ទស្សនីយភាពសិល្បៈល្ខោនបាមោជ្ជទ័យវិលត្រឡប់ជាថ្មី ជាមួយសាច់រឿងថ្មី «កំពង់ធំជំរុំចិត្ត»
18-11-2026 20:43
(ភ្នំពេញ)៖ ទស្សនីយភាពសិល្បៈល្ខោនបាមោជ្ជទ័យ វិលត្រឡប់ជាថ្មី ដើម្បីបម្រើអារម្មណ៍អ្នកស្នេហាសិល្បៈដូនតាខ្មែរ។ ល្ខោនបាមោជ្ជទ័យ ជាទម្រង់សិល្បៈល្ខោនច្រៀងបែបទំនើបរបស់កម្ពុជា ដែលរួមបញ្ចូលគ្នារវាងការនិយាយ ការច្រៀង និងការសម្តែងរឿង។ ទម្រង់សិល្បៈនេះបានកកើតឡើងនៅដើមសតវត្សរ៍ទី២០ (ចន្លោះឆ្នាំ១៩១៤ ដល់ ១៩១៨) ដោយយកលំនាំតាមល្ខោនច្រៀងបែបបស្ចិមប្រទេសអូប៉េរ៉ែត (Operette) របស់បារាំង។
ល្ខោនបាមោជ្ជទ័យ ធ្លាប់មានការពេញនិយមនៅកម្ពុជាកណ្តាល (ភ្នំពេញ និងតាមខេត្ត) នៅអំឡុងឆ្នាំ១៩៣០ មុនពេលល្ខោនបាសាក់ចាប់ផ្តើមទទួលបានប្រជាប្រិយភាព។ កាលពីពេលថ្មីៗនេះ ទម្រង់សិល្បៈមួយនេះ ត្រូវបានគាស់រំលើងមកវិញ បន្ទាប់ត្រូវបានកប់ចោលអស់ជាច្រើនឆ្នាំ។ ការគាស់រំលើងមកវិញជាមួយសាច់រឿង «កុលាបប៉ៃលិន» បាននាំឱ្យមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។
ពេលនេះទស្សនីយភាពសិល្បៈល្ខោនបាមោជ្ជទ័យ បានវិលត្រឡប់មកជាថ្មីជាមួយរសជាតិសាច់រឿងថ្មី គឺរឿង «កំពង់ធំជំរំចិត្ត»។ «កំពង់ធំជំរំចិត្ត» គឺជាប្រលោមលោកមនោសញ្ចេតនាបែបសង្គមដ៏ល្បីល្បាញរបស់កម្ពុជា តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០។ ស្នាដៃនេះត្រូវបានប្រជាជនខ្មែរស្គាល់យ៉ាងទូលំទូលាយតាមរយៈល្ខោនវិទ្យុជំនាន់ដើម និងបទចម្រៀងមរតកដើម។
«កំពង់ធំជំរំចិត្ត» ជាសាច់រឿងរៀបរាប់ពីវិបត្តិស្នេហា និងជីវិតគ្រួសារដ៏កម្សត់នៅខេត្តកំពង់ធំ ដែលកើតឡើងដោយសារភាពច្រណែនឈ្នានីស ការរើសអើងវណ្ណៈ និងទំនៀមទម្លាប់បុរាណ «នំធំជាងនាឡិ»។
ទស្សនីយភាពថ្មី នៃសាច់រឿង «កំពង់ធំជំរំចិត្ត» ក្នុងទម្រង់សិល្បៈល្ខោនបាមោជ្ជទ័យ មានរសជាតិប្លែកភ្នែក ប្លែកអារម្មណ៍បែបណា? សូមអញ្ជើញចូលរួមទស្សនា ក៏ដូចជាគាំទ្រទស្សនីយភាពសិល្បៈខ្មែរកុំបីខាន។
ទស្សនីយភាពសិល្បៈនេះ នឹងសម្តែងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុមុខវេលាម៉ោង ៥៖៣០នាទីល្ងាច។ តម្លៃសំបុត្រមាន ២០ ០០០រៀល និង៤០ ០០០រៀ។
📞 ព័ត៌មានបន្ថែម និងការកក់សំបុត្រ (ទូរស័ព្ទ ឬ Telegram)
• Cellcard: 011 335 181 | khlink.me/dpa-tk1
• Smart: 081 890 945 | khlink.me/dpa-tk2
• Metfone: 097 205 7123 | khlink.me/dpa-tk3





