ប្រធានគណៈទន្តពេទ្យកម្ពុជា ណែនាំទន្តពេទ្យទាំងអស់ ឱ្យប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ដល់វិជ្ជាជីវៈ និងប្រជាជន
20-11-2026 15:46
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានថ្លែងណែនាំដល់ទន្តពេទ្យទាំងអស់ ត្រូវប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ដល់វិជ្ជាជីវៈ និងសាធារណជន ពិសេសចៀសវាងដាច់ខាតនូវការបង្ហោះ ឬចែករំលែកសារ រូបភាព ឬវីដេអូដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ តម្លៃវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈទន្តសាស្ត្រ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យជំនួយ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងការផ្សព្វផ្សាយក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសុខាភិបាល នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យ ហង្ស សុមេធ អនុប្រធានគណៈទន្តពេទ្យជាតិ លោកសាស្ត្រាចារ្យ ហេង សុបញ្ញា អនុប្រធានគណៈទន្តពេទ្យជាតិ លោកទន្តបណ្ឌិត ប្រាក់ វណ្ណី អគ្គលេខាធិការគណៈទន្តពេទ្យជាតិ ប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ-ខេត្ត សាស្ត្រាចារ្យ ទន្តបណ្ឌិត និងទន្តពេទ្យជាច្រើនរូបទៀត ដែលរៀបចំដោយគណៈទន្តពេទ្យរាជធានីភ្នំពេញ។
លោកសាស្ត្រាចារ្យបានថ្លែងបន្តថា «សិក្ខាសាលានៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដ៏សំខាន់បំផុត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ក្រសួងសុខាភិបាល និងគណៈទន្តពេទ្យកម្ពុជា សំដៅពង្រឹងការយល់ដឹង លើកកម្ពស់ការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងតម្រង់ទិសដល់សមាជិក សមាជិកាគណៈទន្តពេទ្យទាំងអស់ ឱ្យធ្វើការផ្សព្វផ្សាយព័ត៌មានសុខាភិបាល និងប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈ និងចៀសវាងរាល់ការប្រព្រឹត្តខុសឆ្គងដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈ និងអាជ្ញាបណ្ណរបស់ខ្លួនផងដែរ»។
នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook, TikTok, Instagram, YouTube និងប្រព័ន្ធអនឡាញផ្សេងៗទៀត បានផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការចែករំលែកចំណេះដឹង ការអប់រំសុខភាព និងការផ្សព្វផ្សាយសេវាសុខាភិបាលទៅកាន់សាធារណជន។ ទន្ទឹមនឹងគុណសម្បត្តិទាំងនេះ ការប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយដោយខ្វះការពិចារណា ឬផ្ទុយពីលិខិតបទដ្ឋានគតិយុត្ត ក៏បានបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានគួរឱ្យព្រួយបារម្ភផងដែរ។
លោកសាស្ត្រាចារ្យបានថ្លែងទៀតថា ជាក់ស្ដែងនាពេលកន្លងមក ក្រសួងសុខាភិបាល ក៏ដូចជាគណៈទន្តពេទ្យកម្ពុជា បានសង្កេតឃើញមានអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយចំនួនតូច បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មបំផ្លើសការពិត ការប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្ហោះរូបភាព វីដេអូ ឬបង្ហាញអាកប្បកិរិយាមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ តម្លៃវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈទន្តសាស្ត្រ។ លើសពីនេះទៀត នៅមានករណីអ្នកមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលមួយចំនួន បានធ្វើការផ្សព្វផ្សាយ បង្រៀន និងទទួលនិស្សិតចូលរៀនក្នុងវិស័យសុខាភិបាលតាមប្រព័ន្ធអនឡាញ ដោយពុំមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ដែលទង្វើទាំងនេះមិនត្រឹមតែជាការបំពានច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋទៀតផង។
ដើម្បីពង្រឹងការគ្រប់គ្រង និងដាក់ចេញនូវវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងសុខាភិបាល និងគណៈទន្តពេទ្យកម្ពុជា បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងសេចក្ដីណែនាំសំខាន់ៗជាបន្តបន្ទាប់។ នាឱកាសនោះលោកសាស្ត្រាចារ្យបានរំលេចជូននូវឯកសារគោលចំនួនបីផងដែរ រួមមានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់គណៈទន្តពេទ្យកម្ពុជា។
ជាមួយគ្នានោះប្រធានគណៈទន្តពេទ្យកម្ពុជា បានសង្កត់ធ្ងន់ថា «វិជ្ជាជីវៈទន្តសាស្ត្រ គឺជាវិជ្ជាជីវៈដ៏ឧត្ដុង្គឧត្ដម និងមានតម្លៃខ្ពស់នៅក្នុងសង្គម ព្រោះយើងជាអ្នកផ្ដល់សេវាថែទាំ និងព្យាបាលសុខភាពមាត់ធ្មេញ ដែលផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងសុខភាពទូទៅ និងសុភមង្គលរបស់ប្រជាពលរដ្ឋ។ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងទំនុកចិត្តពីសាធារណជនចំពោះទន្តពេទ្យម្នាក់ៗ មិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែវាកើតចេញពីសមត្ថភាពជំនាញច្បាស់លាស់ ការគោរពច្បាប់ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យរបស់សមាជិក សមាជិកាគណៈទន្តពេទ្យគ្រប់រូប»។
ហេតុដូច្នេះតាមរយៈសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ លោកសាស្ត្រាចារ្យ បានស្នើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ស្ដាប់នូវបទបង្ហាញលម្អិតរបស់វាគ្មិន ចូលរួមពិភាក្សា ផ្លាស់ប្ដូរយោបល់ និងលើកជាសំណួរនានា ដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅរបស់ក្រសួងសុខាភិបាល ក៏ដូចជាលិខិត និងសេចក្ដីណែនាំពាក់ព័ន្ធទាំងអស់ សំដៅអនុវត្តឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងចៀសវាងរាល់កំហុសឆ្គងដែលអាចកើតមានឡើងដោយអចេតនា ឬចេតនា៕


























