រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ តម្លៃរបស់ស្ត្រី មិនត្រូវបានកំណត់ដោយរូបសម្បត្តិខាងក្រៅឡើយ ប៉ុន្តែដោយសមត្ថភាព សមិទ្ធផល និងការផ្លាស់ប្តូរជាវិជ្ជមាន
22-11-2026 12:14
(អ៊ីស្តង់ប៊ុល)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាថ្ងៃទី២១–២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសម័យប្រជុំថ្នាក់ដឹកនាំ នៃកិច្ចប្រជុំកំពូលអន្តរជាតិស្តីពី «ស្ត្រី និងយុត្តិធម៌» លើកទី៧ ក្រោមប្រធានបទ «លើសពី រូបភាពដ៏ល្អឥតខ្ចោះ៖ កិច្ចសហប្រតិបត្តិការសកលដើម្បីពង្រឹងភាពអង់អាចដល់ស្ត្រី» នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។
ក្នុងឱកាសនេះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការ ប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី តាមរយៈការអភិវឌ្ឍសមត្ថភាព ការពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងការផ្លាស់ប្តូរផ្នត់គំនិតសង្គម ដើម្បីបង្កើតបរិយាកាសអំណោយផលឱ្យស្ត្រី និងក្មេងស្រីគ្រប់រូបអាចអភិវឌ្ឍសក្តានុពលពេញលេញ និងចូលរួមកំណត់អនាគតរបស់ខ្លួន និងសង្គមជាតិ។
លោកស្រីរដ្ឋមន្ត្រី បានថ្លែងថា «តម្លៃរបស់ស្ត្រីមិនត្រូវបានកំណត់ដោយរូបសម្បត្តិខាងក្រៅឡើយ ប៉ុន្តែដោយសមត្ថភាព សមិទ្ធផល និងការផ្លាស់ប្តូរជាវិជ្ជមានដែលស្ត្រីបានបង្កើតឡើង។ ការពង្រឹងភាពអង់អាចពិតប្រាកដ គឺជាការធានាឱ្យស្ត្រី និងក្មេងស្រីគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការជ្រើសរើស មានឱកាសក្នុងការដឹកនាំ និងអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ»៕










