អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ នាំយកអំណោយមនុស្សធម៌ជូនគ្រួសារស្ត្រីមេម៉ាយ មានជំងឺប្រចាំកាយនៅឃុំសំរោង
18-11-2026 22:17
(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ដឹកនាំដោយលោក រ៉ាន់ សុឃឿន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក រួមជាមួយព្រះបញ្ញាកោសល្យ សឿប វណ្ណៈ ព្រះគ្រូលេខាធិការអនុគណស្រុក និងជាអនុប្រធានកិត្តិយសអនុសាខា បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាស្រុក ផ្តល់ជូនដល់គ្រួសារលោកស្រី បឿន សារ៉ាន អាយុ ៥៣ឆ្នាំ រស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ។
លោកស្រីជាស្ត្រីមេម៉ាយ មានជំងឺប្រចាំកាយ (ទាចទឹក ក្រិនថ្លើម) ដែលកំពុងរស់នៅជាមួយបងស្រី។
ក្នុងឱកាសនោះ លោក រ៉ាន់ សុឃឿន បានពាំនាំនូវការផ្តាំផ្ញើសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងថែរក្សាសុខភាពឱ្យបានប្រសើរឡើង។
អំណោយមនុស្សធម៌ដែលអនុសាខាស្រុកបានផ្តល់ជូនរួមមាន៖ អង្ករ ៧៥ គីឡូក្រាម, មី ៣ កេស, ទឹកស៊ីអ៊ីវ ៣ យួរ, ទឹកត្រី ៣ យួរ, ទឹកសុទ្ធ ១ កេសធំ, ត្រីខ ២ យួរ និងថវិកា ១០០,០០០ រៀលផងដែរ។ កាយវិការមនុស្សធម៌នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់គ្រួសារងាយរងគ្រោះខាងលើ៕









