* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងទំនុកចិត្តប្រជាជន

24-11-2026 10:57

(ចិន)៖ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន (SOMRI) របស់កម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦​បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះក្នុងវេទិកាពិភាក្សាតុមូលស្តីពី «កិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយភាពច្បាស់លាស់ និងតួនាទីរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន» ក្នុងវេទិកាសប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៦ (ASEAN-China Week 2026) ដែលរៀបចំឡើងនៅទីក្រុងឆុងឈីង។

ថ្លែងក្នុងឱកាសនោះ លោក ប្រាក់ ថាវអមិដា បានគូសរំលេចថា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់បំផុត ដោយសារជាខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងខួបលើកទី១៥ នៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន។

ប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន (SOMRI) របស់កម្ពុជា បានបញ្ជាក់ជំហរថា កម្ពុជាផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់ ដោយឈរលើគោលការណ៍នៃការគោរពគ្នា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងមជ្ឈភាពអាស៊ាន។

ក្នុងបរិការណ៍ដែលស្ថានភាពអន្តរជាតិកំពុងមានភាពស្មុគស្មាញ ប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន (SOMRI) របស់កម្ពុជា បានបញ្ជាក់ពីភាពចាំបាច់នៃការប្រែក្លាយភាពជាដៃគូឱ្យទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន តាមរយៈទស្សនៈយុទ្ធសាស្ត្រចំនួន៤ ចំណុចដូចខាងក្រោម៖

ទី១. ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយបរិយាបន្ន៖ មជ្ឈមណ្ឌលអាស៊ាន-ចិន គួរដើរតួនាទីជាស្ពានតភ្ជាប់រវាងស្ថាប័នរដ្ឋ វិស័យឯកជន សាកលវិទ្យាល័យ អង្គភាពសារព័ត៌មាន និងសហគមន៍មូលដ្ឋាន។ កិច្ចសហប្រតិបត្តិការនេះត្រូវផ្តោតលើការអភិវឌ្ឍធនធានមនុស្ស បរិវត្តកម្មឌីជីថល វប្បធម៌ ទេសចរណ៍ និងការគាំទ្រដល់សហគ្រាសខ្នាតតូច ព្រមទាំងស្ថាប័នដែលមានធនធានមានកម្រិត ឱ្យទទួលបានឱកាសអភិវឌ្ឍន៍ស្មើភាពគ្នា។

ទី២. វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាមូលដ្ឋានគ្រឹះនៃការកសាងទំនុកចិត្តសាធារណៈ៖ ការផ្សារភ្ជាប់ដ៏រឹងមាំ ទាមទារឱ្យមានព័ត៌មានពិត និងអាចទុកចិត្តបាន។ កម្ពុជាលើកទឹកចិត្តឱ្យមានការពង្រីកការផ្លាស់ប្តូរវិជ្ជាជីវៈរវាងអ្នកសារព័ត៌មាន និពន្ធនាយក អ្នកផ្សព្វផ្សាយ និងមន្ត្រីទំនាក់ទំនងសាធារណៈ តាមរយៈវគ្គបណ្តុះបណ្តាលស្តីពីសារព័ត៌មានឌីជីថល ជំនាញផ្ទៀងផ្ទាត់ព័ត៌មាន ការផលិតសោតទស្សន៍ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ។ ការបង្កើនអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ នឹងជួយសង្គមឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះព័ត៌មានក្លែងក្លាយ ដោយឈរលើការគោរពសេរីភាពបញ្ចេញមតិ ក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់នៃប្រទេសនីមួយៗ។

ទី៣. ការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរវប្បធម៌៖ ភាពរឹងមាំយូរអង្វែងនៃទំនាក់ទំនងអាស៊ាន-ចិន គឺអាស្រ័យលើសុឆន្ទៈ និងការយល់ដឹងរបស់ប្រជាជន ជាពិសេសស្រទាប់យុវជន។ មជ្ឈមណ្ឌលគួរជំរុញការផលិតភាពយន្តឯកសាររួមគ្នា ដំណើរទស្សនកិច្ចផ្លាស់ប្តូរសារព័ត៌មាន កម្មវិធីសិក្សា និងមាតិកាឌីជីថលពហុភាសា ដើម្បីឆ្លុះបញ្ចាំងពីភាពចម្រុះនៃវប្បធម៌ និងបទពិសោធន៍អភិវឌ្ឍន៍របស់ប្រជាជនក្នុងតំបន់។

ទី៤. ការធានានិរន្តរភាពរវាងកិច្ចសន្ទនា និងការអនុវត្តជាក់ស្តែង៖ ដើម្បីឱ្យគោលនយោបាយចេញជាលទ្ធផលរូបវន្ត មជ្ឈមណ្ឌលអាចចាប់ផ្តើមអនុវត្តគម្រោងសាកល្បងសំខាន់ៗ រួមមាន កម្មវិធីផ្លាស់ប្តូរអ្នកសារព័ត៌មានអាជីព គម្រោងនិទានរឿងរួមគ្នា និងគំនិតផ្តួចផ្តើមផ្តល់ព័ត៌មានតភ្ជាប់សហគ្រាសខ្នាតតូចទៅនឹងទីផ្សារ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន និងយន្តការតាមវិស័យពាក់ព័ន្ធ។

ជាកិច្ចបញ្ចប់ លោក ប្រាក់ ថាវអមិដា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន ក្នុងនាមជាស្ពានមិត្តភាពដ៏រឹងមាំ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌល រដ្ឋសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីកសាងសហគមន៍មួយដែលមានសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នា៕