រួមគ្នាការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈវិធានការងាយៗ ដើម្បីទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño)
23-11-2026 10:15
(ភ្នំពេញ)៖ បាតុភូតធម្មជាតិ អ៊ែលនីញ៉ូ (El Niño) កំពុងបង្កឱ្យមានការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងនៅទូទាំងពិភពលោក តាមរយៈការកើនឡើងនៃកម្ដៅ ភាពរាំងស្ងួត និងកង្វះទឹក ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រចាំថ្ងៃ។
ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ទាំងនេះ ប្រជាពលរដ្ឋគ្រប់រូបអាចអនុវត្តវិធានការងាយៗដូចខាងក្រោម៖
សន្សំសំចៃ និងស្តុកទឹកទុកប្រើប្រាស់៖ បិទក្បាលរ៉ូប៊ីណេ ឱ្យជិតនៅពេលឈប់ប្រើ ជួសជុលទុយោដែលលេចធ្លាយ និងប្រើប្រាស់ទឹកឡើងវិញ (ដូចជាយកទឹកលាងបន្លែទៅស្រោចដំណាំ) ព្រមទាំងត្រៀមធុង ឬពាងសម្រាប់ស្តុកទឹកទុក។
បង្ការ និងទប់ស្កាត់អគ្គិភ័យ និងភ្លើងឆេះព្រៃ៖ ជៀសវាងការដុតសំរាម ដុតស្មៅ ឬដុតព្រៃដើម្បីយកដី ព្រោះអាកាសធាតុក្ដៅស្ងួតងាយនឹងបង្កឱ្យភ្លើងឆេះរាលដាលយ៉ាងលឿន និងបំផ្លាញជម្រកសត្វព្រៃ។
ដាំដើមឈើ និងថែរក្សាគម្របបៃតង៖ ចូលរួមដាំដើមឈើនៅតាមផ្ទះ សាលារៀន ឬសហគមន៍ ដើម្បីជួយស្រូបយកឧស្ម័នកាបូនិក បង្កើតម្លប់ត្រជាក់ និងរក្សាសំណើមដី។
សន្សំសំចៃថាមពលអគ្គិសនី៖ បិទភ្លើង កង្ហារ ឬម៉ាស៊ីនត្រជាក់នៅពេលមិនប្រើប្រាស់ និងកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ឱ្យសមស្រប (ចន្លោះពី ២៥-២៦ អង្សាសេ) ដើម្បីកាត់បន្ថយការបំភាយកម្ដៅទៅក្នុងបរិយាកាស។
កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៖ ញែកសំរាមតាមប្រភេទ និងកាត់បន្ថយការប្រើថង់ប្លាស្ទិក ដើម្បីកុំឱ្យប៉ះពាល់ដល់គុណភាពដី និងប្រភពទឹកធម្មជាតិ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងកាលពីពេលថ្មីៗកន្លងមកនេះ ដើម្បីជំរុញការចូលរួមពីប្រជាពលរដ្ឋទាំងអស់ ដើម្បីអនុវត្តវិធានការការពារ និងឆ្លើយតបនឹងបាតុភូតនៃការប្រែប្រួលអាកាសធាតុ ក្នុងការការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ៕




