សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចំពោះសារជូនពរក្នុងឱកាសពិធីចម្រើនជន្មាយុ
18-11-2026 18:11
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះសារលិខិតជូនពរចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេច នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមរយៈសារលិខិតចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវបីតិសោមនស្សរីករាយក្នុងចិត្តឥតឧបមា ព្រមទាំងបានគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន ភាពឈ្លាសវៃ ការលះបង់ដ៏ធំធេង និងគុណបំណាច់ជាប្រវត្តិសាស្ត្ររបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងបុព្វហេតុរំដោះជាតិ ការការពារ ការកសាង និងការអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
សម្តេចប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់បន្ថែមអំពីស្នាដៃដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាពញាចក្រី ក្នុងការដឹកនាំស្ថាប័នរដ្ឋសភានាពេលកន្លងមក ឱ្យមានការរីកចម្រើនឥតឈប់ឈរ តាមរយៈការតាក់តែង និងអនុម័តច្បាប់សំខាន់ៗជាច្រើន ការពង្រឹងមុខងារតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងប្រជាពលរដ្ឋ ព្រមទាំងការលើកកម្ពស់កិត្យានុភាព និងតួនាទីការទូតសភាកម្ពុជាឱ្យកាន់តែលេចធ្លោត្រដែតឡើងទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





