វត្តក្រាំងដូង រៀបចំពិធីដាល់អំបុកសាមគ្គី អកអំបុក និងបង្ហោះគោម អបអរព្រះរាជពិធីបុណ្យអុំទូក (Photo inside)
24-11-2026 21:47
(កំពត)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលបានរៀបចំឡើងរយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ឆឹង ចែត មេឃុំសំរោងក្រោម និងព្រះចៅអធិការវត្តក្រាំងដូង ដែលស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀបចំពិធីដាល់អំបុកសាមគ្គី អកអំបុក និងបង្ហោះគោម ដោយមានការចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយស្នាមញញឹម និងបរិយាកាសសប្បាយរីករាយ។
ក្នុងឱកាសនោះ ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បានរួមគ្នារៀបចំពិធីដាល់អំបុកតាមបែបប្រពៃណី ដោយមានការចូលរួមយ៉ាងសកម្មពីមនុស្សគ្រប់វ័យ។ ការដាល់អំបុកសាមគ្គីនេះ មិនត្រឹមតែជាសកម្មភាពមួយសម្រាប់អបអរពិធីបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីសាមគ្គីភាព ការរួបរួម និងការចែករំលែកក្នុងសហគមន៍ផងដែរ។
ក្រៅពីសកម្មភាពដាល់អំបុក អ្នកចូលរួមក៏បានអកអំបុករួមគ្នា ដើម្បីរំលឹកដល់ទំនៀមទម្លាប់ប្រពៃណីខ្មែរដែលមានតាំងពីបុរាណកាលមក។ ទន្ទឹមនឹងនេះ ការបង្ហោះគោមនៅពេលរាត្រី ក៏បានបន្ថែមនូវភាពស្រស់ស្អាត និងបរិយាកាសអធិកអធមដល់ពិធី ដោយពន្លឺគោមដែលហោះឡើងលើផ្ទៃមេឃ បានបង្កើតជាទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ និងនាំមកនូវភាពរីករាយដល់ប្រជាពលរដ្ឋដែលបានចូលរួម។
សកម្មភាពទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ក្នុងការចូលរួមថែរក្សា និងលើកកម្ពស់ប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងបង្កើនចំណងសាមគ្គីភាពរវាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងរឹងមាំ។
តាមរយៈការរៀបចំពិធីនេះ ក៏ជាឱកាសដ៏មានអត្ថន័យក្នុងការបណ្តុះស្មារតីដល់កូនចៅជំនាន់ក្រោយ ឱ្យស្គាល់ ស្រឡាញ់ និងចូលរួមបន្តថែរក្សាមរតកប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ ឱ្យបានគង់វង្សតរៀងទៅផងដែរ៕





























