សមាគមសល្យសាស្ត្រកម្ពុជា រៀបចំព្រឹត្តិការណ៍ «រត់កម្សាន្តជាមួយគ្រូពេទ្យវះកាត់កម្ពុជាលើកទី២» ដើម្បីប្រមូលថវិកាជួយដល់កុមារកម្ពុជា
22-11-2026 13:50
(ភ្នំពេញ)៖ សមាគមសល្យសាស្ត្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ «រត់កម្សាន្តជាមួយគ្រូពេទ្យវះកាត់កម្ពុជាលើកទី២ ដើម្បីកុមារកម្ពុជា» (Fun Run Season 2 with Cambodian Surgeons for Cambodian Children) នៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍រត់កម្សាន្តរដូវកាលទី២នេះមានគោលបំណង ប្រមូលថវិកាជួយកុមារកម្ពុជាតាមរយៈអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) និងលើកទឹកចិត្តឱ្យលោកគ្រូអ្នកគ្រូវេជ្ជបណ្ឌិត និងអ្នកផ្តល់សេវាសុខាភិបាលដែលតែងតែយកចិត្តទុកដាក់ថែទាំអ្នកជំងឺ មានឱកាសបានមកជួបជុំរត់កម្សាន្ដជាមួយគ្នា ក៏ដូចជាការរំលឹកដល់លោកគ្រូអ្នកគ្រូវេជ្ជបណ្ឌិតដែលមមាញឹកក្នុងការបំពេញភារៈកិច្ចឆ្លៀតពេល ថែរក្សាសុខភាពរបស់ខ្លួនផងដែរ។
ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសមាគមសល្យសាស្ត្រកម្ពុជា សហការជាមួយក្រុមហ៊ុន Getz Pharma Cambodia ដោយមានការចូលរួមគាំទ្រពីមន្ទីរពេទ្យអន្តរជាតិខេមា, មន្ទីរពហុព្យាបាល អ៊ែរ ផ្លឹស, ក្រុមហ៊ុន Pizza Hut, ក្រុមហ៊ុន V-Active, Master Home Care, ក្រុមហ៊ុនធានារ៉ាប់រង Manulife និង Phnom Penh City Center រួមទាំងដៃគូឧបត្ថម្ភផ្សេងទៀត ក្នុងគោលបំណងរួមគ្នាដើម្បីជួយដល់កុមារកម្ពុជាដែលកំពុងតែជួបការលំបាក។
ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណជាង៣០០នាក់ រួមទាំងលោក លោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទាំងផ្នែកសល្យសាស្រ្ត និងជំនាញផ្សេងៗ ព្រមទាំង ឱសថការី និស្សិតពេទ្យ អ្នកបម្រើវិស័យសុខាភិបាល និងអ្នកស្ម័គ្រចិត្តផងដែរ។
នាឱកាសនោះ លោក ឡុង អមតៈ នាយកគ្រប់គ្រង ក្រុមហ៊ុន Getz Pharma Cambodia បានបញ្ជាក់ថា ការគាំទ្រព្រឹត្តិការណ៍បែបសង្គមប្រភេទនេះ គឺជាផ្នែកមួយនៃបេសកកម្មរយៈពេលវែងក្នុងការលើកកម្ពស់វិសយ័សុខាភិបាល និងការជួយកុមារក្នុងសង្គមខ្មែរ។ ក្រុមហ៊ុនGetz Pharma ជាក្រុមហ៊ុនដែលផ្តល់នូវឱសថមានគុណភាពខ្ពស់ តម្លៃសមរម្យ ដែលតែងតែចូលរួមគាំទ្រព្រឹត្តិការណ៍សាធារណៈ និងជួយសង្គមជាច្រើនដូចជាការជួយដល់កុមាររងគ្រោះដោយអំពើហិង្សា និងការបង្កើតមូលនិធិជួយដល់គ្រួសារវីរជនកងទ័ព។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាសកម្មភាពកីឡាសប្បាយរីករាយទេ ប៉ុន្តែជាគោលបំណងដ៏មានតម្លៃក្នុងការរួមចំណែកធ្វើឱ្យកុមារកម្ពុជាមានសុខភាពល្អប្រសើរ និងអ្នកផ្តល់សេវាសុខាភិបាលរួមគ្នាថែរក្សាសុខភាពខ្លួនផងដែរ។
សូមជម្រាបថា សមាគមសល្យសាស្ត្រកម្ពុជា និងក្រុមហ៊ុន Getz Pharma Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូឧបត្ថម្ភ ក្រុមគ្រូពេទ្យប្រចាំព្រឹត្តិការណ៍ អ្នកស្ម័គ្រចិត្ត លោក លោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត និងអ្នកចូលរួមទាំងអស់។ ការរួមចំណែករបស់លោកអ្នក ទាំងពេលវេលា កម្លាំងកាយ និងថវិកា បានជួយឱ្យព្រឹត្តិការណ៍រត់សប្បុរសធម៌នេះប្រព្រឹត្តទៅដោយជោគជ័យ និងរួមចំណែកជួយកុមារកម្ពុជាតាមរយៈអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)។
គួររម្លឹកថា ព្រឹត្តិការណ៍រត់កម្សាន្តជាមួយគ្រូពេទ្យវះកាត់កម្ពុជា ដើម្បីកុមារកម្ពុជា «Fun Run Season 2 with Cambodian Surgeons for Cambodian Children» ធ្វើឡើងដើម្បីប្រមូលថវិកាជួយកុមារកម្ពុជាតាមរយៈ អង្កការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund និងក៏ដូចជាការក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូពេទ្យកុំភ្លេចមើលថែរក្សាសុខភាពខ្លួនឯងផងដែរ៕
ទស្សនាវិដេអូ៖ (ទីនេះ)
















