នគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបររថយន្តដឹកស្រូវ ក្នុងស្រុកថ្មគោល
22-11-2026 15:43
(បាត់ដំបង)៖ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងលោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងកម្លាំងមូលដ្ឋានស្រុកថ្មគោល ចុះអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបររថយន្តដឹកស្រូវ។
យុទ្ធនាការនេះត្រូវបានដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ែម មករា នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងលោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ ដោយបានចុះផ្ទាល់ដល់ទីតាំងរោងចក្រកិនស្រូវ និងកែច្នៃអង្ករ ឡាយសែ ( ក្រុមហ៊ុន CITY RICE IMPORT EXPORT Co., Ltd) ស្ថិតក្នុងស្រុកថ្មគោល។
ក្នុងឱកាសនោះ ក្រុមការងារបានធ្វើការអប់រំណែនាំដល់អ្នកបើកបររថយន្តដឹកស្រូវសរុបចំនួន ៥៥នាក់ ព្រមទាំងបានចែកជូននូវសៀវភៅច្បាប់ចំនួន ១០០ក្បាល, ខិត្តបណ្ណអប់រំ ១០០សន្លឹក, ឯកសារជំនួយស្មារតី ១០០សន្លឹក និងបានបិទស្ទីកឃ័រចំណាំងផ្លាតលើរថយន្តបានចំនួន ៥៥សន្លឹកផងដែរ។
សកម្មភាពនេះជាការក្រើនរំលឹកដល់អ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ និងរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាពសង្គមទាំងមូល៕






































