កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី រំលេចយ៉ាងខ្ពស់ត្រដែតនូវមោទនភាព និងផលប្រយោជន៍កម្ពុជា (Video inside)
18-11-2026 20:16
(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៤ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងទើបតែបិទបញ្ចប់ដោយជោគជ័យនាពេលថ្មីៗនេះ កម្ពុជាពិតជាបានបង្ហាញមុខមាត់ជាថ្មី លើឆាកអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាលើកដំបូងជាប្រវត្តិសាស្ត្រ ដែលមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសជិត៩០ និងមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង១០០០នាក់ ចូលរួមផ្តិតយករូបភាព និងខ្លឹមសារព័ត៌មានយ៉ាងទូលំទូលាយ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាកិត្តិយស និងមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបង្ហាញពីការរីកចម្រើន សមត្ថភាពការទូត និងតួនាទីកម្ពុជាក្នុងកិច្ចការអន្តរជាតិ។
តាមរយៈវីដេអូរយៈពេលប្រមាណ១៥នាទី ជាខ្លឹមសារសង្ខេបផលិតដោយអង្គភាពព័ត៌មានិងប្រតិកម្មរហ័ស សម្រាប់កម្ពុជា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាសមិទ្ធផលការទូតដ៏មានតម្លៃ ដែលបង្ហាញថា ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ការបែកបាក់ជាតិ និងការធ្លាក់ក្នុងស្ថានភាពលំបាកយ៉ាងធ្ងន់ធ្ងរស្ទើរក្លាយជាផេះផង់ បែរជាអាចងើបឈរឡើងវិញ និងក្លាយជាទីកន្លែងវេទិកាអន្តរជាតិសម្រាប់ការពិភាក្សាអំពីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួម។
ជុំវិញព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ចំណុចលេចធ្លោរធំៗចំនួន៥ ក្នុងចំណោមជោគជ័យជាច្រើនទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យ ដែលបានបង្ហាញពីការរីកចម្រើនសមត្ថភាពរៀបចំ និងតួនាទីកម្ពុជាក្នុងកិច្ចការអន្តរជាតិ។
វាជាមោទនភាពរបស់ប្រជាជាតិទាំងមូល ដែលបានឃើញរាជធានីភ្នំពេញក្លាយជាទីតាំងប្រមូលផ្តុំមេដឹកនាំ និងតំណាងជាន់ខ្ពស់ពីបណ្តាប្រទេសជាច្រើន ដើម្បីពិភាក្សាអំពីអនាគតនៃសន្តិភាព និងវិបុលភាពរួម។ ជាងនេះទៅទៀត តម្លៃជាងកិត្តិយស គឺសមត្ថភាពរបស់កម្ពុជាក្នុងការបម្លែងឱកាសនេះទៅជាផលប្រយោជន៍យូរអង្វែងសម្រាប់ប្រទេសជាតិ និងប្រជាជន។
ផលប្រយោជន៍ទាំងនោះរួមមាន ការពង្រឹងអធិបតេយ្យភាព និងកិត្យានុភាពជាតិ ការពង្រីកទំនាក់ទំនងការទូត ការទាក់ទាញការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា និងការបង្កើតឱកាសថ្មីៗសម្រាប់យុវជន។
មោទនភាពដែលកម្ពុជាទទួលបានពីការធ្វើជាម្ចាស់ផ្ទះ គឺជាកម្លាំងចិត្តដ៏សំខាន់ ប៉ុន្តែភាពជោគជ័យពិតប្រាកដ គឺការធ្វើឱ្យកិត្តិយសនោះក្លាយជាសមិទ្ធផលជាក់ស្តែង។ ពោលគឺកម្ពុជា មិនត្រឹមតែចង់ឱ្យពិភពលោកស្គាល់កម្ពុជាតាមរយៈការរៀបចំកិច្ចប្រជុំដ៏ធំមួយប៉ុណ្ណោះទេ ប៉ុន្តែចង់ឱ្យពិភពលោកមើលឃើញកម្ពុជាជាប្រទេសដែលមានសក្តានុពល ជាដៃគូដែលគួរឱ្យទុកចិត្ត និងជាប្រទេសដែលអាចចូលរួមចំណែកក្នុងការកសាងសន្តិភាព និងវិបុលភាពរួម៕























