ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំប្រជុំបូកសរុបសភាពការណ៍បទល្មើស និងលទ្ធផលបង្ក្រាបប្រចាំខែវិច្ឆិកា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
20-11-2026 21:56
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជូនមន្រ្តីនគរបាលជាតិ និងកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសប្រចាំខែវិច្ឆិកា លើកទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៦។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
នាឱកាសនេះ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយ សម្រេច ផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរុប៧រូប ក្នុងនោះថ្នាក់នាយការិយាល័យជំនាញចំនួន៣រូប នាយរងការិយាល័យចំនួន២រូប និងនាយផ្នែក២រូប។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរជាមួយលោក-លោកស្រី ទើបទទួលតំណែងថ្មី ដែលនេះជាការផ្តល់ជំនឿទុកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិពិនិត្យឃើញលោក-លោកស្រី មានស្នាដៃល្អក្នុងការបំពេញភារកិច្ចកន្លងមក និងក្រោយទទួលបានតំណែងត្រូវដឹកនាំគ្រប់គ្រងបែងចែក កម្លាំងបំពេញការងារចំពោះមន្រ្តីក្រោមឱវាទ ទៅតាមតួនាទីភារកិច្ចជំនាញ។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងវាយម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ច របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ទទួលបានជោគជ័យ ក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដោយធានាបានសុខសុវត្ថិភាពពេញលេញ ជូនដល់គណៈប្រតិភូជាតិ-អន្តរជាតិ ដែលនេះបានបង្ហាញច្បាស់ពីកម្ពុជា មានសន្តិសុខល្អ ហើយបានលើកមុខមាត់ប្រទេសកម្ពុជា ល្បីនៅលើឆាកអន្តរជាតិ។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានវាយតម្លៃខ្ពស់ពីការងារបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌមានប្រសិទ្ធភាពខ្ពស់ ដែលពិនិត្យជារួមនាំឲ្យបទល្មើសក្នុងខែនេះ មានការថយចុះ និងបានដាក់ចេញនូវផែនការការងារមួយចំនួនបន្ថែមទៀត បន្តយកចិត្តទុកដាក់លើការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសក្មេងទំនើងឲ្យបានជាដាច់ខាត ក្មេងទំនើង គឺមិនអាចដកថយនោះទេ ត្រូវតែមានចំណាត់ការម៉ឺងម៉ាត់បំផុត។
លោកបានណែនាំផែនការងារនគរបាលប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ស្រាវជ្រាវបង្កើនការការទប់ស្កាត់បង្រ្កាប ចំពោះក្រុមយុវជនប្រមូលផ្តុំនិងទីតាំងដែលផ្តល់ឲ្យមានការជក់បារីអេឡិចត្រូនិច នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ពីព្រោះបញ្ហានេះជាការព្រួយបារម្ភ បង្កប៉ះពាល់ដល់សង្គមជាខ្លាំង បន្តស្រាវជ្រាវបង្រ្កាបគ្រឿងញៀន និងណែនាំលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវពិនិត្យយកចិត្តទុកដាក់ខ្ពស់ ពង្រឹងលើការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់ និងធ្វើជាប្រចាំ ដើម្បីនាំមកនូវសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន ជាពិសេសផ្សព្វផ្សាយពីផលប៉ះពាល់ដោយគ្រឿងញៀន និងក្មេងទំនើង និងណែនាំឲ្យពង្រឹងលើការងាររៀបចំសណ្តាប់ធ្នាប់ នៅតាមគោលដៅនានាដែលស្មុគស្មាញ និងកន្លែងប្រឈមបង្កការកកស្ទះ។
លោកបានណែនាំឲ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រពន្ធបច្ចេកវិទ្យា (Online Scams)។ ពង្រឹងការងារការពាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនភ្ញៀវជាតិ-អន្តរជាតិ មកលេងកម្សាន្តតំបន់ថ្មើរជើង ចតុមុខ (walk street )និងការរៀបចំកម្មវិធីកម្សាន្ត នៅក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែប្រទីប សំពះព្រះខែនិងអកអំបុក នៅពេលខាងមុខនេះ៕




















































