វិភាគអន្តរជាតិ៖ ដាក់ពង្រាយយន្ដហោះយោធាហោះឆ្វែលអាស៊ី អ្វីទៅជាសារដែលរុស្ស៉ីចង់បញ្ជូន?
19-11-2026 20:30
(តៃប៉ិ)៖ តាមរយៈការបញ្ជូនយន្ដហោះយោធាហោះឆ្វែលតំបន់អាស៊ីបូព៌ាក្នុងសប្ដាហ៍នេះ រុស្ស៉ីត្រូវបានមើលឃើញថាកំពុងបង្ហាញពីសមត្ថភាពបាចសាចអំណាចយោធាមកកាន់តំបន់អាស៊ី និងអាចជាការបញ្ជូនសារមួយ មុនជំនួបត្រីភាគីអាមេរិក ចិន និងរុស្ស៉ីដែលបានប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ២គ្រឿងរបស់រុស្ស៉ីធុន Tu-95 ឬ NATO ហៅថា «ខ្លាឃ្មុំ» អមដំណើរដោយយន្ដហោះចាក់ប្រេងរយៈចម្ងាយឆ្ងាយ ២គ្រឿង បានហោះឆ្វែលតៃវ៉ាន់ និងជប៉ុន ហើយបានចុះចត និងស្ថិតនៅឯអាកាសយាន្ដដា្ឋន ក្នុងទីក្រុង Danang ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ។
ការដាក់ពង្រាយយន្ដហោះយោធារុស្ស៉ី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុននឹងលោកប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ធ្វើដំណើរទៅដល់ទីក្រុង Shenzhen ស្ថិតនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃពុធ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC និងស្របពេលបណ្ដាមេដឹកនាំ រួមទាំងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជួបជុំគ្នាក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។ លោក Ian Storey ជាអ្នកជំនាញសន្តិសុខម្នាក់មកពីវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បាននិយាយថាការដាក់ពង្រាយ យន្ដហោះយោធារបស់រុស្ស៉ី មានចេតនាយ៉ាងច្បាស់ដើម្បីរំឮកដល់បណ្ដាប្រទេសក្នុងតំបន់ថាទោះជាកំពុងជាប់ដៃធ្វើសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ ក៏ទីក្រុងមូស្គូនៅតែអាចបាចសាចអំណាចយោធាមកកាន់តំបន់អាស៊ីអាគ្នេយ៍។
តាមអ្នកជំនាញរូបនេះ ការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៉ីលើកចុងក្រោយបំផុតទៅកាន់វៀតណាម ធ្វើឡើងក្នុងឆ្នាំ២០១៤ ជាពេលទីក្រុងហាណូយបានអនុញ្ញាតឱ្យនាវាចម្បាំង និងយន្ដហោះយោធារុស្ស៉ីចូលប្រើប្រាស់មូលដ្ឋានទ័ពសម័យសង្រ្គាមត្រជាក់របស់រុស្ស៉ី នៅឯឆ្នេរ Cam Ranh និងព្រលានយន្ដហោះនៅទីក្រុង Danang។ លោក Storey បានបន្តថាត្រឡប់ទៅពេលនោះ រុស្ស៉ីបានដាក់ពង្រាយយន្ដហោះចាក់សាំងទៅកាន់ Danang ដើម្បីគាំទ្រដល់ការហោះហើររបស់យន្ដហោះ Tu-95 នៅក្បែរមូលដ្ឋានអាកាស និងជើងទឹកដ៏ធំរបស់សហរដ្ឋអាមេរិកនៅឯកោះ Guam នៃតំបន់ប៉ាស៊ីហ្វិក។ ប៉ុន្តែការដាក់ពង្រាយបែបនេះត្រូវបានផ្អាក បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្វើការតវ៉ាទៅកាន់ហាណូយ។
ក្រុមអ្នកជំនាញយោធាបានឱ្យដឹងថាយន្ដហោះ Tu-95 ដែលមួយចំនួនមានសមត្ថភាពនុយក្លេអ៊ែរ ជួនកាលត្រូវបានដាក់ពង្រាយដើម្បីប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ និងឈ្លបយកការណ៍។ កាលពីឆ្នាំ២០២៥ ទីក្រុងមូស្គូបានស្នើឱ្យមានការអនុញ្ញាតដូចពីមុនឡើងវិញ តែទីក្រុងហាណូយពីដំបូងឡើយមានការស្ទាក់ស្ទើរ។ នេះបើតាមលោក Nguyen The Phuong ជាអ្នកជំនាញម្នាក់ស្ដីពីសន្តិសុខវៀតណាម នៅឯសាកលវិទ្យាល័យ University of New South Wales របស់អូស្ត្រាលី។ លោក Phuong បាននិយាយថាការដាក់ពង្រាយយោធារុស្ស៉ីក្នុងសប្ដាហ៍នេះផ្ដោតលើប្រតិបត្តិការចាក់សាំងលើអាកាស ហើយវាបានបង្ហាញពីការផ្លាស់ប្ដូរនៅក្នុងវិធីសាស្ត្ររបស់រុស្ស៉ីដែលអាចជាសញ្ញាមួយឱ្យដឹងថានឹងមានការដាក់ពង្រាយបន្ថែមនៅពេលអនាគត។
