រដ្ឋបាលខេត្តសៀមរាប និងប្រជាពុទ្ធបរិស័ទ ដង្ហែអង្គកឋិនទានសាមគ្គី ប្រគេនដល់ព្រះសង្ឃនៅវត្តប្រាសាទគោកចក ក្រុងសៀមរាប
22-11-2026 10:47
(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប រួមជាមួយនិងប្រជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរួមគ្នាដង្ហែអង្គកឋិនទានមហាសាមគ្គីដង្ហែវេរទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថា អង្គកឋិនទាននាឆ្នាំនេះ ទទួលបានបច្ច័យសរុបជាង ៨៧លានរៀល ដែលបច្ច័យទាំងអស់ក្រៅពីចំណាយក្នុងពិធីរួច គឺទុកប្រើប្រាស់បន្តក្នុងការសាងសង់ខ្លោងទ្វារវត្ត ហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត និងមួយផ្នែកសម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានសម្ដែងនូវព្រះទ័យអនុមោទនា និងសោមនស្សសាទរយ៉ាងខ្លាំង ចំពោះទឹកចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តសៀមរាប ម្ចាស់អង្គកឋិនទាន និងពុទ្ធបរិស័ទទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួនក្នុងការចូលរួមរៀបចំពិធីនេះ។
ព្រះគ្រូចៅអធិការ មានថេរដីកាបន្ថែមថា ការរួបរួមគ្នារៀបចំពិធីបុណ្យកឋិនទាននេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងការរួមចំណែកថែរក្សាមរតកវប្បធម៌ ព្រមទាំងតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមស្មារតី «ការរួមគ្នាធ្វើបុណ្យក្រោមម្លប់នៃសន្តិភាព»។
ព្រះគ្រូចៅអធិការវត្ត មានថេរដីកាបន្តថា ការធ្វើបុណ្យកឋិនទាន គឺជាការបង្ហាញពីសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យ និងជាការចូលរួមលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានរុងរឿង ស្ថិតស្ថេរយូរអង្វែង។ ជាងនេះទៅទៀត ការប្រគេនត្រៃចីវរ និងគ្រឿងបរិក្ខារដល់ព្រះសង្ឃ គឺជាការជួយទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃក្នុងការសិក្សា ប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទ និងសង្គមជាតិទាំងមូល ក្រោយពីព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសកន្លងមក៕












