ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលជាគំនិចផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រែមុខមាត់ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ (Video Inside)
24-11-2026 09:52
(ពោធិ៍សាត់)៖ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលជាគំនិចផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អតីតយុទ្ធជន និងនិវត្តជន ដែលបានលះបម្រើជាតិមាតុភូមិ ពេលនេះបានប្រែមុខប្រែមាត់ក្លាយជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ ជាមួយធម្មជាតិព្រៃភ្នំដីដ៏ស្រស់ស្អាត ហើយក៏ជាទឹកដីដ៏អំណោយផលផ្នែកកសិកម្ម ដែលពីមុនមិនមានអ្នកណាចាប់អារម្មណ៍ និងមកដល់ទីនេះនោះទេ។
នេះបើតាមការបញ្ជាក់របស់លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ក្នុងកម្មវិធីបើកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ក្រោមប្រធានបទ «យុវជនស្រឡាញ់សន្តិភាព និងការកសាងសមត្ថភាព បំណិនសតវត្សទី២១» ដែលប្រព្រឹត្ដទៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
នាឱកាសនោះ លោក ខូយ រី ដា សូមសម្តែងនូវការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសម្រេចយកខេត្តពោធិ៍សាត់ ធ្វើជាទីតាំងសម្រាប់បោះជំរំយុវជន
កាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ ហើយជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំកម្លាំងមនុស្សធម៌ ការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ព្រមទាំងការបណ្តុះបណ្តាល និងលើកកម្ពស់តួនាទីរបស់យុវជនកាកបាទក្រហមកម្ពុជា ឱ្យក្លាយជាកម្លាំងស្ម័គ្រចិត្តវ័យក្មេងប្រកបដោយសមត្ថភាព សីលធម៌ និងមានឆន្ទៈជាអ្នកដឹកនាំវ័យក្មេង ប្រកបដោយបរិយាបន្ន នវានុវត្តមនុស្សធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ និងអនាគតរុងរឿងរបស់ប្រទេសជាតិ។
ជាមួយគ្នានេះលោកក៏សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងការថ្លែងអំណរគុណចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការបោះជំរំនាពេលនេះ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់
លោកជំទាវបណ្ឌិត គឺជាការលើកទឹកចិត្តដ៏ធំធេងដល់យុវជនកាកបាទក្រហមកម្ពុជា និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យចលនាយុវជនមនុស្សធម៌កាន់តែមានភាពរស់រវើក និងមានប្រសិទ្ធភាព។
សូមជម្រាបថាពិធីបោះជំរំនេះបានធ្វើឡើង រយៈពេល ៣យប់ ៤ថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលខេត្ត និងគណៈកម្មាធិការសាខាទាំង៩ ព្រមទាំងភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាមកពី ២៥ សាកលវិទ្យាល័យ ក្លឹបនៅរាជធានីភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា នៃ៩សាខា។
ការបោះជំរំនេះដើម្បីជាការប្រមូលផ្តុំយុវជនកាកបាទក្រហមកម្ពុជា ពីសាខាកាកបាទក្រហមកម្ពុជា និងគ្រឹះស្ថាន ឧត្ដមសិក្សាក្នុងរាជធានីភ្នំពេញ មកស្នាក់នៅរួមគ្នាចែករំលែកចំណេះដឹង ដកស្រង់បទពិសោធន៍ រៀនសូត្រ ពីគ្នាទំនាក់ទំនងគ្នា បង្កើតគំនិតថ្មីប្រកបដោយនវានុវត្តន៍ក្នុងការលើកកម្ពស់សេវាកម្មស្ម័គ្រចិត្ត ការកសាង និងរក្សាសន្តិភាព ភាពជាអ្នកដឹកនាំ ការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងស្វែងរកដំណោះស្រាយចំពោះបញ្ហា ប្រម សកលថ្មីៗ ដូចជា ការប្រែប្រួលអាកាសធាតុ ការបង្ការជំងឺឆ្លង-មិនឆ្លង និងភាពធន់របស់សហគមន៍។
កម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា គឺរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព ចែករំលែកចំណេះដឹង ដកស្រង់បទពិសោធ ទំនាក់ទំនងគ្នា ការលើកកម្ពស់សេវាកម្មស្ម័គ្រចិត្ត ការកសាង-រក្សាសន្តិភាព ភាពជាអ្នកដឹកនាំ បង្កើតគំនិតថ្មីប្រកបដោយនវានុវត្តន៍ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសកលថ្មីៗ មានជាអាទិ៍ ការប្រែប្រួលអាកាសធាតុ ការបង្ការជំងឺឆ្លង-មិនឆ្លង និងភាពធន់របស់សហគមន៍៕
































































