាប់ ចាប់រំលោភដូចសត្វធាតុ។ ស្របពេលដែលជនជាតិថៃ ជិត១០ម៉ឺននាក់ កំពុងចេញចូលនៅស្នាក់នៅក្នុងទឹកដីកម្ពុជា កាប់ព្រៃឈើ និងជីកយកត្បូងដ៏មានតម្លៃរាប់ពាន់លានដុល្លារ បំផ្លិចបំផ្លាញធនធានធម្មជាតិខ្មែរស្ទើរគ្មានសល់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩៨ រហូតរចនាសម្ព័ន្ធខ្មែរក្រហមត្រូវរំលាយទាំងស្រុង៕