សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ចំណាយអស់ថវិកា១៥លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (Video inside)
19-11-2026 11:23
(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាអស់ត្រឹម១៥លានដុល្លារ សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលទើបត្រូវបានបិទបញ្ចប់កាលពីពេលកន្លងទៅថ្មីៗនេះ ប្រកបដោយភាពជោគជ័យទាំងស្រុង និងលើកកិត្យានុភាពកម្ពុជានៅលើឆាកអន្ដរជាតិ។
ក្នុងឱកាសអញ្ជើញសម្ពោធប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុក ចំនួន៦១កន្លែង នៅស្រុកបាធាយ ខេត្តកំពង់ចាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ក្រៅពីរដ្ឋចំណាយថវិកា១៥លានដុល្លារហើយនោះ ផ្សេងពីនេះមានការចូលរួមពីអង្គការអន្ដរជាតិហ្វ្រង់កូហ្វូនី វៀតណាម និងវិស័យឯកជន ពោលគ្មានការចំណាយថវិកាខ្ជេះខ្ជាយឡើយ មានតែចំណាយរឹតត្បិតចំគោលដៅ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បូកសរុបល្ងាចមិញ យើងចំណាយអស់១៥លានដុល្លារ មិនមែន១០០លាន ២០០លានដុល្លារនោះទេ គឺ១៥លានដុល្លារនេះជាអ្វីដែលរដ្ឋចេញ។ ចំណាយសរុបច្រើនជាងនេះប៉ុន្ដែរដ្ឋចេញតែ១៥លានដុល្លារទេ ក្រៅពីនោះការចំណាយគឺក្រុមហ៊ុនឯកជនជាអ្នកទទួលខុសត្រូវខ្លួនឯង។ ខ្ញុំសូមអរគុណគណៈកម្មការដែលខិតខំទូទាត់ ចាយវាយដោយសន្សំសំចៃខ្ពស់ដើម្បីយើងសម្រេចភារកិច្ចដោយមិនខ្ជេះខ្ជាយ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ អស់តិច ប៉ុន្ដែចំគោលដៅ។ ដោយឡែក សម្រាប់បណ្ដាប្រទេសនានាដែលចូលរួម និងនាំយកផលិតផលមកតាំងបង្ហាញនៅប្រទេសកម្ពុជា គឺប្រទេសទាំងអស់នោះជាអ្នកចំណាយថវិកាដោយខ្លួនឯង ខណៈរាជរដ្ឋាភិបាលកម្ពុជាមានតួនាទីភារកិច្ច ក្នុងការជួយសម្របសម្រួលបង្កលក្ខណៈងាយស្រួល។
ផ្ទុយទៅវិញ បណ្ដាប្រទេសដែលចូលរួមទាំងអស់ បានចាយថវិកាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះមានទាំងការចំណាយលើកស្នាក់នៅ ម្ហូបអាហារ និងទិញវត្ថុអនុស្សាវរីយ៍នៅក្នុងប្រទេសកម្ពុជា ដែលនេះហើយជាផលប្រយោជន៍ដែលប្រជាជនកម្ពុជាទទួលបាន។ បន្ថែមពីនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឲ្យដំណើរការនៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមួយនេះបានប្រព្រឹត្តទៅដោយជោគជ័យ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៀតថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាឱកាសនៃការទាញយកផលប្រយោជន៍លើផលសេដ្ឋកិច្ច ពោលមានក្រុមហ៊ុនជាច្រើន បានសិក្សាពីការវិនិយោគនៅកម្ពុជា និងការចុះកិច្ចព្រមព្រៀងមួយចំនួន។ ការសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីជាច្រកអាស៊ាន និងហ្វ្រង់កូហ្វូនី គឺជាផលប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា។
ក្រៅពីនេះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាឱកាសនៃការផ្សព្វផ្សាយមរតកវប្បធម៌សិល្បៈរបស់ខ្មែរ ហើយក៏ជាឱកាសសម្រាប់កម្ពុជាលើកបង្ហាញពីបញ្ហា និងការរងគ្រោះរបស់កម្ពុជាបណ្តាលពីជម្លោះព្រំដែនជាមួយថៃ។ នេះបើតាមអ្វីដែលសម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់បន្ថែម។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា តាមរយៈការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ បានបង្ហាញឲ្យពិភពលោកបានឃើញកាន់តែច្បាស់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសន្ដិសុខ និងសុវត្ថិភាពយ៉ាងល្អ ព្រោះបណ្ដាប្រធានាធិបតី នាយករដ្ឋមន្ដ្រី សរុប១៧ប្រទេសដែលបានអញ្ជើញមកចូលរួម គឺឆ្លៀតដើរលេងកម្សាន្ដដោយមិនបានជូនដំណឹងជាមួយនៅរាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព។
ដូច្នេះហើយ អ្វីដែលគេតែងចោទប្រកាន់ប្រទេសកម្ពុជាថា ជាប្រទេសដែលមានបញ្ហាអសន្ដិសុខ មិនមានសុវត្ថិភាព គឺត្រូវបានលាងជម្រះសម្អាតតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ បញ្ចប់ដោយជោគជ័យ ជាមួយការធានាបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទាំងមូល៕

































































