* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា-ជប៉ុន ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

18-11-2026 17:18

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នោថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក ISHIZUKI Hideo ក្នុងខណៈដែលលោក ទើបទទួលបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពថ្មី នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសារទរចំពោះលោក ISHIZUKI Hideo និងសហការី, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនអំពី កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន ដែលបានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ២០២៣។

ជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានចូលរួមចំណែកយ៉ាងសកម្ម ដល់ដំណើរការកសាងសន្តិភាព និងបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា កន្លងមក។

ទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ ហិរញ្ញប្បទានពីប្រទេសជប៉ុន ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង បានឆ្លើយតបទាន់ពេលវេលា ចំតម្រូវការអាទិភាព និងបានរួមចំណែកយ៉ាងធំធេង ដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

សមិទ្ធិផលរូបវន្តជាច្រើនដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូចជា ផ្លូវថ្នល់, ស្ពាន, កំពង់ផែអន្តរជាតិ, ប្រព័ន្ធធារាសាស្រ្ត, បណ្តាញអគ្គិសនី, មន្ទីរពេទ្យ និងសាលារៀន ជាដើម ដែលគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា។

បន្ថែមលើនេះ, វិស័យឯកជនជប៉ុន ពិសេស វិនិយោគិនជប៉ុន ក៏បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជួយពង្រឹងភាពធន់ និងកំណើននៃសេដ្ឋកិច្ចកម្ពុជា ។ វិស័យឯកជនជប៉ុន មិននាំមកតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណុះទេ តែថែមទាំងនាំមកនូវជំនាញ បច្ចេកទេសប្រតិបត្តិ វិន័យការងារនិងភាពអំណត់ចំពោះការងារបង្ហាត់បង្រៀន ជូនដល់កម្លាំងពលកម្មកម្ពុជាផងដែរ ។

លោក ISHIZUKI Hideo បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាកម្ពុជាកំពុងតែនៅបន្តជួបប្រឈមនឹងអន្តរកាលនៃពហុវិបត្តិ រួមមាន៖ ការប្រែប្រួលរបបពាណិជ្ជកម្មសកល, សង្គ្រាមពន្ធគយជាសកល, បញ្ហាព្រំដែនកម្ពុជា-ថៃ និងវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ជាដើម។

រដ្ឋាភិបាលជប៉ុន សន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រីកទៅលើវិស័យសំខាន់ថ្មីៗផ្សេងទៀត រួមទាំង វិស័យបច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវការពារផ្នែកអាវកាស និងសន្តិសុខ Cyber ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ផងដែរ ។

ជាថ្មីម្តងទៀត, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំង គ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុនទាំងអស់ ជាពិសេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងបានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