អគារសិក្សាចំនួន២ខ្នង ១០បន្ទប់ តម្លៃជាង១៨ម៉ឺនដុល្លា នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ជំនួយសប្បុរសជន និងក្រុមហ៊ុនជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់
24-11-2026 13:31
(ឧត្តរមានជ័យ)៖ អគារសិក្សាចំនួន២ខ្នង ១០បន្ទប់ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាជំនួយឧបត្ថម្ភពីសប្បុរសជន និងក្រុមហ៊ុនជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីនេះស្ថិតក្រោមវត្តមានលោក រិទ្ធី ប៉ាក់ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត ដោយមានការចូលរួមពី លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក ផុន ចាន់និល អភិបាលក្រុងសំរោង, លោកយាយ កូបាយ៉ាស៊ី ហ្វូជីកុ (Mrs. KOBAYASHI FUJIKO) តំណាងអង្គការ ស៊ូមីតា ស្កូឡាស៊ីប ហ្វានដេសិន ខេមបូឌា (Sumita Scholarship Foundation Cambodia - SSFC), លោក អូអេ មីតស៊ូម៉ាសា (Mr. OHE MITSUMASA) តំណាងក្រុមហ៊ុន OHE ELECTRIC CORPORATION Co., Ltd ព្រមទាំងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
អគារសិក្សាថ្មីទាំង ២ខ្នង ១០បន្ទប់នេះ សាងសង់អំពីថ្មប្រក់ក្បឿង ចំណាយថវិកាសរុបចំនួន ១៨២,០០០ ដុល្លារអាមេរិក ដែលជាអគារទី៣ និងទី៤ នៅក្នុងសាលាបឋមសិក្សាសំរោង។ គិតចាប់ពីឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន អង្គការ SSFC ក្រុមហ៊ុន OHE ELECTRIC CORPORATION និងសប្បុរសជនជប៉ុន បានផ្តល់អគារសិក្សានៅសាលារៀននេះសរុបចំនួន ៤ខ្នង ស្មើនឹង ២០បន្ទប់ គិតជាថវិកាសរុប ៣២២,០០០ដុល្លារអាមេរិក។
ក្រៅពីការសាងសង់អគារ អង្គការក៏បានសហការជាមួយអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ដើម្បីបំប៉នបច្ចេកទេសបង្រៀន ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការផលិតសម្ភារៈសិក្សាដល់លោកគ្រូ-អ្នកគ្រូផងដែរ។
ថ្លែងក្នុងឱកាសនោះលោក រិទ្ធី ប៉ាក់ អភិបាលរងខេត្តឧត្តរមានជ័យ បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន ក្រុមហ៊ុន និងសប្បុរសជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់គាំទ្រវិស័យអប់រំនៅខេត្តឧត្តរមានជ័យ។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០១៣ មក ភាគីជប៉ុនបានជួយសាងសង់អគារសិក្សានៅទូទាំងខេត្តសរុបចំនួន ១៩ខ្នង ស្មើនឹង ៧០បន្ទប់ រួមទាំងការបំពាក់សម្ភារៈសិក្សា និងកីឡាជាច្រើនទៀត។
ទន្ទឹមនឹងការទទួលបានសមិទ្ធផលថ្មីនេះ លោកអភិបាលរងខេត្តឧត្តរមានជ័យ ក៏បានថ្លែងផ្តាំផ្ញើ និងដាក់ចេញនូវសំណូមពរសំខាន់ៗមួយចំនួនដល់ភាគីពាក់ព័ន្ធ រួមមាន៖
*គណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូ៖ ត្រូវបន្តអភិវឌ្ឍសមត្ថភាព ស្រាវជ្រាវវិធីសាស្ត្របង្រៀនថ្មីៗ ថែរក្សាអនាម័យ និងបរិស្ថានបៃតងក្នុងសាលារៀនឱ្យបានស្អាតជានិច្ច ព្រមទាំងបញ្ជ្រាបការអប់រំអំពីច្បាប់ចរាចរណ៍ និងគ្រោះថ្នាក់នៃគ្រឿងញៀនដល់សិស្សានុសិស្ស។
*សិស្សានុសិស្ស៖ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ រក្សាអនាម័យខ្លួនប្រាណ ស្តាប់ដំបូន្មានមាតាបិតា និងលោកគ្រូ-អ្នកគ្រូ ដើម្បីក្លាយជាសិស្សពូកែ និងជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ។
*មាតាបិតា និងអាណាព្យាបាល៖ ត្រូវសហការជិតស្និទ្ធជាមួយសាលារៀន និងជំរុញកូនចៅឱ្យមកសិក្សាបានទៀងទាត់។
ជាមួយគ្នានេះដែរលោក រិទ្ធី ប៉ាក់ ក៏បានស្នើសុំឱ្យអង្គការ SSFC ក្រុមហ៊ុន និងសប្បុរសជនជប៉ុន បន្តជួយពង្រីកគម្រោងសាងសង់អគារសិក្សាបន្ថែមទៀត នៅតាមបណ្តាសាលារៀននានាក្នុងខេត្តឧត្តរមានជ័យ ដើម្បីឆ្លើយតបទៅនឹងកំណើនសិស្សជារៀងរាល់ឆ្នាំ និងជំនួសអគារសិក្សាចាស់ទ្រុឌទ្រោមមួយចំនួន៕































