ព្រះរាជក្រឹត្យថ្មី តម្រូវមន្ត្រីពន្ធនាគារទាំងអស់ ត្រូវចូលនិវត្តន៍នៅអាយុ ៦០ឆ្នាំ ចាប់ពីឆ្នាំ២០២៧ តទៅ
18-11-2026 21:46
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រើព្រះរាជក្រឹត្យថ្មីមួយ ដែលបានកែសម្រួលមាត្រា៤៣ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលតាមការកែសម្រួលនេះ មន្ត្រីពន្ធនាគារគ្រប់ប្រភេទឋានន្តរស័ក្តិ ត្រូវដាក់ឱ្យចូលនិវត្តន៍នៅពេលដល់អាយុ ៦០ឆ្នាំ នៅថ្ងៃទី១ នៃខែបន្ទាប់ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។
ការកែសម្រួលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព និងភាពច្បាស់លាស់នៃប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ។ ក្រសួងមុខងារសាធារណៈនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនីតិវិធីថ្មីនេះ ដោយត្រូវជូនដំណឹងដល់ក្រសួងមហាផ្ទៃអំពីស្ថានភាពមន្ត្រីដែលត្រូវចូលនិវត្តន៍នៅឆ្នាំបន្ទាប់ ក្នុងត្រីមាសទី១នៃឆ្នាំនីមួយៗ។ ក្រសួងក៏ត្រូវរៀបចំការដាក់មន្ត្រីពន្ធនាគារឱ្យចូលនិវត្តន៍ឱ្យបាន ៦ខែ មុនកាលបរិច្ឆេទកំណត់ ដោយបំពេញបែបបទនិងនីតិវិធីផ្អែកលើកម្រិតមុខតំណែង។
សម្រាប់មន្ត្រីពន្ធនាគារក្នុងមុខតំណែងគ្រប់គ្រងដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ នឹងត្រូវដាក់ឱ្យចូលនិវត្តន៍ដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យរៀងៗខ្លួន។ ចំណែកមន្ត្រីពន្ធនាគារក្នុងមុខតំណែងគ្រប់គ្រងដែលតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីពន្ធនាគារដែលបំពេញមុខតំណែងវិជ្ជាជីវៈគ្រប់ប្រភេទ នឹងត្រូវដាក់ឱ្យចូលនិវត្តន៍ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ការអនុវត្តរបបសោធននិវត្តន៍ និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈចំពោះមន្ត្រីពន្ធនាគារ ត្រូវអនុវត្តតាមបទប្បញ្ញត្តិជាធរមាន ដូចការអនុវត្តចំពោះមន្ត្រីរាជការស៊ីវិលផងដែរ៕







