* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

25-11-2026 07:13

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គឺមានរយៈពេល២១ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូទៀតផង ដែលនេះជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។

ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។

ល្ខោនស្បែកធំ គឺជាសិល្បៈមួយមានប្រវត្តិនៅពេលព្រហ្មសាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែង ជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។

រូបចម្លាក់ស្បែកនេះ ត្រូវគេឆ្លាក់ចេញពីស្បែកសត្វធំៗ ដូចជាស្បែកសត្វគោ ឬក្របីដែលត្រូវបានគេហាលឲ្យស្ងួត និងយកទៅជ្រលក់ពណ៌ជាមួយធាតុផ្សំ ដែលបានមកពីសម្បកដើមកណ្ដោល។ ក្រោយពីឆ្លាក់ និងលាបពណ៌រួច គេយកវាចងភ្ជាប់នឹងបន្ទះឬស្សីពីរដើម ដើម្បីឲ្យគេអាចកាន់ និងបង្វិលផ្ទាំងរូបនោះ នៅពេលសម្តែង។

ល្ខោនស្បែកធំនេះ ជាប្រភេទល្ខោនស្រមោល គេតែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាលដែលមានបរិវេណធំទូលាយ ដូចជានៅវាលស្រែ និងទីវត្តអារាម ហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ។ ក្រៅពីផ្ទាំងឆ្លាក់ពីស្បែក និងក្រណាត់ស គេត្រូវប្រើភ្លើងដើម្បីជះ ទៅលើផ្ទាំងក្រណាត់ស នៅសម័យដើមគេយកចន្លុះ ឬត្រឡោកដូង មកដុតជាភ្លើង។

ដោយឡែកសព្វថ្ងៃ គេយកអំពូលអគ្គីសនី ឬប្រើម៉ាស៊ីន LCD Projector ដើម្បីបញ្ចាំងស្រមោលផ្ទាំងស្បែកឲ្យទៅប៉ះនឹងផ្ទាំងក្រណាត់ស។ ការសម្តែងសិល្បៈនេះ ត្រូវអមជាមួយនឹងការប្រគំភ្លេងខ្មែរដូចជា វង់ភ្លេងពិណពាទ្យ និងការនិទានរឿង ឬពោលប្រាប់រឿង។ ការប្រគំវង់ភ្លេង និងពោលប្រាប់រឿងបែបនេះ ធ្វើឲ្យបរិយាកាសនៃការសម្តែងកាន់តែមានភាពរស់រវើកស្រស់ត្រកាល និងកាន់តែជាទីចាប់អារម្មណ៍ពីទស្សនិជន៕