ប្រជាពលរដ្ឋឃុំត្រពាំងគរ ស្រុកជើងព្រៃ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង Laboratoire Bioderma ដឹកនាំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
21-11-2026 21:38
(កំពង់ចាម-ត្បូងឃ្មុំ)៖ លោក ជឹម លាវ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) តំណាងលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា បានដឹកនាំ និងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃក្រុមហ៊ុន Laboratoire Bioderma មកពីប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងកុមារ ដោយឥតគិតថ្លៃ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ជឹម លាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលដឹកនាំដោយលោក ហ្វីលីព ដែលបានលះបង់កម្លាំងកាយចិត្ត និងថវិកា នាំយកឱសថមានគុណភាព និងស្តង់ដារខ្ពស់ពីប្រទេសបារាំង មកជួយពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយផ្ទាល់។
លោកបានជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃក្រុមហ៊ុន Laboratoire Bioderma មកបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសកម្ពុជា ចំនួនពីរដងរៀងរាល់ឆ្នាំ ហើយការចុះមកលើកនេះគឺជាលើកទី២ សម្រាប់ឆ្នាំ២០២៦នេះ។ ការមកបំពេញបេសកកម្មនៅប្រទេសកម្ពុជារបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រុមហ៊ុន Laboratoire Bioderma គឺជាកិច្ចខិតខំប្រឹងប្រែង សហការ និងការជួយសម្របសម្រួលយ៉ាងសកម្មរបស់ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា។ មុនមកដល់ឃុំត្រពាំងគរ ស្រុកជើងព្រៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកក្រូចឆ្មា និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងស្រុក ស្ទឹងត្រង់ ស្រុកព្រៃឈរ និងស្រុកស្រីសន្ធរ ក្នុងខេត្តកំពង់ចាម រួចមកហើយដែរ។
លោកបានគូសបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ គឺជាសក្ខីភាពនៃគោលជំហរ «និយាយពិត ធ្វើពិត» របស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីមោទនភាពជាតិ តាមរយៈភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ដែលមានប្រតិភូ ៨៩ ប្រទេសចូលរួម ដើម្បីផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ រួមជាមួយកិច្ចខិតខំប្រឹងប្រែងការពារអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិនៅវេទិកាអន្តរជាតិ។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ កុំឱ្យជឿពាក្យចចាមអារ៉ាម និងសូមពិចារណាដោយសច្ចធម៌លើស្នាដៃកសាង និងអភិវឌ្ឍជាតិជាក់ស្តែងរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ លើសពីនេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តាមកាលបរិច្ឆេទកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យបានគ្រប់ៗគ្នា ដើម្បីប្រើប្រាស់សិទ្ធិពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ ជាកិច្ចបញ្ចប់ ឯកឧត្តមបានជូនពរប្រជាពលរដ្ឋឱ្យទទួលបានសុខភាពល្អបរិបូរណ៍ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ។
ជាលទ្ធផលនៃការពិនិត្យព្យាបាលជំងឺ មានប្រជាពលរដ្ឋទទួលសេវាសរុបចំនួន ៤៨៧នាក់ (ស្រី២៦០នាក់ និងកូនសិស្សសាលា ៨៩នាក់) ក្នុងនោះមានអ្នកជំងឺដែលកំពុងបន្តតាមដានចំនួន១០ នាក់ស្រី ៤នាក់៕




