កម្លាំងកងទ័ពឈរជើងនៅបឹងទន្លេសាប បន្តសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តចុះបង្ក្រាបបទល្មើសនេសាទយ៉ាងក្ដៅគគុកក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង (Video inside)
21-11-2026 17:09
(កំពង់ឆ្នាំង)៖ បច្ចុប្បន្ន គេសង្កេតឃើញថា ការកើនឡើងនៃពូជមច្ឆាជាតិក្នុងបឹងទន្លេសាប គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចាត់វិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងការហាមឃាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលមានលក្ខណៈបំផ្លាញធ្ងន់ធ្ងរ ដូចជា ឧបករណ៍ឆក់ និងស្បៃមុងជាដើម។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានជំរុញឱ្យមានការអភិរក្សត្រីមេពូជ វារីសត្វកម្រដែលប្រឈមនឹងការផុតពូជ និងការពង្រឹងការគ្រប់គ្រងតំបន់អភិរក្សជលផល សហគមន៍នេសាទ ព្រមទាំងការការពារ និងដាំស្ដារព្រៃលិចទឹកឡើងវិញ ដែលជាជម្រកដ៏សំខាន់សម្រាប់ត្រីពងកូន និងលូតលាស់ សំដៅធានាបាននូវនិរន្តរភាពធនធានជលផល និងសន្តិសុខស្បៀងយូរអង្វែង។
ដោយឡែក ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គេក៏សង្កេតឃើញប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងនៃទិន្នផលនេសាទជាលក្ខណៈគ្រួសារ គឺជាសញ្ញាណវិជ្ជមានយ៉ាងច្បាស់មួយដែលកើតចេញពីប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបការនេសាទដោយប្រើឧបករណ៍ខុសច្បាប់កន្លងមក។
កាលពីមុន នៅពេលមានបទល្មើសទ្រង់ទ្រាយធំ ត្រីភាគច្រើនត្រូវបានក្រុមអ្នកនេសាទខុសច្បាប់ប្រមូលយកអស់ ប៉ុន្តែនៅពេលបទល្មើសទាំងនោះត្រូវបានទប់ស្កាត់ ប្រជានេសាទជាលក្ខណៈគ្រួសារដែលប្រើឧបករណ៍ ប្រពៃណីស្របច្បាប់ ដូចជា៖ មង សំណាញ់ លប បង្កៃ និងឧបករណ៍នេសាទជាលក្ខណៈគ្រួសារផ្សេងទៀត ធ្វើឱ្យពលរដ្ឋមានឱកាសរកត្រីបានច្រើនជាងមុន។
ការលុបបំបាត់ និងបង្ក្រាបឧបករណ៍ខុសច្បាប់ធំៗ ដូចជា ការឆក់ ការដាក់របាំងស្បៃមុងក្រឡាញឹកវែងៗរាប់រយម៉ែត្រ និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ផ្សេងៗទៀត បានកាត់បន្ថយការប្រមូលផលត្រីហួសប្រមាណ និងមិនរើសមុខ ធ្វើឱ្យកូនត្រី និងត្រីមេពូជមានឱកាសរស់រាន រីកលូតលាស់ និងបន្តពូជបានយ៉ាងឆាប់រហ័ស។
នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានកងកម្លាំងយោធាឈរជើងក្នុងបឹងទន្លេសាប បានសហការជាមួយអង្គភាពពាក់ព័ន្ធ ពិសេសគឺសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល បានចុះធ្វើសកម្មភាពស្ទើរជារៀងរាល់ថ្ងៃ និងគ្រប់ច្រកល្ហក ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសនេសាទដែលបានកើតមានគ្រប់រូបភាពផងដែរ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទ ការដាក់របាំងភ្ជិតព្រែកមួយកន្លែង នៅចំណុចព្រែកកំពង់ប្រាសាទ ស្ថិតក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី ដែលបានដឹកនាំការបង្ក្រាប បានឱ្យដឹងថា ជាលទ្ធផលក្នុងការបង្ក្រាបជាក់ស្ដែង កម្លាំងចម្រុះកម្ទេចរបាំងភ្ជិតព្រែកបានចំនួន ៥ ទីតាំង មាន ៨ ឡុក ប្រវែង ១.៧២០ ម៉ែត្រ ចាក់កូនត្រីចម្រុះព្រលែងចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ៥០ គីឡូក្រាម ធ្វើការអប់រំប្រជាពលរដ្ឋមិនឱ្យប្រព្រឹត្តបទល្មើសនេសាទក្នុងបឹងទន្លេសាបជាបន្តទៀតបានចំនួន ៤នាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានបង្ហាញការផ្ដាច់ញាចិត្តយ៉ាងមុតមាំថា ទោះបីកងទ័ពជាប់ដៃការពារបូរណភាពទឹកដីពីការឈ្លានពានយ៉ាងណាក្ដី ក៏នៅតែប្រកាន់ជំហរ «ដៃម្ខាងការពារទឹកដី និងដៃម្ខាងបន្តការពារធនធានធម្មជាតិលើផ្ទៃបឹងទន្លេសាប»។
លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្លាំងកងទ័ពនឹងបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ដូចជា ការឆក់ត្រី ការដាក់របាំងស្បៃមុង លបណរ៉ាវក្នុងតំបន់ព្រៃលិចទឹក និងការជួញដូរធនធានជលផល ខុសច្បាប់ ជារៀងរាល់ថ្ងៃដោយពុំមានការលើកលែងឡើយ ដើម្បីធានាការពារធនធានធម្មជាតិ និងជីវៈចម្រុះដែលជាប្រភពមច្ឆាជាតិដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមសហការដោយរាយការណ៍ពីករណីការនេសាទដោយខុសច្បាប់ ដល់មន្ត្រីជំនាញ ឬកងទ័ពដែលឈរជើងនៅក្នុងបឹងទន្លេសាបក្បែរលំនៅឋាន របស់បងប្អូនដោយកុំមានការបារម្ភឡើយ៕














