* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្ថានទូតកម្ពុជានៅជប៉ុន បញ្ជាក់ជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនលើកលែងចំពោះមន្ត្រីពាក់ព័ន្ធ ក្រោយការចុះផ្សាយរបស់ Nikkei Asia

20-11-2026 17:57

(តូក្យូ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Nikkei Asia បានចុះផ្សាយអត្ថបទទស្សនៈមួយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្រោមចំណងជើងថា «កេរ្តិ៍ឈ្មោះរបស់កម្ពុជាអាចត្រូវបានស្តារឡើងវិញបាន លុះត្រាតែមានការបង្ក្រាបអំពើឆបោកជាបន្តបន្ទាប់»។

ស្ថានទូតកម្ពុជាបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែជាអាទិភាពជាតិដ៏សំខាន់បំផុត ដោយរាជរដ្ឋាភិបាលទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃបទល្មើសទាំងនេះ ដែលបង្កការគំរាមកំហែងដល់សន្តិសុខសាធារណៈ កេងប្រវ័ញ្ចជនងាយរងគ្រោះ និងប៉ះពាល់ដល់សេដ្ឋកិច្ចស្របច្បាប់ទាំងក្នុងប្រទេស និងអន្តរជាតិ។ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចបានបង្កើនប្រតិបត្តិការទូទាំងប្រទេស ដើម្បីរំលាយបណ្តាញឧក្រិដ្ឋកម្ម ចាប់ខ្លួនមេក្លោង ទប់ស្កាត់ហិរញ្ញវត្ថុខុសច្បាប់ និងបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

តាមរយៈប្រតិបត្តិការអនុវត្តច្បាប់កន្លងមក សមត្ថកិច្ចកម្ពុជាបានបិទទីតាំងសង្ស័យ បញ្ជូនសំណុំរឿងព្រហ្មទណ្ឌទៅតុលាការ បង្កកមូលនិធិខុសច្បាប់ ព្រមទាំងអនុវត្តវិធានការច្បាប់ និងវិន័យយ៉ាងតឹងរ៉ឹងចំពោះមន្ត្រីសាធារណៈ និងមន្ត្រីអនុវត្តច្បាប់ទាំងឡាយណាដែលរកឃើញថាមានការពាក់ព័ន្ធ។ ស្ថានទូតបានសង្កត់ធ្ងន់លើជំហររបស់រាជរដ្ឋាភិបាលថា៖ «រាល់ការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌត្រូវបានស៊ើបអង្កេតស្របតាមច្បាប់ ហើយការកំណត់ការទទួលខុសត្រូវត្រូវធ្វើឡើងតាមនីតិវិធីច្បាប់សមស្រប ដោយផ្អែកលើភស្តុតាងដែលអាចជឿទុកចិត្តបាន និងដោយមិនប្រកាន់ឋានៈ ឬតួនាទីរបស់បុគ្គលណាម្នាក់ឡើយ»។

ក្រៅពីវិធានការបង្ក្រាបផ្ទៃក្នុង រួមទាំងទីតាំងខុសច្បាប់ខ្នាតតូចដែលលាក់បាំងកាន់តែសម្ងាត់ កម្ពុជាក៏បានលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ ដើម្បីជំរុញការចែករំលែកព័ត៌មាន ការការពារជនរងគ្រោះ និងការចាត់វិធានការរួមគ្នារវាងស្ថាប័នអនុវត្តច្បាប់ក្នុងតំបន់ និងពិភពលោក។

ជាចុងក្រោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានស្វាគមន៍ចំពោះការចូលរួមក្នុងស្មារតីស្ថាបនា និងលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ព័ត៌មានប្រកបដោយភាពសត្យានុម័ត តុល្យភាព និងផ្អែកលើអង្គហេតុពិតប្រាកដ ដោយទទួលស្គាល់ទាំងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានេះ៕