Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ (Video inside)
18-11-2026 17:33
(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ កិច្ចប្រជុំកំពូលអន្តរជាតិធំៗ បានលើកឡើងពីបញ្ហាសន្តិភាព និងជម្លោះព្រំដែនកម្ពុជា–ថៃ ដោយសង្កត់ធ្ងន់លើការគោរពកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។ តើសម្ពាធការទូតពីភ្នំពេញដល់ម៉ានីល អាចជំរុញឱ្យថៃអនុវត្តកិច្ចព្រមព្រៀង និងបើកផ្លូវទៅរកដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីបានដែរឬទេ?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅជុំវិញបញ្ហានេះ។
សូមតាមដានស្តាប់ដូចតទៅ៖
ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដល់កិច្ចប្រជុំកំពូលអាស៊ាននៅម៉ានីល ប្រទេសហ្វីលីពីន កម្ពុជាបានបង្ហាញពីភាពម្ចាស់ការយ៉ាងរឹងមាំ ដោយបន្តលើកបញ្ហាជម្លោះព្រំដែនជាមួយថៃឡើងឆាកអន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការគោរពច្បាប់អន្តរជាតិ។
ទន្ទឹមនឹងការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើការរក្សាបទឈប់បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា–ថៃ (សម្រេចបាននៅទីក្រុងកូឡាឡាំពួ កាលពីឆ្នាំ២០២៥) សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា នៅបានដាក់បន្ទុកនយោបាយយ៉ាងធ្ងន់ធ្ងរទៅលើភាគីថៃថា៖ ការចង់ឱ្យកម្ពុជាឈប់លើកបញ្ហាព្រំដែនលើវេទិកាអន្តរជាតិ គឺជាការមិនអាចធ្វើបាន លើកលែងតែថៃ ឈប់បោះបង់ការគេចវេស ហើយងាកមកអនុវត្តកិច្ចព្រមព្រៀង និងចាប់ផ្តើមវាស់វែងព្រំដែនជាក់ស្តែងនៅលើដីជាបន្ទាន់វិញ។
សារដ៏មានឥទ្ធិពលនេះបានទម្លាយឱ្យឃើញយ៉ាងច្បាស់ថា សន្តិភាពពិតប្រាកដមិនអាចកើតចេញពីការឃោសនាបំភ័ន្ត ការសន្យាខ្យល់ ឬការប្រើល្បិចបិទបាំងការពិតរបស់ក្រុងបាងកក ក្នុងចេតនារក្សាស្ថានភាពអសកម្មនោះឡើយ។ សម្ពាធការទូតពហុភាគីពីភ្នំពេញ ដល់ម៉ានីល បានបិទរាល់គ្រប់ល្បិចរបស់ថៃ ដែលធ្លាប់តែព្យាយាមបំបែកសំណុំរឿងព្រំដែនឱ្យនៅត្រឹមក្របខណ្ឌទ្វេភាគីដើម្បីងាយស្រួលបន្លប់ការពិត។
តើសម្ពាធការទូតទាំងនេះ អាចបង្ខំឱ្យថៃឈប់គេចវេស ហើយងាកមកអនុវត្តកិច្ចព្រមព្រៀងបានដែរឬទេ?
