យុទ្ធនាការ «រដូវកាលបៃតង» ឆ្នាំ២០២៦ ទាក់ទាញភ្ញៀវទេសចរជាតិ ១០,៨៩លាននាក់ កើនឡើង ១៦% ធៀបនឹងឆ្នាំមុន
22-11-2026 12:52
(ភ្នំពេញ)៖ យុទ្ធនាការ «រដូវកាលបៃតង» ឆ្នាំ២០២៦ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយទាក់ទាញភ្ញៀវទេសចរជាតិប្រមាណ ១០,៨៩លាននាក់ ក្នុងរយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលបង្ហាញពីភាពរស់រវើកនៃចលនាទេសចរណ៍ក្នុងស្រុក។
លទ្ធផលនេះត្រូវបានលើកឡើងក្នុងពិធីបិទ «សិក្ខាសាលាបូកសរុបលទ្ធផលការងារយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧» ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន សមាគម និងប្រតិបត្តិករទេសចរណ៍ ដៃគូសហការ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមអនុវត្ត និងជំរុញយុទ្ធនាការ «រដូវកាលបៃតង» ចាប់តាំងពីឆ្នាំ២០២៥ និងបន្តពង្រឹងសកម្មភាពក្នុងឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយ «រដូវកាលភ្ញៀវតិច» ទៅជា «រដូវកាលបៃតង» ដើម្បីផ្លាស់ប្តូរទស្សនៈពីរដូវកាលដែលមានភ្ញៀវទេសចរតិច ទៅជាឱកាសថ្មីសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
លោក ហួត ហាក់ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បន្តចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុក តាមរយៈការស្វែងយល់ និងទស្សនាគោលដៅទេសចរណ៍ថ្មីៗ ព្រមទាំងគាំទ្រផលិតផល និងសេវាកម្មទេសចរណ៍របស់សហគមន៍ ដើម្បីរួមគ្នាប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវមកទស្សនាបានគ្រប់រដូវកាល និងមានបំណងត្រឡប់មកទស្សនាម្តងហើយម្តងទៀត។
គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ នៃយុទ្ធនាការ «រដូវកាលបៃតង» ឆ្នាំ២០២៦ ចាប់ពីខែឧសភា ដល់ខែតុលា ភ្ញៀវទេសចរជាតិបានធ្វើដំណើរកម្សាន្តសរុបប្រមាណ ១០,៨៩លាននាក់ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ កំណើននេះបានឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសកម្មភាពទេសចរណ៍ ការកើនឡើងនៃព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរ និងការចូលរួមកាន់តែសកម្មពីវិស័យឯកជន និងប្រជាពលរដ្ឋ៕














