Apple គ្រោងបញ្ចេញផលិតផលថ្មីយ៉ាងតិច ៨ ម៉ូដែលនៅដើមឆ្នាំ ២០២៧ រួមមាន iPhone 18 និង MacBook ជំនាន់ថ្មី
23-11-2026 15:25
(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា គ្រោងប្រកាសចេញផលិតផលថ្មីៗជាច្រើននៅអំឡុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២៧ ដែលរួមមាន iPhone 18e, iPhone 18, iPad ស៊េរីមូលដ្ឋានជំនាន់ថ្មី ព្រមទាំង MacBook Neo និង MacBook Air ជំនាន់ថ្មី។ ព័ត៌មាននេះត្រូវបានលើកឡើងដោយលោក Mark Gurman អ្នកសារព័ត៌មានរបស់ Bloomberg នៅក្នុងព្រឹត្តិបត្រព័ត៌មាន Power On ដោយបង្ហាញថា Apple កំពុងត្រៀមការធ្វើឱ្យប្រសើរឡើងនូវផលិតផលសំខាន់ៗរបស់ខ្លួន ដើម្បីបន្តការប្រកួតប្រជែងក្នុងទីផ្សារបច្ចេកវិទ្យា។ នេះបើយោងតាមការចេញផ្សាយ MacRumors នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍ គឺ iPhone 18e និង iPhone 18 អាចនឹងបំពាក់ឈីប A20, RAM ទំហំ 9GB និងថ្មដែលប្រើប្រាស់បានយូរជាងមុន ខណៈ iPad ស៊េរីមូលដ្ឋានថ្មីនឹងប្រើឈីប A19 និងគាំទ្រប្រព័ន្ធបញ្ញាសិប្បនិម្មិត Apple Intelligence។ ចំណែក MacBook Neo ត្រូវបានគេរំពឹងថានឹងបំពាក់ឈីប A19 Pro និង RAM 12GB ព្រមទាំងអាចមានជម្រើសពណ៌ថ្មី ខណៈ MacBook Air ជំនាន់ថ្មីនឹងប្រើឈីប M6 ដែលជាជំនាន់បន្ទាប់នៃបន្ទះឈីបសម្រាប់កុំព្យូទ័រយួរដៃរបស់ Apple។
ជាមួយគ្នានេះ Apple ក៏ត្រូវបានគេរាយការណ៍ថា គ្រោងបង្ហាញផលិតផលបន្ថែមនៅពេលក្រោយក្នុងឆមាសទី១ ឆ្នាំ២០២៧ រួមមាន iPhone Air 2, iPad Air និង iPad Pro ជំនាន់ថ្មី។ ក្នុងនោះ iPhone Air 2 អាចនឹងមានកាមេរ៉ា Ultra Wide, Dynamic Island តូចជាងមុន ថ្មកាន់បានយូរ និង Modem C2 ដែលគាំទ្របច្ចេកវិទ្យា mmWave នៅសហរដ្ឋអាមេរិក ព្រមទាំងផ្តល់ល្បឿនផ្ទុកទិន្នន័យលឿនជាងមុន។ រីឯ iPad Air អាចនឹងប្តូរមកប្រើអេក្រង់ OLED ដែលស្តើង និងស្រាលជាងមុន ខណៈ iPad Pro អាចបំពាក់ឈីប M6 ឬ M7 និងប្រព័ន្ធបញ្ចុះកម្ដៅ Vapor Chamber។
យ៉ាងណាមិញ លោក Mark Gurman មិនទាន់បញ្ជាក់ថា ផលិតផលទាំងអស់នេះនឹងត្រូវប្រកាសក្នុងពេលតែមួយនោះទេ ដោយ iPhone Air 2 និង iPad ជំនាន់ថ្មីៗអាចនឹងបង្ហាញខ្លួននៅចុងខែមីនា ឬក្នុងខែមេសា ឆ្នាំ២០២៧។ គួរបញ្ជាក់ថា ព័ត៌មានទាំងនេះនៅជាការរាយការណ៍ និងការព្យាករណ៍ពីប្រភពព័ត៌មានបច្ចេកវិទ្យា មិនទាន់ជាការប្រកាសផ្លូវការរបស់ Apple នៅឡើយទេ៕













