ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង
19-11-2026 06:43
(កំពង់ចាម)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង២កម្រិតនេះ ចំនួន ១០៤នៅទូទាំងប្រទេស។
ពិធីនេះ រៀបចំឡើងនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជនក្នុងខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងធ្វើឱ្យការផ្តល់សេវាសុខាភិបាលកាន់តែល្អប្រសើរ ដើម្បីជាទីពឹងរបស់ប្រជាពលរដ្ឋមានមានជំងឺ ឬបញ្ហាសុខភាព។
សម្តេចមហាបវរធិបតី បានដាក់ចេញនូវវិធានការគន្លឹះចំនួន៣ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។ វិធានការគន្លឹះទាំង៣នោះរួមមាន៖
១) ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក, ២) ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយ័តកម្ម និងការឆ្លើយតបទៅនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព, ៣) ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុក ជាវិធានការគន្លឹះមួយរបស់សម្តេចមហាបវរធិបតី ពង្រឹងការផ្តល់សេវា និងការផ្តល់សេវាសុខាភិបាលកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋ ជាពិសេសការជួយសង្គ្រោះបឋមនៅពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយតម្រូវវះកាត់បន្ទាន់នោះ។
អនុវត្តតាមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុម័តថវិកាសរុបចំនួន ១៨ ៣០០ ០០០ដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន ៦១កន្លែង (កម្រិត១ CPA1 និងកម្រិត២ CPA2) ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
មកដល់ពេលបច្ចុប្បន្នមន្ទីរពេទ្យបង្អែកចំនួន៦១ ត្រូវបានកែលំអហេដ្ឋារចនាសម្ព័ន្ធ និងធ្វើទំនើបកម្មសម្ភារបរិក្ខារ។ ក្នុងនោះ កម្រិត១ មានចំនួន២៣ និងកម្រិត២ ចំនួន៣៨ នៅក្នុងខេត្តចំនួន២២ (លើកលែងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង)។ ក្នុងខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកចំនួន៥ ត្រូវបានលំអហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់។ មន្ទីរពេទ្យបង្អែកកំរិត២ ចំនួន៤ និងមន្ទីរពេទ្យបង្អែកកំរិត១ ចំនួន១កន្លែង។ មន្ទីរពេទ្យបង្អែកស្រុកទាំង៥នោះរួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកបាធាយ (CPA2), មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ (CPA2),មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ (CPA2), មន្ទីរពេទ្យបង្អែកស្រុកចំការលើ (CPA2) និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ (CPA1)។
គម្រោងនេះបានចំណាយថវិកាសរុបចំនួន ១៨ ០០១ ៥៤៨ ដុល្លារអាមេរិក រួមមាន៖ ១) ការចំណាយលើការសាងសង់ ជួសជុល និងកែលម្អមន្ទីរពេទ្យបង្អែកស្រុកទាំង ៦១កន្លែង ចំនួន ៨ ៣៧២ ៥០០ដុល្លារអាមេរិក និង២) ការចំណាយលើការផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារ បច្ចេកទេស ចំនួន ៩ ៦២៩ ០៤៨ដុល្លារអាមេរិក។
សេវាកែលម្អនៅក្នុងមន្ទីរពេទ្យបង្អែកទាំង៦១កន្លែង រួមមាន៖
* កម្រិត១ (CPA1)៖ បានជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និង មន្ទីរពិសោធន៍ឱ្យស្របតាមបទដ្ឋានបច្ចេកទេស
* កម្រិត២ (CPA2)៖ បានជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ព្រមទាំងបំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ឱ្យស្របតាមបទដ្ឋានបច្ចេកទេស មន្ទីរពេទ្យទាំង២កម្រិត ត្រូវបានបំពាក់សម្ភារវេជ្ជសាស្ត្របន្ថែម រួមមាន ម៉ាស៊ីនអេកូសាស្ត្រ ម៉ាស៊ីន X-Ray ម៉ាស៊ីនវិភាគឈាម។
មន្ទីរពេទ្យបង្អែកទាំង៦១កន្លែង បន្ទាប់ពីបានកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខារថ្មី ធ្វើឱ្យសមត្ថភាពនៃការការផ្តល់សេវាវះកាត់ និងសង្គ្រោះបន្ទាន់ មានការកើនឡើង ២៥,១ភាគរយ ខណៈករណីបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់បានថយចុះ ១១,៣ភាគរយ។ តួលេខនេះផ្អែកលើការប្រៀបធៀបទិន្នន័យ១០ខែ ដើមឆ្នាំ២០២៥ និង ១០ខែ ឆ្នាំ២០២៦ មុន និងក្រោយការកែលម្អមន្ទីរពេទ្យបង្អែកទាំង ៦១កន្លែង។
សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រសួងសុខាភិបាល បានខិតខំយកចិត្តទុកដាក់លើការពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រទំនើបៗតាមស្តង់ដាបច្ចេកទេសអន្តរជាតិ ការផ្គត់ផ្គង់ឱសថគ្រប់គ្រាន់ ប្រកបដោយគុណភាព និងទាន់ពេលវេលាទៅដល់គ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ជាពិសេសមណ្ឌលសុខភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ទាំងមុនពេលបម្រើការងារ និងក្នុងពេលបំពេញការងារ ដោយលើកកម្ពស់ជាប្រចាំគុណភាពនៃការបណ្តុះបណ្តាលនៅគ្រប់គ្រឹះស្ថានបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល ព្រមទាំងការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាល៕




