វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
18-11-2026 20:56
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបាននិយាយថារូបលោកមានផែនការពិភាក្សាលើបញ្ហាជាច្រើនក្នុងនោះរួមមានទាំងការរំសាយអាវុធនុយក្លេអ៊ែរនៅឯជំនួបត្រីភាគីលើកដំបូងជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង Shenzhen ប្រទេសចិនក្នុងសប្ដាហ៍នេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងការបរទេសចិនបានច្រានចោលចំពោះការលើកឡើងថាកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរនឹងត្រូវបានផ្តោតពិសេស ដោយអះអាងថាកិច្ចពិភាក្សានៅ Shenzhen នឹងផ្ដោតជាសំខាន់លើការការពារសន្តិភាពពិភពលោក និងការលើកកម្ពស់ស្ថិរភាព។
នេះមិនមែនជាលើកទី១ទេដែលលោក ត្រាំ បានលើកឡើងពីលទ្ធភាពនៃកិច្ចប្រជុំត្រីភាគីលើការរំសាយអាវុធនុយក្លេអ៊ែរ។ កាលពីខែតុលាកន្លងទៅ ប៉ុន្មានសប្ដាហ៍ក្រោយជួបលោក ស៊ី ជីនពីង នៅសេតវិមាន លោកបានអះអាងថាកិច្ចចរចាលើការរំសាយអាវុធនុយក្លេអ៊ែរកំពុងប្រព្រឹត្តទៅ បើទោះជារដ្ឋបាលរបស់លោកមិនបានផ្ដល់ព័ត៌មានលម្អិតក៏ដោយ។ ប៉ុន្តែខណៈការជំរុញឱ្យចិនចូលរួមកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរគឺជាគោលដៅមួយរបស់រដ្ឋបាលអាមេរិកជាច្រើនជំនាន់ រួមទាំងជំនាន់លោក ត្រាំ ការរំពឹងថាអាចនឹងមានច្រកចេញ ឬវឌ្ឍនភាពលើបញ្ហានេះស្ថិតក្នុងកម្រិតទាបបំផុត។ ចិនបានអះអាងជាយូរណាស់មកហើយថាភាពខុសគ្នាឆ្ងាយនៃទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមួយអាមេរិក គឺជាហេតុផលមួយដែលប៉េកាំងប្រកែកមិនចង់ចូលរួមក្នុងកិច្ចចរចា ឬកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រង អាវុធនុយក្លេអ៊ែរ។ នៅពេលត្រូវបានសួរបញ្ជាក់កាលពីខែតុលាថាតើកិច្ចចរចានុយក្លេអ៊ែរពិតជាកំពុងប្រព្រឹត្តទៅមែនដែរឬទេ? អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិនបានលើកឡើងជាថ្មីពីភាពខុសគ្នាឆ្ងាយនៃទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ ហើយបានបញ្ជាក់ថាវាមិនយុត្តិធម៌ មិនសមហេតុផល និងមិនប្រាកដនិយមនោះទេដែលត្រូវស្នើឱ្យចិនចូលរួម។
ភាពខុសឆ្ងាយនៃទំហំឃ្លាំងអាវុធនុយក្លេអ៊ែរនេះគឺមានពិតមែន។ ចិនត្រូវបានរាយការណ៍ថាមានក្បាលគ្រាប់នុយក្លេអ៊ែរជិត ៦០០គ្រាប់ ធៀបទៅនឹងសហរដ្ឋអាមេរិកមាន ៣៧០០គ្រាប់ និងរុស្ស៉ីមានរហូតដល់ទៅ ៤៤០០គ្រាប់។ ក៏ប៉ុន្តែអ្វីដែលសំខាន់ លក្ខខណ្ឌដែលចិនបានដាក់សម្រាប់កិច្ចចរចាក៏បានផ្លាស់ប្ដូរផងដែរ។ ជាឧទាហរណ៍៖ កាលពីឆ្នាំ១៩៨២ ចិនបានទាមទារថាសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ចាំបាច់ត្រូវតែកាត់បន្ថយទំហំឃ្លាំងអាវុធនុយក្លេអ៊ែរឱ្យបានពាក់កណ្ដាលជាមុនសិន មុននឹងចង់ឱ្យប៉េកាំងពិចារណាលើការចូលរួមកិច្ចចរចា។ តែទោះបីជាស្ដុកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានថយចុះ អស់៨០ភាគរយចាប់តាំងពីវាយកម្ទេចជញ្ជាំងក្រុងបែរឡាំងក៏ដោយ ក៏ថ្នាក់ដឹកនាំចិននៅតែទាមទារឱ្យមានការកាត់បន្ថែមទៀត។
