គួរឲ្យរន្ធត់! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឈ្នួល និងរថយន្តពេទ្យ នៅខេត្ដមណ្ឌលគិរី បណ្តាលឲ្យស្លាប់៣នាក់ (ម្នាក់ជាមន្រ្តីអាវុធហត្ថ) និងរបួសធ្ងន់៣នាក់
18-11-2026 18:29
(មណ្ឌលគិរី)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកភូមិអណ្ដូងក្រឡឹង ឃុំ សែនមនោរ្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី បណ្តាលឱ្យមនុស្សចំនួន៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោក យឹម ចិន្តា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតាក់ស៊ី និងរថយន្តពេទ្យដឹកអ្នកជំងឺ បើកបរបញ្រ្ចាស់ទិសគ្នា បុកគ្នាពេញទំហឹងនៅចំណុចខាងលើ បណ្តាលឲ្យមានអ្នកស្លាប់៣នាក់ របួសធ្ងន់៣នាក់ ក្នុងចំណោមអ្នកស្លាប់ មានកូនអ្នកបើកបរឡានពេទ្យម្នាក់ដែរ។
អ្នកបើកបរឈ្មោះ រុន តុងនាង ភេទប្រុស អាយុ២៣ឆ្នាំ (អ្នកបើបររថយន្តតាក់ស៊ី ស្លាប់នៅកន្លែងកើតហេតុ) អ្នកបើកបររថយន្តដឹកអ្នកជំងឺឈ្មោះ ហេង វណ្ណារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រងរបួសធ្ងន់។
អ្នករួមដំណើរឈ្មោះ ឃុន រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិចំកាតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (បុគ្គលិកពេទ្យរងរបួសធ្ងន់បាក់ជើង), អ្នករួមដំណើរឈ្មោះ ឡាយ ចាន់លៀង ភេទប្រុស អាយុ៣៥ឆ្នាំ (រងរបួសធ្ងន់បាក់ជើង), អ្នករួមដំណើរឈ្មោះ ម៉ក មករា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមន្រ្តីប៉េអឹម ខេត្តមណ្ឌលគិរី (ស្លាប់), អ្នករួមដំណើរឈ្មោះ ហេង វណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ ទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ស្លាប់)។
តាមការបញ្ជាក់ប្រាប់ពីសមត្ថកិច្ចឱ្យដឹងថា រថយន្តបង្ក គឺរថយន្ត HAIACE តាក់ស៊ី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2CK8425 ជែងរថយន្តធំចូលទៅកន្លងផ្លូវខាងស្ដាំ របស់រថយន្តពេទ្យ ទើបបណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។
បន្ទាប់ពីមន្រ្តីនគរបាលធ្វើការវាស់វែងរួច បច្ចុប្បន្ន សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។
ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ខេត្តមណ្ឌលគិរី។ រាល់វត្ថុតាងទាំង២ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូររាំង ចាត់ចែងតាមនីតិវិធីបន្ត៕