ក្រសួងការបរទេសវៀតណាម ក្រសួងការបរទេសរុស្ស៉ី និងស្ថានទូតរុស្ស៉ីប្រចាំទីក្រុងហាណូយមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ ចំណែក ក្រសួងការបរទេសអាមេរិកក៏មិនបានឆ្លើយតបដែរទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយ ជុំវិញការហោះឆ្វែលរបស់យន្ដហោះយោធារុស្ស៉ីក្បែរជប៉ុន និងតៃវ៉ាន់។ លោក Chieh Chung ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថាន Institute for National Defense and Security Research របស់តៃវ៉ាន់ បានកត់សម្គាល់ថាវាមិនមែនជាលើកទី១ទេដែលយន្ដហោះយោធារុស្ស៉ីធ្វើប្រតិបត្តិការហោះហើរនៅក្បែរតៃវ៉ាន់ ពោលគឺវាក៏ធ្លាប់កើតមានដែរក្នុងឆ្នាំ១៩៨៦ និងឆ្នាំ២០១០ ដែលករណីទាំង២នេះមានពាក់ព័ន្ធនឹងយន្ដហោះ Tu-95។ លោក Chieh Chung យល់ថារុស្ស៉ីមានចេតនាបញ្ជូនសារនយោបាយ តាមរយៈការជ្រើសរើសពេលវេលាដាក់ពង្រាយយន្ដហោះយោធា នៅមុនកិច្ចប្រជុំកំពូលមេដឹកនាំអាមេរិក ចិន និងរុស្ស៉ី។ សម្រាប់អ្នកជំនាញរូបនេះគោលដៅរបស់រុស្ស៉ី គឺបង្ហាញពីរូបភាពនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងចិន និងរុស្ស៉ី នៅមុនកិច្ចប្រជុំកំពូល។
ចិន និងរុស្ស៉ីមានទំនាក់ទំនងជិតស្និទ្ធទាំងខាងនយោបាយ និងយោធា ហើយមូស្គូបានអះអាងម្ដងហើយម្ដងទៀតពីការគាំទ្រចំពោះការអះអាងពីអធិបតេយ្យរបស់ចិនលើតៃវ៉ាន់ ខណៈកងទ័ពអាកាស និងជើងទឹកចិនបានធ្វើប្រតិបត្តិការក្បែរតៃវ៉ាន់ស្ទើរតែរៀងរាល់ថ្ងៃទៅហើយ។ លោក Huang Chih-wei ជាអនុប្រធានអគ្គសេនាធិការតៃវ៉ាន់បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងតៃប៉ិក កាលពីថ្ងៃពុធថាការហោះហើររបស់យន្ដហោះយោធារុស្ស៉ីបានបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៃស្ថានភាពដើមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
* ជាការបញ្ជូនសារទៅចិន
លោក Phuong បាននិយាយថាការសម្រេចចិត្តរបស់ទីក្រុងហាណូយអនុញ្ញាតឱ្យយន្ដហោះយោធារុស្ស៉ីចុះចតនៅ Danang ក៏អាចត្រូវបានជំរុញលើកទឹកចិត្តផងដែរ ដោយការសម្លឹងឃើញលទ្ធភាពនៃការទិញសព្វាវុធពីរុស្ស៉ីដែលមកទល់នឹងបច្ចុប្បន្នជាអ្នកផ្គត់ផ្គង់អាវុធសំខាន់បំផុតរបស់វៀតណាម។ ទីក្រុងហាណូយបានបង្ហាញជាសាធារណៈពីគោលបំណងធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់អាវុធចាប់តាំងពីឆ្នាំ២០២២ ជាឆ្នាំដែលរុស្ស៉ីធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ប៉ុន្តែវៀតណាមនៅតែត្រូវបន្តពឹងផ្អែកលើការទិញបរិក្ខារយោធា និងការគាំទ្របច្ចេកទេសពីរុស្ស៉ី ខណៈកិច្ចចរចាស្វែងរកអ្នកផ្គត់ផ្គង់បន្ថែមបន្តធ្វើឡើង។
តាមលោក Phuong តាមរយៈការអនុញ្ញាតជាថ្មីឱ្យយន្ដហោះយោធារុស្ស៉ីចុះចត ហាណូយទំនងជាមានបំណងបញ្ជូនសារទៅកាន់ចិន បន្ទាប់ពីប៉េកាំងបានប្រកាសកាលពីចុងខែកញ្ញាកន្លងទៅថាខ្លួនបាន និងកំពុងសាងសង់ព្រលានយន្ដហោះយោធាថ្មីមួយនៅក្នុងប្រទេសឡាវសម្រាប់ការបណ្ដុះបណ្ដាល។ វៀតណាមមិនបានរិះគន់ចិនជាសាធារណៈនោះទេពាក់ព័ន្ធនឹងការសាងសង់ព្រលានយន្ដហោះថ្មីនេះ។ ប៉ុន្តែកំពុងតាមដានសកម្មភាពនៅទីនោះដើម្បីធានាថាព្រលានយន្ដហោះនេះនឹងមិនក្លាយទៅជាមូលដ្ឋានទ័ពអចិន្ត្រៃយ៍មួយនោះទេ។ នេះបើតាមលោក Phuong។
បន្ថែមពីលើនេះ ទីក្រុងហាណូយ និងទីក្រុងប៉េកាំងក៏កំពុងមើលមុខគ្នាមិនត្រង់ផងដែរជុំវិញបញ្ហាដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង។ វៀតណាមតែងតែចាត់ទុកថាទំនាក់ទំនងរឹងមាំរបស់ខ្លួនជាមួយរុស្ស៉ី ជាវិធីសាស្ត្រមួយដើម្បីទប់ទល់ជាមួយចិន។ ត្រង់ចំណុចនេះ លោក Storey យល់ថាការអនុញ្ញាតឱ្យយន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ីចុះចតអាចជាចេតនាមួយរបស់វៀតណាម ដើម្បីបញ្ជូនសារទៅកាន់ចិនថាទំនាក់ទំនងយោធារបស់ខ្លួនជាមួយរុស្ស៉ីនៅតែមានភាពរឹងមាំ៕