*ពីភ្នំពេញដល់ម៉ានីល — កម្ពុជាបន្តលើកបញ្ហាព្រំដែនលើឆាកការទូតពហុភាគី
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ថ្ងៃទី១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានក្លាយជាវេទិកាការទូតដ៏សំខាន់សម្រាប់កម្ពុជា ក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ។ ចំណុចលេចធ្លោបំផុត គឺសេចក្តីសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដែលបានលើកឡើងដោយផ្ទាល់អំពីស្ថានការណ៍កម្ពុជា–ថៃ ក្នុងកថាខណ្ឌទី៧ ដល់ទី១១។
សេចក្តីសម្រេចក្នុងកថាខណ្ឌទាំងនេះ បញ្ជាក់ការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា អំពាវនាវឱ្យការពារជនស៊ីវិល និងជនភៀសខ្លួន បដិសេធការផ្លាស់ប្តូរទឹកដីដោយការប្រើកម្លាំង និងជំរុញឱ្យភាគីទាំងពីរគោរពបទឈប់បាញ់ បន្តការងារគណៈកម្មការចម្រុះព្រំដែន (JBC) និងប្រើយន្តការច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២ សម្រាប់វិវាទសមុទ្រ។
សេចក្តីសម្រេចនេះអាចចាត់ទុកថាជា «ដំបងច្បាប់» ដ៏មានទម្ងន់ក្នុងការទូត ដែលកម្ពុជាអាចប្រើដើម្បីឆ្លើយតបនឹងសកម្មភាពរំលោភបំពាន និងការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពព្រំដែនដោយការប្រើកម្លាំង។
ពីភ្នំពេញទៅម៉ានីល កម្ពុជាបានបន្តលើកសារការទូតរបស់ខ្លួនក្នុងបរិបទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសហ្វីលីពីន ថ្ងៃទី១៥–១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវជាថ្មីឱ្យថៃសហការជាមួយកម្ពុជា ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកជាបន្ទាន់ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។
ក្នុងសុន្ទរកថានៅកិច្ចប្រជុំកំពូលអាស៊ាន–សហរដ្ឋអាមេរិក នៅទីក្រុងម៉ានីល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរំលឹកពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ឆ្នាំ២០២៥ និងបទឈប់បាញ់រវាងកម្ពុជា–ថៃ ព្រមទាំងសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងបន្តមានសុពលភាព និងត្រូវបានអនុវត្តប្រកបដោយនិរន្តរភាព។
ដូច្នេះ សារពីភ្នំពេញដល់ម៉ានីល គឺច្បាស់លាស់៖ សន្តិភាពមិនអាចធានាបានដោយពាក្យសន្យាឡើយ ប៉ុន្តែត្រូវមានការគោរពបទឈប់បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងជាក់ស្តែង។
*ពីការសន្យាទៅការអនុវត្ត — តើសម្ពាធការទូតអាចបង្ខំឱ្យថៃឈប់គេចវេស និងគោរពកិច្ចព្រមព្រៀងបានដែរឬទេ?
បញ្ហាសំខាន់ និងឈឺចាប់បំផុតនៅក្នុងជម្លោះព្រំដែនកម្ពុជា–ថៃ មិនមែនស្ថិតនៅលើការខ្វះខាតឯកសារ ឬកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែវាស្ថិតនៅលើ «ការគេចវេស និងការខកខានមិនព្រមអនុវត្ត» យ៉ាងគឃ្លើនរបស់ភាគីថៃ។ ទោះបីមានបទឈប់បាញ់ និងយន្តការចរចាព្រំដែននៅលើក្រដាសក៏ដោយ ប៉ុន្តែដំណើរការខណ្ឌសីមាព្រំដែនជាក់ស្តែងនៅលើដី ត្រូវបាងកកធ្វើឱ្យជាប់គាំងក្នុងចេតនាអាក្រក់ដើម្បីរក្សាផលចំណេញនយោបាយក្នុងស្រុករបស់ខ្លួន។
នេះគឺជាចំណុចស្នូលដែល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដាក់បន្ទុក និងសម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរទៅលើភាគីថៃថា៖ ប្រសិនបើថៃចង់ឱ្យកម្ពុជាឈប់លើកបញ្ហាព្រំដែនទៅកាន់សហគមន៍អន្តរជាតិ ថៃគ្មានជម្រើសអ្វីផ្សេង ក្រៅពីការលះបង់ការគេចវេស ហើយត្រូវប្រញាប់អនុវត្តកិច្ចព្រមព្រៀង ព្រមទាំងចាប់ផ្តើមវាស់វែងព្រំដែនជាក់ស្តែងនៅលើដីជាបន្ទាន់។
សារនេះបានទម្លាយឱ្យឃើញយ៉ាងច្បាស់នូវគម្លាតរវាងការបន្លប់ការពិត និងការទទួលខុសត្រូវពិតប្រាកដ។ បទឈប់បាញ់គ្រាន់តែជាមធ្យោបាយបញ្ឈប់ការផ្ទុះអាវុធជាបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែវាមិនអាចបោសសម្អាតឫសគល់នៃជម្លោះអធិបតេយ្យភាព ឬធានាថាថៃនឹងមិនបន្តរំលោភបំពាននោះឡើយ។
រាល់ការអូសបន្លាយពេល និងការទាមទារឱ្យរក្សាការចរចាត្រឹមក្របខណ្ឌទ្វេភាគី គឺជាល្បិចកលរបស់បាងកកដើម្បីបន្តបំបាំងកំហុស និងបង្វែរស្ថានការណ៍ឱ្យមានប្រៀបលើកម្ពុជា។ ដូច្នេះ ការដែលកម្ពុជាមិនព្រមស្ងៀមស្ងាត់ ហើយបានទាញសំណុំរឿងនេះឡើងឆាកអន្តរជាតិ (ទាំងនៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាអាស៊ាន) គឺជាវិធានការយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ដើម្បីបំផ្លាញចោលនូវ ល្បិចកលគ្រប់បែបយ៉ាងរបស់ថៃ។
*ហេតុអ្វីបាងកកទទូចឱ្យរក្សាជម្លោះក្នុងក្របខណ្ឌ «ទ្វេភាគី»?
