សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអាជ្ញាធរ ផ្សព្វផ្សាយក្រើនរំលឹកឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងអ្នកគ្រប់អាយុត្រូវទៅចុះឈ្មោះបោះឆ្នោត ឱ្យបានមុនថ្ងៃទី៣០វិច្ឆិកា (Video inside)
20-11-2026 16:18
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការជំរុញ និងផ្សព្វផ្សាយក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ ព្រមទាំងជំរុញឱ្យអ្នកដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីធានាបាននូវភាពរលូននៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងចូលមកដល់នាពេលខាងមុខ។
ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ត្រូវបានធ្វើឡើង ខណៈដែលសម្តេចកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
សេចក្តីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងន័យជំរុញការអនុវត្តសិទ្ធិរបស់ពលរដ្ឋឱ្យបានពេញលេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ និងក្រុមការងារចុះមូលដ្ឋាន ត្រូវសហការធ្វើការងារដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយបំផុត ដើម្បីធានាថា ប្រជាពលរដ្ឋបានទៅពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះ ហើយយុវជន និងពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត បានទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ឱ្យបានមុនកាលបរិច្ឆេទបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
គួររំលឹកជូនថា ផ្អែកតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមឃុំ-សង្កាត់ ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ (រាប់ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕









