Fresh News បានទៅដល់ក្រុមហ៊ុនយក្សបច្ចេកវិទ្យាចិន Tencent ដែលកំពុងពង្រឹងជំហរឈានមុខលើពិភពលោកជាមួយកំណើនប្រាក់ចំណូលជាង ១០៤ពាន់លានដុល្លារ
21-11-2026 18:38
(សិនជិន)៖ បណ្ដាញព័ត៌មាន Fresh News ដែលមានកញ្ញា ថាន រស្មី អ្នកសម្របសម្រួលតុមូលនយោបាយ Fresh Talk និងជាអនុប្រធានចាត់ចែងការផ្សាយ TV និងអ្នកព័ត៌មានប្រមាណ៣០នាក់ផ្សេងទៀត មកពី១៣ប្រទេស នៃតំបន់អាស៊ីប៉ាស៊ីហ្វិក បានមកដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅក្នុងប្រទេសចិនគឺ Tencent តាមរយៈសិក្ខាសាលា «សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងប្រទេសចិន។
Tencent ត្រូវបានគេដឹងថា ជាក្រុមហ៊ុនបច្ចេកវិទ្យា និងវិនិយោគពហុជាតិសាសន៍ដ៏ធំបំផុតមួយរបស់ពិភពលោក Tencent Holdings Ltd.។ ក្រុមនេះបានបន្តពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងនវានុវត្តន៍របស់ខ្លួនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ រហូតដល់ប្រមាណ ៧៥១.៨ពាន់លានយន់ (ឬប្រហែល ១០៤.៧ ពាន់លានដុល្លារអាមេរិក) ដែលកើនឡើង ១៤% ធៀបនឹងឆ្នាំមុន និងទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ ២២៤.៨ពាន់លានយន់ (៣២.៧ពាន់លានដុល្លារអាមេរិក)។
Tencent ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយលោក Ma Huateng (Pony Ma) និងសហស្ថាបនិក ៤ នាក់ផ្សេងទៀត។ Tencent បានវិវត្តខ្លួនពីក្រុមហ៊ុនផ្ញើសារធម្មតា មកជាអាណាចក្របច្ចេកវិទ្យាដែលមានបុគ្គលិកសរុបជាង ១១៥,០០០នាក់ និងបានចុះបញ្ជីនៅលើផ្សារភាគហ៊ុនហុងកុង តាំងពីឆ្នាំ២០០៤។ ភាពជោគជ័យដ៏ធំធេងរបស់ក្រុមហ៊ុននេះ ត្រូវបានជំរុញដោយសសរស្តម្ភអាជីវកម្មស្នូលសំខាន់ៗរួមមាន៖
- បណ្តាញសង្គម និងទំនាក់ទំនង៖ កម្មវិធីពហុមុខងារ (Super App) ដ៏ល្បីល្បាញ WeChat (Weixin) ដែលមានអ្នកប្រើប្រាស់ប្រចាំខែជាង ១.៤ពាន់លាននាក់ រួមជាមួយកម្មវិធី QQ និង Qzone។
- ឧស្សាហកម្មហ្គេមអនឡាញ៖ ក្នុងនាមជាក្រុមហ៊ុនហ្គេមធំជាងគេបំផុតលើពិភពលោក Tencent ជាម្ចាស់ហ្គេមល្បីៗដូចជា Honor of Kings និង PUBG Mobile ព្រមទាំងកាន់កាប់ភាគហ៊ុនធំៗនៅក្នុងក្រុមហ៊ុនផលិតហ្គេមលំដាប់ពិភពលោកដូចជា Riot Games និង Epic Games។
- បច្ចេកវិទ្យាហិរញ្ញវត្ថុ Cloud និង AI៖ ក្រុមហ៊ុនកំពុងពង្រីកសេវាទូទាត់ប្រាក់ឌីជីថល WeChat Pay ធនាគារឌីជីថល WeBank សេវាកម្ម Tencent Cloud ព្រមទាំងបោះទុនយ៉ាងខ្លាំងលើបញ្ញាសិប្បនិម្មិត (AI) តាមរយៈម៉ូដែលភាសាធំ Hunyuan និងជំនួយការឆ្លាតវៃ Yuanbao។
- ប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ត៖ គ្រប់គ្រងវេទិកាកម្សាន្តធំៗដូចជា Tencent Music, Tencent Video និងផលិតកម្មភាពយន្ត Tencent Pictures។
ក្រៅពីអាជីវកម្មផ្ទាល់ខ្លួន Tencent ក៏ដើរតួនាទីជាក្រុមហ៊ុនវិនិយោគសកលដ៏មានឥទ្ធិពលមួយផងដែរ ដោយបានបោះទុនកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា និងកម្សាន្តល្បីៗរាប់រយជុំវិញពិភពលោក រួមមាន Spotify, Universal Music Group, Snap, Reddit, Discord និង PDD Holdings ជាដើម ដែលធ្វើឱ្យក្រុមហ៊ុនចិនមួយនេះក្លាយជាតួអង្គដ៏សំខាន់មិនអាចខ្វះបាននៅក្នុងសេដ្ឋកិច្ចឌីជីថលសកល។
ក្នុងនាមក្រុមហ៊ុនបច្ចេកវិទ្យាធំកម្រិតសកលលោកមួយ Tencent បានប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីជំរុញគំនិតផ្តួចផ្តើមកាបូនទាប បើទោះបីជាមានបញ្ហាប្រឈមក៏ដោយ។ តាមរយៈផែនទីបង្ហាញផ្លូវដែលបានប្រកាសកាលពីឆ្នាំ២០២២ ក្រុមហ៊ុនបានដាក់គោលដៅសម្រេចឱ្យបាននូវ អព្យាក្រឹតភាពកាបូនពេញលេញ ក្នុងប្រតិបត្តិការ និងខ្សែសង្វាក់ផ្គត់ផ្គង់ រួមជាមួយការប្រើប្រាស់ អគ្គិសនីបៃតង ១០០% ឱ្យបានត្រឹមឆ្នាំ២០៣០៕













































