* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងធនធានទឹក ត្រៀមទប់ទល់ជាមួយបាតុភូតអែលនីញ៉ូ ដែលធ្វើឱ្យមានគ្រោះរាំងស្ងួតនិងក្តៅខ្លាំង ដោយត្រូវសន្សំសំចៃទឹក និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ឱ្យបានល្អ (Video inside)

20-11-2026 16:12

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវការណែនាំដល់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យត្រៀមលក្ខណៈទប់ទល់ជាមួយនឹងឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) ដែលនឹងបង្កឱ្យមានគ្រោះរាំងស្ងួត និងអាកាសធាតុក្តៅខ្លាំងក្នុងរដូវប្រាំងនេះ តាមរយៈការជំរុញឱ្យមានការសន្សំសំចៃ និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ឱ្យបានល្អ។

ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះ សម្តេចធិបតីបានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនានា ដើម្បីចុះផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ អំពីរបៀបនៃការប្រើប្រាស់ និងការសន្សំសំចៃទឹកក្នុងរដូវប្រាំង។

ទន្ទឹមនឹងការត្រៀមទប់ទល់នឹងបញ្ហាកង្វះខាតទឹកប្រើប្រាស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យត្រៀមលក្ខណៈបង្ការ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍ភ្លើងឆេះព្រៃកើតឡើងជាយថាហេតុ ដោយសារកត្តាអាកាសធាតុក្តៅហួតហែងខ្លាំង។

គួររំលឹកជូនថា ផ្អែកតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីកន្លងទៅបានបញ្ជាក់ថា បាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថានឹងស្ថិតក្នុងកម្រិតខ្ពស់រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ ដែលនឹងធ្វើឱ្យរដូវប្រាំងឆ្នាំនេះមានសីតុណ្ហភាពក្តៅខ្លាំង និងបរិមាណទឹកភ្លៀងធ្លាក់ចុះទាប ទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងស្តុកទឹកទុកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់៕