* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារ ជំរុញប្រជាពលរដ្ឋ និងអតីតពលករទទួលយកឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ច

20-11-2026 17:17

(កំពង់ឆ្នាំង)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ២ ៧៦៣កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត៥០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ នៅបរិវេណសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» លោកស្រី ម៉ៅ ធីតា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា បច្ចុប្បន្នមានឱកាសការងារជាង ៩ម៉ឺនកន្លែង នៅទូទាំងប្រទេស ដែលក្នុងនោះខេត្តកំពង់ឆ្នាំងមានជិត ៣ពាន់កន្លែង ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ លោកស្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការងារ ដែលជាប្រភពចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាពិសេសគឺការងារក្នុងស្រុក។ ក្រៅពីសុភមង្គលក្នុងគ្រួសារ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកគ្រោះថ្នាក់ការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ចំពោះស្រ្តីមានផ្ទៃពោះក៏ទទួលបានការពិនិត្យផ្ទៃពោះ និងសុខភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់កូនអាយុក្រោម២ឆ្នាំ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់នៅប្រទេសថៃ ប្រឈមនឹងហានិភ័យអសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងនៅឆ្ងាយពីគ្រួសារ។

លោកស្រីបានជម្រាបជូនថា ដើម្បីអនុវត្តតាមគោលនយោបាយអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ក្រសួងបានផ្តល់ជូនការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃតាមរយៈកម្មវិធី TVET ១,៥លាននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ឬតាមរថយន្តចល័តដល់មូលដ្ឋាន ជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន ដោយក្រសួងក៏ជួយរកកន្លែងសម្រាប់ធ្វើកម្មសិក្សាផងដែរ។

ក្រៅពីការងារក្នុងស្រុក ក្រសួងក៏កំពុងផ្តល់ឱកាសការងារក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់។ លោកស្រីបានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។

សូមបញ្ជាក់ថា ឱកាសការងារទាំងនោះត្រូវបានជ្រើសរើសដោយរោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ អេប៊ល ថប ហ្គាម៉ិន (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍន: អាស៊ី ចំកាត់ ABA ខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេស រួមមាន ក្រុមហ៊ុន រីណិត (ខេមបូឌា) អេចអ ឯ.ក និងក្រុមហ៊ុន មង្គល អេចអ៕