ក្នុងការទូតអន្តរជាតិ ការដោះស្រាយជម្លោះតាមក្របខណ្ឌទ្វេភាគី មិនមែនជារឿងខុសឆ្គងឡើយ ប្រសិនបើភាគីទាំងសងខាងមានសុចរិតភាព និងឈរលើតុល្យភាពអំណាចស្មើគ្នា។ ប៉ុន្តែសំណួរសំខាន់គឺថា ហេតុអ្វីថៃទទូចយ៉ាងខ្លាំងក្លាឱ្យរក្សាជម្លោះព្រំដែនជាមួយកម្ពុជាក្នុងក្របខណ្ឌទ្វេភាគីដាច់ខាត ខណៈការអនុវត្តកិច្ចព្រមព្រៀង និងការខណ្ឌសីមាព្រំដែនត្រូវបានថៃធ្វើឱ្យជាប់គាំងជាយូរមកហើយ?
តាមការវិភាគយុទ្ធសាស្ត្រនយោបាយអន្តរជាតិ ការចរចាទ្វេភាគីសុទ្ធសាធ គឺជាអន្ទាក់ដែលផ្តល់ប្រៀបអយុត្តិធម៌ដល់ប្រទេសដែលមានកម្លាំងយោធា និងសេដ្ឋកិច្ចធំជាង ដែលក្រុងបាង កកតែងតែយកមកប្រើប្រាស់ជា «របាំងការពារភាពអសកម្ម» របស់ខ្លួន និងដើម្បីបន្តបន្លប់ការពិតនៅលើដី។ ក្នុងបរិបទកម្ពុជា–ថៃ នេះជាហានិភ័យយុទ្ធសាស្ត្រដែលកម្ពុជាមិនត្រូវបណ្តោយឱ្យបាងកកបន្តបោកបញ្ឆោតឡើយ។
នៅពេលកម្ពុជាលើកបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីទៅកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ វាប្រៀបដូចជា «ការបើកភ្លើងហ្វាបញ្ចាំងចូលបន្ទប់ងងឹត» ដោយកម្ទេចចោលនូវល្បិចកលទ្វេភាគីក្លែងបន្លំរបស់បាងកក និងធ្វើឱ្យបញ្ហាព្រំដែននេះក្លាយជាប្រធានបទសកល ដែលសហគមន៍អន្តរជាតិអាចពិនិត្យ វាយតម្លៃ និងដាក់ទណ្ឌកម្មทางទូត ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។
ប្រតិកម្មខឹងសម្បារ និងការរត់ពួនរបស់បាងកក ចំពោះការលើកបញ្ហានេះទៅកាន់ឆាកអន្តរជាតិ បានទម្លាយឱ្យឃើញនូវភាពពិរុទ្ធរបស់ខ្លួនយ៉ាងច្បាស់ក្រឡែត៖
• រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានព្យាយាមប្រឌិតការចោទប្រកាន់មកលើសម្តេចបវរធិបី ហ៊ុន ម៉ាណែត។
• នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានត្រឹមតែបង្ហាញការភ័យខ្លាចដោយទទូចឱ្យកម្ពុជា ឈប់នាំរឿងនេះចេញក្រៅប្រទេស។
• ក្រសួងការបរទេសថៃ បានស្រែកឡូឡាផ្ញើកំណត់ទូតតវ៉ាទៅ OIF និងប្រញាប់ប្រញាល់រត់ជាន់ជើងគ្នាជួបតំណាងការទូតពី ១១ប្រទេស ដើម្បីព្យាយាមបិទបាំងការពិត ប៉ុន្តែជាលទ្ធផល ការខិតខំរារាំងដ៏គួរឱ្យអាម៉ាស់នេះ ត្រូវ បរាជ័យទាំងស្រុង នៅមុខសហគមន៍អន្តរជាតិ។
ប្រតិកម្មទាំងនេះបានបង្កើតជាសំណួរនយោបាយដ៏ចាក់ដោតមួយថា៖ ប្រសិនបើបាងកកពិតជាមានភាពស្មោះត្រង់ និងជឿជាក់លើមូលដ្ឋានច្បាប់និងភស្តុតាងរបស់ខ្លួនមែន តើហេតុអ្វីបានជាថៃខ្លាចការដាក់បញ្ហាឱ្យអន្តរជាតិពិនិត្យមើលដល់ថ្នាក់នេះ? ចម្លើយគឺព្រោះតែថៃចង់រក្សា «សេរីភាពក្នុងការរំលោភបំពាន» ក្នុងម្លប់នៃការចរចាទ្វេភាគីដែលគ្មានទីបញ្ចប់។
ដូច្នេះ កម្ពុជាមិនចាំបាច់បោះបង់យន្តការទ្វេភាគីនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រ កម្ពុជាត្រូវតែបន្តប្រើប្រាស់ការទូតពហុភាគី ដើម្បីបង្កើនការត្រួតពិនិត្យ និងដាក់សម្ពាធការទូតអន្តរជាតិ ឱ្យភាគីថៃលែងមានលទ្ធភាពគេចវេស និងត្រូវតែងាកមកគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានលេស។
សេចក្តីសន្និដ្ឋាន៖ ពីសម្ពាធការទូតទៅការអនុវត្តកិច្ចព្រមព្រៀង
ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ ទៅកិច្ចប្រជុំកំពូលអាស៊ាននៅម៉ានីល កម្ពុជាបានបន្តលើកបញ្ហាព្រំដែនជាមួយថៃទៅកាន់ឆាកអន្តរជាតិ ដោយផ្អែកលើគោលការណ៍សន្តិភាព អធិបតេយ្យភាព និងច្បាប់អន្តរជាតិ។
សេចក្តីសម្រេចរបស់ OIF ដែលលើកឡើងអំពីកម្ពុជា–ថៃដោយផ្ទាល់ ការរំលឹករបស់ប្រធានាធិបតី ដូណាល់ ត្រាំ អំពីការរក្សាបទឈប់បាញ់ និងសាររបស់សម្តេចតេជោ ហ៊ុន សែន ដែលជំរុញឱ្យថៃអនុវត្តកិច្ចព្រមព្រៀង បានបង្ហាញចំណុចរួមមួយថា សន្តិភាពមិនអាចធានាបានដោយពាក្យសន្យាឡើយ ប៉ុន្តែត្រូវមានការអនុវត្តជាក់ស្តែង។
ការទទូចរបស់បាងកក ឱ្យរក្សាជម្លោះត្រឹមក្របខណ្ឌទ្វេភាគី មិនមែនជាការស្វែងរកដំណោះស្រាយដោយសុចរិតនោះទេ ប៉ុន្តែជាល្បិចកលនយោបាយដើម្បី «បិទបាំងការពិត និងគេចវេសពីការទទួលខុសត្រូវ» ក្រោមសម្ពាធអន្តរជាតិ។ ទោះជាយ៉ាងណា ឧបាយកលនេះមិនអាចរារាំងកម្ពុជាពីការពង្រីកការទូតពហុភាគី ដើម្បីទាមទាររកយុត្តិធម៌ និងការគោរពច្បាប់អន្តរជាតិបានឡើយ។
ប៉ុន្តែ បទឈប់បាញ់មិនមែនជាការបញ្ចប់ជម្លោះព្រំដែន ហើយការគាំទ្រពីអន្តរជាតិ ក៏មិនមែនជាសាលក្រមកំណត់អធិបតេយ្យភាពលើទឹកដីដែរ។ ដំណោះស្រាយយូរអង្វែងត្រូវផ្អែកលើការគោរពកិច្ចព្រមព្រៀង ការបន្តការវាស់វែង និងខណ្ឌសីមាព្រំដែន ការពិនិត្យភស្តុតាង និងការមិនប្រើកម្លាំងផ្លាស់ប្តូរស្ថានភាពទឹកដី។
ដូច្នេះ ជោគជ័យពិតប្រាកដរបស់កម្ពុជា មិនត្រូវវាស់ត្រឹមសេចក្តីប្រកាសគាំទ្រពីអន្តរជាតិឡើយ ប៉ុន្តែត្រូវវាស់ដោយការរក្សាសន្តិភាព ការធានាសុវត្ថិភាពប្រជាពលរដ្ឋ និងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយស្របច្បាប់។
មេរៀនចុងក្រោយពីភ្នំពេញដល់ម៉ានីល គឺថា ការទូតអាចបង្កើតសម្ពាធឱ្យគោរពសន្តិភាព ប៉ុន្តែមានតែការបង្ខំឱ្យថៃ ឈប់គេចវេស ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបអាចកសាងសន្តិភាពប្រកបដោយចីរភាពបាន៕




