ក្រុមការងារគណបក្សចុះជួយឃុំសំរោង ហែអង្គកឋិនទានសាមគ្គីចូលវត្តព្រហូត ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
22-11-2026 14:34
(ព្រៃវែង)៖ លោក សិទ្ធ វិចិត្រ អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយឃុំសំរោង និងលោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំសំរោង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្ត រៀបចំពិធីហែរអង្គកឋិនទានសាមគ្គីចូលកាន់វត្តព្រហូត ស្ថិតក្នុងភូមិព្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង យ៉ាងអធិកអធម និងពោរពេញដោយសទ្ធាជ្រះថ្លា។
ក្នុងឱកាសនោះ លោកបណ្ឌិត ឃួន សុវណ្ណ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយក្នុងនោះវិស័យពុទ្ធចក្រ និងអាណាចក្រតែងដើរទន្ទឹមគ្នាជានិច្ច ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនា។ ពិធីបុណ្យនេះប្រារព្ធឡើងស្របតាមគន្លងព្រះពុទ្ធសាសនា ដើម្បីវេរប្រគេនត្រៃចីវរ និងទេយ្យទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស។
ចំពោះបច្ច័យ និងទេយ្យវត្ថុដែលទទួលបានពីអង្គកឋិនទានសាមគ្គីនេះត្រូវបានប្រគល់ជូនគណៈកម្មការវត្ត ដើម្បីចាត់ចែងកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងទីអារាមឱ្យកាន់តែរីកចម្រើន។ កាយវិការដ៏ប្រពៃនេះមិនត្រឹមតែជាការសន្សំបុណ្យកុសលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងរឹតចំណងសាមគ្គីភាពយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕



















