* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពលរដ្ឋជាង១,០០០នាក់ ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ

20-11-2026 20:58

(ព្រះវិហារ)៖ ប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយសប្រមាណ ១,០១៥នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ដុតក្រឡានចង្ក្រានវែងប្រវែង៥០ម៉ែត្រ ដោយមានការរៀបចំក្រឡានសរុបចំនួន ១,៣៥៣បំពង់ នាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវត្តទួលឧត្តម ហៅវត្តប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយអាជ្ញាធរស្រុកត្បែងមានជ័យ ក្នុងគោលបំណងថែរក្សា អភិរក្ស និងផ្សព្វផ្សាយប្រពៃណី វប្បធម៌ និងអត្តសញ្ញាណដ៏ផូរផង់របស់បងប្អូនជនជាតិដើមភាគតិចគួយ ដែលមានប្រវត្តិរស់នៅក្នុងមូលដ្ឋានស្រុក ព្រមទាំងបង្កើនសាមគ្គីភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាមរតកវប្បធម៌ពីដូនតា។

តាមរបាយការណ៍សង្ខេបរបស់គណៈកម្មការរៀបចំកម្មវិធី បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈកម្មការ និងអនុគណៈកម្មការជាច្រើនផ្នែក រួមមាន៖ អនុគណៈកម្មការតាមភូមិប្រមេរ ភូមិបុះធំ និងភូមិស្រែព្រាង ព្រមទាំងក្រុមការងារផ្នែកសណ្តាប់ធ្នាប់ វាយតម្លៃនិងដាក់ពិន្ទុ និងបដិសណ្ឋារកិច្ច ដើម្បីធានាឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន។

ចំពោះគ្រឿងផ្សំសម្រាប់ផលិតក្រឡាន រួមមាន អង្ករចំនួន ៣០០គីឡូក្រាម សណ្តែកចំនួន ៣០គីឡូក្រាម ដូងចំនួន ២៥គីឡូក្រាម និងបំពង់ឬស្សីចំនួន ១,៣៥៣បំពង់ ដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីដំណើរការដុតក្រឡាននៅលើចង្ក្រានវែងប្រវែង ៥០ម៉ែត្រ។

ក្រោយមកនឹងមានដំណើរការដុតក្រឡានជាផ្លូវការ ការយកក្រឡានជូនគណៈអធិបតីដោយប្រធានក្រុមតាមភូមិទាំង៣ និងការបាញ់កាំជ្រួច ការប្រគុំតន្ត្រីរាំលេងកំសាន្តដើម្បីអបអរសាទរព្រឹត្តិការណ៍នេះផងដែរ។

ការរៀបចំព្រឹត្តិការណ៍នេះ គឺជាការបង្ហាញពីការរួបរួមគ្នារបស់សហគមន៍ និងការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចគួយ ឱ្យបន្តស្ថិតស្ថេរ និងបន្សល់ទុកជាមរតកវប្បធម៌សម្រាប់កូនចៅជំនាន់ក្រោយ៕