កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
23-11-2026 18:58
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មាន ធ្វើការតវ៉ាយ៉ាងខ្លាំងជាផ្លូវការបន្ថែមទៀតប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែន។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ អាកាសប្រាផាស សនចឌី នៃប្រទេសថៃ បានដឹកនាំគណៈប្រតិភូមន្ត្រីអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អាគារស៊ីវិលកម្ពុជាចំនួនពីរ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។
ការទស្សនកិច្ចចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនេះដែលបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា គឺជាការប៉ុនប៉ងមួយទៀត ដើម្បីបង្ហាញការទាមទារមិនស្របច្បាប់លើដែនដីអធិបតេយ្យកម្ពុជា ដែលបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់ កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦កងកម្លាំងប្រដាប់អាវុធថៃ ក៏បានសាងសង់លេណដ្ឋានយោធារឹងមាំបន្ថែមមួយទៀតនៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃបន្ទាប់គឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើគ្រឿងចក្រធ្ងន់ឈូសឆាយសាងសង់ផ្លូវ និងបានដឹកជញ្ជូនសសរបេតុង ទៅកាន់ទីតាំងស្ថិតនៅក្នុងតំបន់ខាងលើនេះ។
រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងសកម្មភាពទាំងនេះដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។
សកម្មភាពខាងលើក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចI (វិធានការបន្ទរភាពតានតឹងនៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិ របស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃ បញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះបញ្ឈប់សកម្មភាពជាឯកតោភាគីហើយត្រូវធ្វើការ ដើម្បីបន្ធូរភាពតានតឹងបង្កើតទំនុកចិត្តគ្នាទៅវិញទៅមករក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថាខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕








