* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចប្រធានរដ្ឋសភាជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA នៅប្រទេសហ្វីលីពីនថា ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ

20-11-2026 15:53

(ហ្វីលីពីន)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ោតធើ បេក (Wouter Beke) សមាជិកសភាអឺរ៉ុប និងជាប្រធានគណៈប្រតិភូសភាអឺរ៉ុប ដែលបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន។

នៅក្នុងជំនួបនោះ សម្តេចបានជម្រាបគណៈប្រតិភូនូវព័ត៌មានពិតមួយចំនួន ពីស្ថានភាពពលរដ្ឋភៀសសឹកខ្មែរចំនួនជាង ២ម៉ឺននាក់ ដែលមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារមានការរំលោភបទឈប់បាញ់ និងរំលោភច្បាប់អន្តរជាតិពីសំណាក់ថៃ។ ក្នុងនាមតំណាងប្រជាពលរដ្ឋ សម្តេចបានស្នើសហគមន៍អន្តរជាតិជំរុញភាគីថៃធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរស្លូតត្រង់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសេចក្តីថ្លៃថ្នូរ។ ចំពោះការដោះស្រាយបញ្ហាព្រំដែនត្រូវគោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី។ បន្ទាត់ព្រំដែនប្រទេសទាំងពីរបានទទួលស្គាល់ដោយអន្តរជាតិជាង ១០០ឆ្នាំមកហើយ។ ដូច្នេះ សូមទុកបញ្ហានេះឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោះស្រាយក្នុងការវាស់វែង និងបោះបង្គោលឡើងវិញ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដូចដែលអន្តរជាតិបានដឹងហើយគឺ កម្ពុជាគោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការដោះស្រាយជម្លោះ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមយ៉ាងជូរចត់ ដូច្នេះមិនត្រូវការសង្គ្រាមឡើយ។ សង្គ្រាមមិនអាចឱ្យប្រទេសណាមួយឈ្នះប្រទេសមួយទៀតទេ សង្គ្រាមមានតែអ្នកចាញ់ ដូច្នេះការបញ្ចប់សង្គ្រាមមានតែការចរចាមួយប៉ុណ្ណោះ។

លោក វ៉ោតធើ បេក បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៅក្នុងឱកាសនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះវេទិកាអាយប៉ា (AIPA) ដែលជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋ និងលើកកម្ពស់ការសន្ទនា ដើម្បីផលប្រយោជន៍រួម។ សហភាពអឺរ៉ុប នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសភាកម្ពុជា ក៏ដូចជាវេទិកាអាយប៉ា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

ទាក់ទងនឹងការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ជុំវិញជម្លោះការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពកម្ពុជា គណៈប្រតិភូ បានបញ្ជាក់ថានឹងនាំយកព័ត៌មានទទួលបាននាពេលនេះ ជម្រាបជូនថ្នាក់ដឹកនាំសភាអឺរ៉ុប។ លោក វ៉ោតធើ បេក បានលើកទឹកចិត្តប្រទេសទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សភាអឺរ៉ុប គឺជាដៃគូសន្ទនាដ៏មានសារៈសំខាន់មួយក្នុងចំណោមដៃគូសន្ទនារបស់អាយប៉ា (AIPA)។ ការចូលរួមជាប្រចាំរបស់សភាអឺរ៉ុប បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងតំបន់ទាំងពីររបស់យើង។ ចំណែកទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប កាន់តែមានការរីកចម្រើនជាលំដាប់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការទុកចិត្តគ្នា និងផលប្រយោជន៍រួម។

ក្នុងន័យនេះ សម្តេចស្នើសភាសហភាពអឺរ៉ុប បង្កើនកិច្ចសហប្រតិបត្តិការជាមួយសភាកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជំរុញអ្នកទេសចរ វិនិយោគ និងបន្តគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាឱ្យបានកាន់តែច្រើន៕