ក្រសួងកសិកម្ម ប្រគល់គ្រឿងយន្តកសិកម្ម ៧គ្រឿង និងដ្រូនកសិកម្ម ២គ្រឿង ជូនសហគមន៍កសិកម្មចំនួន ៩ នៅខេត្តឧត្តរមានជ័យ
20-11-2026 17:25
(ឧត្តរមានជ័យ)៖ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់គ្រឿងយន្តកសិកម្មសរុបចំនួន ៧គ្រឿង និងដ្រូនកសិកម្ម ២គ្រឿង ជូនដល់សហគមន៍កសិកម្មចំនួន ៩ ក្នុងខេត្តឧត្តរមានជ័យ។
ថ្លែងក្នុងពិធីនោះ លោក យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា ត្រាក់ទ័រ និងដ្រូនកសិកម្មទាំងនេះ គឺជាទ្រព្យសម្បត្តិរួមរបស់សហគមន៍ មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ។ ដូច្នេះ ការប្រើប្រាស់ត្រូវធានាឱ្យមានសមធម៌ និងផ្ដល់ផលប្រយោជន៍ដល់សមាជិកសហគមន៍ទាំងអស់ ក្នុងតម្លៃសមរម្យ និងទាន់ពេលវេលា។
លោក រដ្ឋលេខាធិការ ក៏បានណែនាំឱ្យសហគមន៍កសិកម្មប្រើប្រាស់ត្រាក់ទ័រសម្រាប់រៀបចំ និងរាស់ដី ដើម្បីជួយកាត់បន្ថយការដុតសំណល់ដំណាំ ព្រមទាំងប្រើប្រាស់ដ្រូនកសិកម្មឱ្យចំគោលដៅ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីលើសកម្រិត និងរក្សាសុខភាពដីនិងដំណាំ ជាពិសេសដំណាំស្វាយ។ ការណែនាំនេះមានគោលដៅជំរុញផលិតកម្មឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ និងបញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុ។
ពិធីប្រគល់គ្រឿងយន្តកសិកម្មនេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រពីគម្រោង «គជ់ PEARL» ដែលទទួលបានជំនួយហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund - GCF)។
គ្រឿងយន្តកសិកម្មដែលបានប្រគល់ជូននាឱកាសនោះរួមមាន៖ ត្រាក់ទ័រកម្លាំង ៦០សេះ ៧គ្រឿង និងដ្រូនកសិកម្ម ២គ្រឿង។
ការផ្ដល់គ្រឿងយន្តកសិកម្មទាំងនេះ មានគោលបំណងជំរុញការធ្វើទំនើបកម្មវិស័យកសិកម្មនៅមូលដ្ឋាន បង្កើនផលិតភាព ប្រសិទ្ធភាពការងារ និងជួយកាត់បន្ថយថ្លៃដើមផលិតកម្មរបស់ប្រជាកសិករតាមរយៈសហគមន៍កសិកម្ម ព្រមទាំងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងខេត្តឧត្តរមានជ័យ។









