អភិបាលខេត្តព្រះវិហារ ដឹកនាំមន្ត្រីរាជការ និងពលរដ្ឋ បង្កើតកម្មវិធីសប្បាយៗអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នៅភូមិតាកឹងចងចាំ
23-11-2026 15:45
(ព្រះវិហារ)៖ ស្នាមញញឹម ភាពស្និទ្ធស្នាល និងបរិយាកាសសប្បាយរីករាយ បានបង្កើតជាអនុស្សាវរីយ៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិតាកឹងចងចាំ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមវត្តមានចូលរួមលេងយ៉ាងស្និទ្ធស្នាលពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅក្នុងព្រឹត្តិការណ៍កម្សាន្តនានាក្នុងឱកាសនេះ លោកអភិបាលខេត្ត និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រ ក្នុងបរិយាកាសសាមគ្គីភាព និងភាពសប្បាយរីករាយ។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព សុខុមាលភាពសាធារណៈ បំផុសស្មារតីស្រឡាញ់វិស័យកីឡា និងរឹតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ ជាពិសេសបងប្អូនភៀសសឹក និងគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅក្នុងសហគមន៍ថ្មីនេះ។ ក្នុងនោះ ក៏មានការបំពាក់មេដាយ និងប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីផងដែរ។
ក្រៅពីសកម្មភាពកីឡាលោក គីម រិទ្ធី និងលោកស្រី ព្រមទាំងភ្ញៀវកិត្តិយស បានអញ្ជើញចុះទស្សនាផ្ទះគំរូដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ១០ និងប្រគល់លិខិតសរសើរ ព្រមទាំងរង្វាន់លើកទឹកចិត្តជូនដល់ម្ចាស់ផ្ទះដែលទទួលបានជ័យលាភីផងដែរ។
ការរៀបចំការប្រកួតប្រជែងផ្ទះគំរូនេះ គឺដើម្បីជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ និងថែរក្សាលំនៅឋានរបស់ខ្លួន តាមរយៈការយកចិត្តទុកដាក់លើអនាម័យ បរិស្ថាន ការដាំដំណាំរួមផ្សំនៅជុំវិញផ្ទះ និងការរៀបចំទីធ្លាឱ្យមានសោភ័ណភាពស្រស់ស្អាត ដើម្បីធានាបាននូវការរស់នៅប្រកបដោយផាសុកភាព និងសុខភាពល្អ។
អ្វីដែលកាន់តែធ្វើឱ្យបរិយាកាសមានភាពកក់ក្តៅ និងពោរពេញដោយស្នាមញញឹមទៀតនោះ គឺការចូលរួមរាំលេងកម្សាន្តរបស់លោកអភិបាលខេត្ត និងលោកស្រី ដោយបានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចូលរួមរាំលេងយ៉ាងសប្បាយរីករាយ ក្រោមសំឡេងតន្ត្រី ស្នាមញញឹម និងភាពស្និទ្ធស្នាលបានធ្វើឱ្យពិធីបុណ្យនៅភូមិតាកឹងចងចាំកាន់តែមានភាពអធិកអធមក្រៃលែង។
សកម្មភាពទាំងនេះ មិនត្រឹមតែបង្ហាញពីការចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចែករំលែកភាពរីករាយជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសបងប្អូនដែលបានផ្លាស់ទីមករស់នៅក្នុងទីជម្រកថ្មី។
ពីសកម្មភាពរត់ប្រណាំង ការលើកទឹកចិត្តដល់ការរៀបចំផ្ទះសម្បែង រហូតដល់ការរាំលេងកម្សាន្តជុំគ្នា ការដាល់អំបុក ការដុតក្រឡាន ទាំងអស់នេះបានក្លាយជារូបភាពដ៏កក់ក្តៅមួយ ដែលបង្ហាញថា ទោះបីស្ថិតនៅទីជម្រកថ្មីក៏ដោយ ក្តីសង្ឃឹម សាមគ្គីភាព និងស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិតាកឹងចងចាំ នៅតែបន្តរីកស្គុសស្គាយជានិច្ច៕























