តួយ៉ាង សៀវសមួយរបស់ចិនចេញផ្សាយកាលពីឆ្នាំ២០២៥ នៅតែបន្តទាមទារឱ្យកាត់បន្ថយទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ។ ការអំពាវនាវនេះធ្វើឡើងបើទោះជាមន្ទីរបញ្ចកោណបានវាយតម្លៃថាស្ដុកអាវុធនុយក្លេអ៊ែររបស់ចិនបានកើនឡើង ៣ដងចាប់តាំងពីឆ្នាំ២០២០មកក៏ដោយ។ ការស្ទាក់ស្ទើរ និងការប្រឆាំងជំទាស់របស់ចិនក្នុងការចូលរួមកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ មានមួយផ្នែកបណ្ដាលមកពីមេរៀន ប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រផ្ទាល់ខ្លួន។ ជាមេរៀនប្រវត្តិសាស្ត្រ ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរបានក្លាយជាឧបករណ៍មួយត្រូវបានប្រើប្រាស់ដោយក្រុមប្រទេសមហាអំណាចធំៗដើម្បីសម្លុតគំរាម ឬដាក់សម្ពាធលើប្រទេសទន់ខ្សោយជាងពួកគេ។ នៅពេលសហរដ្ឋអាមេរិក ព្រីតថេន និងសូវៀតចុះហត្ថលេខាលើសន្ធិសញ្ញា Partial Test Ban Treaty ក្នុងឆ្នាំ១៩៦៣ ចិនមិនទាន់ធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅឡើយទេ។ សន្ធិសញ្ញានេះបានហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅក្នុងបរិយាកាស នៅទីអវកាស និងនៅក្រោមទឹក តែអនុញ្ញាតឱ្យមហាអំណាចទាំងនេះធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅក្រោមដី។ បម្រាមនេះត្រូវបានចិនបកស្រាយថាជាការរឹតត្បិតលើប្រទេសដទៃដែលមិនទាន់មានអាវុធនុយក្លេអ៊ែរ ខណៈពួកមហាអំណាចនុយក្លេអ៊ែរនៅតែបន្តអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេឱ្យកាន់តែទំនើប។
អតីតនាយករដ្ឋមន្ត្រីចិន លោក Zhou Enlai ថែមទាំងហៅសន្ធិសញ្ញានេះជាឧបករណ៍បម្រើផលប្រយោជន៍របស់មហាអំណាចធំៗ ដែលអាច យកអាវុធនុយក្លេអ៊ែរមកគំរាមកំហែងប្រឆាំងនឹងប្រទេសតូចៗ ឬប្រទេសមិនមានអាវុធនុយក្លេអ៊ែរ។ នៅពេលចិនធ្វើតេស្តអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ១៩៦៤ រដ្ឋបាលប៉េកាំងបន្តនិយាយថាសន្ធិសញ្ញា Partial Test Ban Treaty ជាការប៉ុនប៉ងមួយដើម្បីពង្រឹងនុយក្លេអ៊ែរផ្ដាច់មុខរបស់ មហាអំណាចទាំង៣។ ទស្សនយល់ឃើញបែបនេះនៅតែមានមកទល់នឹងសព្វថ្ងៃ ដោយថ្នាក់ដឹកនាំមួយចំនួនក្នុងទីក្រុងប៉េកាំងមើលឃើញថាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរស្នើឡើងដោយសហរដ្ឋអាមេរិក មានគោលដៅរក្សាឧត្តមភាពនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងទប់ស្កាត់កុំឱ្យចិនពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរតាមទាន់សហរដ្ឋអាមេរិក។ ជាក់ស្ដែង ថ្មីៗនេះប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន លោក Sun Xiaobo បានចោទប្រកាន់សហរដ្ឋអាមេរិកត្រង់ៗថាកំពុងឈ្លក់វង្វេងក្នុងការការពារអនុរភាពនុយក្លេអ៊ែរ។
ហេតុផលទី២ ដែលធ្វើឱ្យចិនស្ទាក់ស្ទើរចូលរួមគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នោះគឺការជឿជាក់ថាការកំញើញនុយក្លេអ៊ែរមានប្រសិទ្ធភាពបំផុតពឹងផ្អែកការលាក់បាំងសមត្ថភាពពិតកុំឱ្យសត្រូវដឹង។ ចិនបានសន្យាថានឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុននោះទេ។ ការសន្យានេះត្រូវបានក្រុមអ្នកជំនាញបកស្រាយថាកងកម្លាំងនុយក្លេអ៊ែរចិនត្រូវតែអភិវឌ្ឍឱ្យបាននូវសមត្ថភាពវាយប្រហារសងសឹក ពោលគឺទោះក្នុងករណីចិនរងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរមុន កងកម្លាំងចិនត្រូវតែមានសមត្ថភាពវាយប្រហារសងសឹកវិញដោយប្រើអាវុធនុយក្លេអ៊ែរ។ លោក Wu Riqiang មកពីសាកលវិទ្យាល័យ Tsinghua University បានកត់សម្គាល់ថាការលាក់បាំងមិនឱ្យសត្រូវដឹងពីចំនួន និងទីតាំងត្រៀមបាញ់អាវុធនុយក្លេអ៊ែរគឺជាការកំញើញយ៉ាងមានប្រសិទ្ធភាព។ ក្នុងន័យនេះការចូលរួមក្នុងកិច្ចព្រមព្រៀងណាមួយនឹងតម្រូវឱ្យចិនផ្ដល់ព័ត៌មានពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលនេះអាចនឹងក្លាយជាព័ត៌មានមួយត្រូវបានសត្រូវយកទៅប្រើដើម្បីកំណត់គោលដៅ។
ហេតុផលទី៣៖ នោះគឺការជឿជាក់ថាអាវុធនុយក្លេអ៊ែរជាកិត្យានុភាពជាតិ។ ក្នុងឆ្នាំ១៩៨៨ អតីតមេដឹកនាំចិន លោក Deng Xiaoping បានលើកសរសើរពីឃ្លាំងអាវុធនុយក្លេអ៊ែរ និងផ្កាយរណបចិនបានលើកមុខមាត់ចិនជាប្រទេសមហាអំណាច។ ដូចគ្នាដែរ កាលពីឆ្នាំ២០១៦ លោក ស៊ី ជីនពីង បានហៅកងកម្លាំងរ៉ុក្កែតចិនជាសរសរស្ដម្ភដ៏សំខាន់មួយនៃតំណែងជាមហាអំណាចដ៏សំខាន់មួយរបស់ចិន។ មិនតែប៉ុណ្ណោះ ការសិក្សាមួយកាលពីឆ្នាំ២០២៣ដោយសាកលវិទ្យាល័យ U.S. National Defense University បានរកឃើញភស្តុតាងយ៉ាងរឹងមាំថាកិត្យានុភាព និងឋានៈជាមហាអំណាចមានឥទ្ធិពលយ៉ាងខ្លាំងលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន។
ហេតុផលទី៤ ដែលចិនស្ទាក់ស្ទើរ និងបារម្ភចំពោះការដាក់កំហិតលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន នោះគឺចិនចង់ឱ្យកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនមានទំហំធំ និងសមត្ថភាពគ្រប់គ្រាន់ដែលអាចកំញើញសហរដ្ឋអាមេរិកកុំឱ្យលូកដៃជួយតៃវ៉ាន់ ក្នុងករណីសង្រ្គាមផ្ទុះឡើង។ ដូច្នេះចិននឹងមិនទទួលយកឡើយនូវសំណើ ឬកិច្ចព្រមព្រៀងណាមួយដែលធ្វើឱ្យចុះខ្សោយដល់សមត្ថភាពរបស់ខ្លួនដើម្បីសម្រេចគោលដៅមួយនេះ។ កាលពីឆ្នាំ២០២៣ ក្រុមមន្ត្រីអាមេរិក និងចិនបានជួបគ្នាដើម្បីពិភាក្សាពីទស្សនៈយល់ឃើញស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ តែចិនបានសម្រេចចិត្តមិនបន្តកិច្ចចរចានេះទេក្នុងឆ្នាំ២០២៤ បន្ទាប់ពីសហរដ្ឋអាមេរិកអនុម័តការលក់អាវុធឱ្យតៃវ៉ាន់។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ទោះបីជាមានការស្ទាក់ស្ទើរ ក៏ចិនមិនមែនបដិសេធដាច់ខាតចំពោះការការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនោះដែរ។ ប៉េកាំងធ្លាប់បានបញ្ជាក់ថាខ្លួនចង់ឃើញរឿងមួយចំនួនពីការគ្រប់គ្រងអាវុធ នោះគឺការប្ដេជ្ញាចិត្តពីមហាអំណាចនុយក្លេអ៊ែរដទៃចំពោះការមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុន ហើយការបិទបញ្ចប់ការដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីលនៅជុំវិញពិភពលោកស្ថិតនៅក្នុងរបៀបវារៈមួយរបស់ខ្លួន។ តែយ៉ាងណាក៏ដោយ សម្បទានទាំងនេះទំនងជានឹងមិនមែនជាអ្វីដែលទីក្រុងវ៉ាស៊ីនតោនចង់បាននោះទេ។ គោលនយោបាយ 2022 Nuclear Posture Review របស់សហរដ្ឋអាមេរិក បានធ្វើការសន្និដ្ឋានថាការអនុវត្តតាមគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុន អាចនឹងបង្កទៅជាហានិភ័យមួយក្នុងកម្រិតមិនអាចទទួលយកបានចំពោះសន្តិសុខជាតិអាមេរិក ហើយថាការអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome គឺជាអាទិភាពមួយរបស់រដ្ឋបាលលោកប្រធានាធិបតី ត្រាំ៕









